The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ក្រុង​សំរោ​គ្រោង​កោះហៅ​ពលរដ្ឋ ​ដែល​កាប់ទន្រ្ទាន​ដីព្រៃ​របស់​រដ្ឋ​ជាង​ ១០០ ហិកតា ​មកប្រជុំ មុន​នឹង​ចាត់ការ​ច្បាប់

អាជ្ញាធរ​ក្រុង​សំរោ​គ្រោង​កោះហៅ​ពលរដ្ឋ ​ដែល​កាប់ទន្រ្ទាន​ដីព្រៃ​របស់​រដ្ឋ​ជាង​ ១០០ ហិកតា ​មកប្រជុំ មុន​នឹង​ចាត់ការ​ច្បាប់

Content image - Phnom Penh Post
ទីតាំងដី ដែលត្រូវបានកាប់ទន្រ្ទាន នៅសង្កាត់អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។ រូបថត ហ្វេសប៊ុក

អាជ្ញាធរ​ក្រុង​សំរោ​គ្រោង​កោះហៅ​ពលរដ្ឋ ​ដែល​កាប់ទន្រ្ទាន​ដីព្រៃ​របស់​រដ្ឋ​ជាង​ ១០០ ហិកតា ​មកប្រជុំ មុន​នឹង​ចាត់ការ​ច្បាប់

ឧត្តរមានជ័យៈ អាជ្ញាធរ​ក្រុង​សំរោង ​នៃ​ខេត្ត​ឧត្តរ​មានជ័យ​ គ្រោង​កោះហៅ​ប្រជាពលរដ្ឋ​ដែលទៅ​កាប់ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ ទំហំ​ជាង​១០០ហិកតា ​ធ្វើ​ជា​កម្ម​សិទ្ធិ ​ដោយ​ខុសច្បាប់​នៅ​ចំណុច​អូរ​ពីរ​ ភ្នំ​គីងគក់ ​ភូមិ​រួតចំប៉ី ​សង្កាត់​អូរស្មាច់ ​មកប្រជុំ ​និង​រក​ដំណោះស្រាយ ​មុន​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់។

លោក​អ៊ុន សុភ័ក្រ ​អភិបាល​ក្រុង​សំរោង ​ថ្លែង​នៅ​ថ្ងៃទី១៥ ​ខែធ្នូ​ថា ​ចំពោះ​បញ្ហា​ប្រជាពលរដ្ឋ​ចូលទៅ​ទន្ទ្រាន​ដីរដ្ឋ​ នៅ​ចំណុច​អូរ​ពីរ ​ភ្នំ​គីងគក់​ ភូមិ​រួតចំប៉ី ​សង្កាត់​អូរស្មាច់ ​បោះ​ព្រំ​ចែកគ្នា ​ហើយ​កើត​ជាជម្លោះ ​ដែល​អាជ្ញាធរ​សង្កាត់​ណែនាំ​មិនស្តាប់​នោះ ​អាជ្ញាធរ​ក្រុង​គ្រោង​នឹង​កោះ​ហៅ​មក​ប្រជុំ ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​សភាព​ជាក់ស្តែង ​មុននឹង​មាន​វិធានការ​ច្បាប់។ អាជ្ញាធរ​ក្រុង ​នឹង​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​យក​ឯកសារ​ផ្លូវច្បាប់​ដែល​ខ្លួន​បានកាន់​កាប់​មក​បង្ហាញ ​ដើម្បី​មន្ត្រី​ជំនាញ​ពិនិត្យ​មើល ​និង​ធ្វើការ​ដោះ​ស្រាយ។

លោក​ថ្លែងថា​៖«មិន​ថា​បុគ្គល​នោះ​ជានរណា​ទេ ​បើសិនជា​យើង​រកឃើញ​កំហុស​យើង​នឹង​ចាត់​វិធានការ​ទៅតាម​សភាព​ជាក់​ស្តែង»។

ទោះ​យ៉ាណា ​លោក​អ៊ុន សុភ័ក្រ ​មិនបាន​បញ្ជាក់​ពេលវេលា​ច្បាស់លាស់​ ពី​ការកោះហៅ​ប្រជាពលរដ្ឋ ​និង​ចំនួន​ពលរដ្ឋ​ប៉ុន្មាន​នាក់​ ដែល​ពាក់​ព័ន្ធ​ក្នុង​ការទន្ទ្រាន​ដី​រដ្ឋ​នៅ​ចំណុច​នោះ ​មក​ប្រជុំ​នៅ​ពេល​ណា​ប្រាកដ​ឡើយ។​ ព្រោះ​មាន​បញ្ហា​ជាច្រើន​ដែល​អាជ្ញាធរ​ក្រុង​កំពុង​មមាញឹក​ក្នុង​ការ​ដោះ​ស្រាយ ​ក្នុងនោះ​មាន​បញ្ហា​ខ្លះ​ត្រូវ​ដោះស្រាយ​បន្ទាន់ ​និង​ទៅតាម​លំដាប់​លំដោយ។ ប៉ុន្តែ​ចំពោះ​បញ្ហានេះ ​លោក​អភិបាល​ក្រុង ​បញ្ជាក់ថា​ ត្រូវតែ​ធ្វើការ​ដោះ​ស្រាយ​និង​មិនទុក​ឱ្យ​ជនខិលខូច​បន្ត​ទន្ទ្រាន​ដីរដ្ឋ​ទៀត​នោះ​ទេ។

លោក​ថ្លែងថា​៖«យើង​មិនមែន​មាន​តែរឿង​ហ្នឹង​មួយ​ទេ ​ដែល​ត្រូវ​ដោះ​ស្រាយ។ រឿង​ខ្លះ​ទៀត​ ប្រជាពលរដ្ឋ ​គាត់​មាន​តម្រូវការ​បន្ទាន់​ភ្លាមៗ ​យើង​ត្រូវ​ធ្វើការ​ងារ​ហ្នឹង​មុន​សិន ​ហើយ​យើង​ក៏មិន​ព្រហើយ​ដែរ ​ចំពោះ​រឿងនេះ​យើង​ត្រូវតែ​ធ្វើការ​ដោះស្រាយ។ មិន​បណ្តោយ​ឱ្យ​ជនខិលខូច​បំផ្លាញ​ ឬ​រំលោភ​យក​ទ្រព្យសម្បត្តិ ​ក្នុង​ករណី​ដែល​យើង​សិក្សា​មើល​ទៅ​ឃើញ​ថា ​អា​ហ្នឹង​ វា​ជាដី​រដ្ឋ​នោះ​ទេ»។

លោក​អ៊ុក ប៊ុនហេង ​ចៅ​សង្កាត់​អូរ​ស្មាច់​ថ្លែង ​នៅ​ថ្ងៃទី១៥​ ធ្នូ​ ថា ​ចំពោះ​ដីរដ្ឋ​ចំនួន​ជាង​១០០ហិកតា​នោះ​ ការពិត​ទីតាំង​មាន​ទំនាស់​ គឺ​មានតែ​ប្រមាណ​២០ហិកតា​ប៉ុណ្ណោះ។ ដីរដ្ឋ​នៅ​ចំណុច​អូរ​ពីរ ​ភ្នំ​គីងគក់ ​ភូមិ​រួតចំប៉ី ​សង្កាត់​អូរស្មាច់ ​ក្រុង​សំរោង​ ជា​ដី​ព្រៃឈើ​របស់​រដ្ឋ​ប្រភេទ​ដី​ចំណី​អូរ​ បឹង ​ជ្រោះ ​និង​ភ្នំ ​ដែល​អាជ្ញាធរ​មិនអាច​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​បាន​ទេ។

លោក​ថ្លែងថា​៖«វា​ជាដី​ជ្រលង​ដងអូរ ​យើង​អត់មាន​សិទ្ធិ​ធ្វើបណ្ណ​កម្មសិទ្ធិ​អីឱ្យ​គាត់​បាន​ទេ ​ហើយ​ពលរដ្ឋ​ចេះតែ​ទៅ​កាប់​រុករាន​ខុស​ច្បាប់ ​ព្រោះ​គាត់​មាន​ដី​នៅ​ក្បែរ​នោះ»។

បើ​តាម​លោក​ចៅសង្កាត់​អូរស្មាច់ ​ដី​នៅ​ទីនោះ ​ពលរដ្ឋ​បានឈ្លោះ​ដណ្តើម​គ្នា​យូរ​ណាស់​មក​ហើយ ​ប៉ុន្តែ​អាជ្ញាធរ​សង្កាត់​ចុះ​ទៅ​ហាម​ឃាត់​មិន​ស្តាប់។ បញ្ហា​ដីធ្លី​នៅ​ទីនោះ​បន្ត​មក​តាំងពី​ចៅសង្កាត់​ចាស់ ​ដែល​ធ្លាប់​មាន​ការចេញ​ឯកសារ​ឱ្យ​ពលរដ្ឋ​មួយចំនួន ​និង​មួយ​ចំនួន​ទៀត​មិន​មាន។ ទោះយ៉ាង​ណា ​លោក​បញ្ជក់ថា ​ក្រោយ​ពេល​លោក​ឡើង​កាន់​តំណែង​ជាចៅ​សង្កាត់ ​គឺ​មិនធ្លាប់​ចេញ​ឯកសារ​បញ្ជាក់​ជូន​បុគ្គល​ណា​ឡើយ។

លោក​បញ្ជាក់ថា​៖«នៅ​ទីតាំង​ទំនាស់​ហ្នឹង ​គាត់​បាន​ដាំចេក ​ដាំស្វាយ ​ហើយ​ឈ្លោះគ្នា​កាប់បំផ្លាញ​ដំណាំ​គ្នា ​ទៅវិញ​ទៅ​មក។ ហៅ​មក​ដោះ​ស្រាយ​៣ដង ​គាត់​មិន​សុខ​ចិត្ត ​ហើយ​បានទៅ​ប្តឹង​តុលាការ​ទៀត ​រហូត​ដល់​អ្នកខ្លះ​ទៅ​ប្តឹង​អាជ្ញាធរ​ទៀត ​ថា ​អាជ្ញាធរ​មិនធ្វើ​ប្លង់​ឱ្យ»។

លោក​លៀង ប៊ុនធូ ​ប្រជាពលរដ្ឋ​ក្នុង​បញ្ហា​ដីធ្លី​នេះ ​បានអះអាង​ថា ​លោក​បានធ្វើការ​កាប់រាន​ដី​ព្រៃ​នៅ​ទីនោះ ​តាំងពី​ឆ្នាំ២០០៤ ​មក​ម្លេះ ​ប៉ុន្តែ​នៅពេល​ដឹងថា ​ដី​នៅ​តំបន់​នេះ​មាន​តម្លៃ ​ក៏​ស្រាប់តែ​ឃើញ​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរស្មាច់ ​យក​ត្រាក់ទ័រ ​មក​ឈូក​ឆាយ ​កាប់​ទន្ទ្រាន​ដីព្រៃ ​និង​បោះ​បង្គោល​ព្រំ​របង ​រំលោភ​មកលើ​ដី​ពួកគាត់​ ដោយ​សម្អាង​ថា ​ដី​មាន​ប្លង់​ត្រឹម​ត្រូវ។​

លោក​ប៊ុនធូ​ប្រាប់ថា ​ធ្លាប់​បាន​ទៅសុំ​ធ្វើប្លង់​កម្មសិទ្ធិ ​ប៉ុន្តែ​អាជ្ញាធរ​មិនយល់​ព្រម ​បែរជា​ដី​ដែលនៅ​ជាប់​ក្បែរ​នោះ​បែរជា​មាន​ប្លង់​ទៅ​វិញ​។ លោក​ថា​ មាន​ប្រជាពលរដ្ឋ​នៅទី​នោះ​ជាច្រើន​គ្រួសារ​ទៀត​ទន្ទ្រាន​លើ​ដី​ចំណី​អូរ​របស់​រដ្ឋ ​ដោយ​កន្លែង។ អ្នកខ្លះ​មាន​ប្លង់​និង​ខ្លះទៀត​មិនមាន​ប្លង់ ​ក្នុង​នោះ​ក៏​មាន​គ្រួសារ​កងទ័ព​ផង​ដែរ។

លោក​និយាយថា​៖«ដំបូង​ខ្ញុំ​ភ័យ​ដែរ ​ឃើញ​គេ​មាន​ប្លង់​មាន​អី ​ប៉ុន្តែ​ក្រោយមក​ទើប​ដឹងថា ​ប្លង់​គេ​ធ្វើខ្លួន​ឯង ​ទើប​លែង​សូវភ័យ ​ហើយ​ឥឡូវ​ស្ងាត់​ទៅៗ​រង់ចាំ​មើល​ក្រុង​គេ​ដោះស្រាយ ​ប៉ុន្តែ​ដីកា ​ឬ​លិខិត​អញ្ជើញ​អី​អត់​ទាន់​ឃើញ»។

លោក​និត សុវណ្ណារ៉ា ​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរស្មាច់ ​អះអាងថា ​ដី​នៅ​តំបន់​ទីនោះ​លោក​បាន​កាន់កាប់​តាំងពី​ឆ្នាំ២០០៤ ​និង​បានប្រគល់​ឱ្យ​កូន​នៅ​ឆ្នាំ២០១៤ ​ដោយ​មាន​អាជ្ញាធរ​សង្កាត់​ចេញ​ឯកសារ​កាន់កាប់​ត្រឹមត្រូវ​តាម​ច្បាប់ ​ហើយថា ​លោក​មិនបាន​កាប់រាន​ទន្ទ្រាន​ដី​ចំណី​អូរ​របស់​រដ្ឋ​នោះ​ទេ។ ប៉ុន្តែ​អ្នកល្មើស​មក​រំលោភ​បំពាន​យក​ដី​របស់​លោក ​ដោយ​ដាំចេក ​ទើប​លោក​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ ដើម្បី​ដោះស្រាយ​គ្នា ​ទៅតាម​ផ្លូវច្បាប់​តែម្តង ​ដោយ​មិនបាន​ប្តឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឱ្យ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ​ទេ។​

លោក​ថ្លែងថា​៖«យើង​តស៊ូ​ផ្លូវច្បាប់​ឱ្យ​វែកញែក​រកខុស​រកត្រូវ​ឱ្យ ​ហើយ​គាត់​ធ្វើ​អី​ធ្វើ​ទៅ។ បើ​គាត់​នៅតែ​ដាំ ​នៅតែ​បន្ត​ទន្ទ្រាន​មក​ដី​ខ្ញុំ​ទៀត​ ក៏ធ្វើ​ទៅ​ សំខាន់​ឯកសារ​ផ្លូវ​ច្បាប់»៕

អត្ថបទគួរចាប់អារម្មណ៍