កំពតៈ កម្លាំង​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​បង្ក្រាប​ចាប់​សត្វ​ក្រួច​បង្កក​ចំនួន`៣,២តោន ដែល​ត្រូវបាន​គេ​លួច​ដឹក​ នាំចូល​ពី​ប្រទេស​វៀតណាម​ តាម​ច្រករបៀង​មួយ ក្បែរ​ច្រក​ព្រែក​ចាក ក្នុង​ស្រុក​កំពង់ត្រាច ខេត្តកំពត ដោយ​ខុសច្បាប់។

លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន​សុខភាព​សត្វ និង ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រតិបត្តិ​ការបង្ក្រាប​ ក​រ​ណី​ដឹកជញ្ជូន​សត្វ​ក្រួច​បង្កក ៣,២តោន នាំចូល​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​នេះ បានធ្វើ​ឡើង ​កាលពី​រសៀល​ថ្ងៃ​​ទី​១៣​ធ្នូ​ នៅ​ចំណុច​ភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល បន្ទាប់ពី​ក្រុមការងារ​របស់លោក បាន​ចុះ​ស្រាវជ្រាវ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពត ហើយ​បាន​ប្រទះឃើញ​រថយន្ត​មួយគ្រឿង ​សង្ស័យ​មាន​ផ្ទុក​ផលិតផល​សត្វ​ពី​ប្រទេស​វៀតណាម បាន​បើក​ឆ្លង​ចូល​មកក្នុង​ប្រទេស​កម្ពុ​ជា តាម​ច្រករបៀង​មួយ​ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ខេត្តកំពត សំដៅ​ឆ្ពោះទៅកាន់ ខេត្តកណ្ដាល។

លោក​ថ្លែងថា៖«ក្រោយពី​មានការ​សង្ស័យ ក្រុមការងារ​របស់​យើង ​ក៏បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល និង​ពី​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ជួយ​ស្ទាក់ចាប់​ត្រួត​ពិនិត្យ​រថយន្ត​ដឹកទំនិញ​ដែល​គួរ​ឱ្យ​សង្ស័យ​នោះ»។

បើតាម​លោក​សារ៉ាត់ បន្ទាប់ពី​ឃាត់​រថយន្ត​សង្ស័យ​បាន​ហើយ​នោះ ក្រុម​កម្លាំង​សមត្ថកិច្ច ​ក៏បាន​ឆែកឆេរ​រកឃើញ​សាច់សត្វ​ក្រួច​បង្កក​ចំនួន៦៤កា​រ៉ុង ដែលមាន​ទម្ងន់​សរុប ៣ ២០០គីឡូក្រាម។

ដោយសារ​អ្នកបើកបរ ឬ ម្ចាស់​ទំនិញ​នោះ មិនមាន​លិខិតអនុញ្ញាត​ឱ្យ​នាំចូល​ឬ​ចរាចរណ៍​ផលិតផល​សត្វ ក្រុម មន្ត្រី​ ជំនាញ​ក៏បាន​បញ្ជូន​ទំនិញ​សាច់សត្វ​ក្រួច​បង្កក​ទាំងនោះ មកកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង ផលិតកម្ម​សត្វ ដើម្បី​ពិសោធ​ន៍រក​មេរោគ​​នៃ​ជំងឺឆ្លង។

លោក​សារ៉ាត់​បញ្ជាក់ថា៖«យោងតាម​លទ្ធផល​តេ​ស្តនៃ​មន្ទីរពិសោធន៍​របស់​យើង ទំនិញ​សាច់សត្វ​ក្រួច​បង្កក​ទាំង​នោះ​​មានគុណ​ភាពល្អ គ្មាន​មេរោគនៃ​ជំងឺឆ្លង និង គ្មាន​សារធាតុ​គីមី​ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​នោះទេ។ ប៉ុន្តែ​ដោយ​អ្នកបើកបរ ឬ ម្ចាស់​ទំនិញ​នោះ ពុំមាន​ឯកសារ​ច្បាប់​អនុញ្ញាត​ឱ្យ​នាំចូល​ផលិតផល​សត្វ​ពី​ក្រៅប្រទេស ដូច្នេះ​យើង​បានធ្វើការ​ផាកពិន័យ​អន្តរកាល តាម​ប​ញ្ញ​តិ​មាត្រា១១៣ នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ»។

បើតាម​មាត្រា១១៣ នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ អ្នក​នាំចូល​ផលិតផល​សត្វ ពី​ក្រៅប្រទេស​ដែល​គ្មាន​លិខិតអនុញ្ញាត នឹងត្រូវ​ផ្តន្ទាទោស​ដោយ​ផាក​ពី​ន័យ​អន្តរកាល ពី១០លាន​រៀល ទៅ ១៥លាន​រៀល។

ជុំវិញ​ករណីនេះ លោក សុខ ប៉េង ដែល​ជា​តំណាង​ម្ចាស់​ទំនិញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​បាន​បង់ប្រាក់​ផាក​ពិន័យ​នោះ​ចូល​រដ្ឋ តាម​ការកំណត់​របស់​សមត្ថកិច្ច​ជំនាញ​រួចរាល់​ហើយ។

សមត្ថកិច្ច​ក៏បាន​ប្រគល់​ទំនិញ​ទាំងអស់​មក​លោក​វិញ​ផងដែរ បន្ទាប់ពី​លទ្ធផល​តេ​ស្តបាន​បង្ហាញថា ទំនិញ​ដែល​លោក​បាន​នាំចូល​នោះ គឺជា​ទំនិញ​ដែលមាន​គុណភាព​ល្អ និង មានការ​វិច​ខ្ចប់​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស៕

វីដេអូ៖