មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ ​ស្នើសុំ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ ​ពន្យារ​ពេល​១ថ្ងៃ​បន្ថែមទៀត​ សម្រាប់​ការបំពេញ​នីតិវិធី​ស៊ើបសួរ​ទៅលើ​ក្រុម​ជនសង្ស័យ​ក្នុង​បទល្មើស​គ្រឿងញៀន​ជាង​២តោន ​ដែល​សមត្ថកិច្ច​នគរបាល​ជំនាញ ​ទើប​តែ​បង្ក្រាប​បាន​នា​ពេល​ថ្មីៗ​នេះ។

លោក​អ៊ិន សុង ​អ្នកនាំពាក្យ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ​ការសុំ​ពន្យារ​នេះ ​ដោយសារ​សំណុំ​រឿង​គ្រឿង​ញៀន​ដ៏ធំ​មួយ​នេះ ​មាន​ជនសង្ស័យ​រហូត​ដល់​១៣នាក់ ​ហើយ​ការស៊ើបសួរ​ត្រូវការ​ភាពលម្អិត ​ដើម្បី​ប្រាកដ​ថា ​ជនសង្ស័យ​ទាំង​នោះ​មាន​ប៉ុន្មាន​នាក់​ជាប់​ពាក់​ព័ន្ធ​ផ្ទាល់ ​និង​ប៉ុន្មាន​នាក់​ពាក់​ព័ន្ធ​ដោយ​ប្រយោល ​ហើយ​ប៉ុន្មាន​នាក់​ទៀត​មិន​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ។

លោក​ថ្លែងថា​៖«នៅ​ថ្ងៃនេះ​[១៥ ​ធ្នូ ​២០២១] ​យើង​នៅ​មិនទាន់​ស៊ើបសួរ​លើ​ក្រុម​ជនសង្ស័យ​ទាំងស្រុង​នោះ​អស់​នៅ​ឡើយ​ទេ។ ដូច្នេះ​ហើយ​ទើប​យើង​ស្នើសុំ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ ​ពន្យារ​ពេល១ថ្ងៃទៀត​ដើម្បីឱ្យ​ក្រុម​ការងារ​យើង​ មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ស៊ើបសួរ​ពួកគេ​ឱ្យបាន​លម្អិត»។

បើ​តាម​លោក​អ៊ិន សុង ​ជនពាក់​ព័ន្ធ​ធំ​ក្នុង​សំណុំរឿង​នេះ ​មាន​៤នាក់។ ក្នុង​នោះ​ឈ្មោះ ​Lee Tung Han ​អាយុ​៣២ឆ្នាំ ​ជន​ជាតិ​ចិន​តៃវ៉ាន់ ​បានស្លាប់​ក្នុង​ពេល​ប៉ះទង្គិច​ដោយ​អាវុធ​ជាមួយ​សមត្ថកិច្ច​ លើ​កំណាត់​ផ្លូវជាតិ​លេខ៤ ​ក្នុង​ចំណុច​ភូមិសាស្ត្រ​ស្រុក​កំពង់សិលា ​ខេត្ត​ព្រះសីហនុ ​ខណៈ​គូកន​របស់​គេ​ម្នាក់​ទៀត​ឈ្មោះ ​LY Po Han ​ជាអ្នកបើកបរ​រថយន្ត ​ដឹកជញ្ជូន​គ្រឿង​ញៀន​១ ៤៨០គីឡូក្រាម​ត្រូវបាន​ចាប់​ខ្លួន។

ចំណែក​ឈ្មោះ​ YE YONG អាយុ​៤៨ ​ជនជាតិ​ចិន​តៃវ៉ាន់ ​ជាមេការ​គ្រប់គ្រង​ទីតាំង​កៃច្នៃ​គ្រឿងញៀន ​នៅក្នុង​រោងចក្រ​ផលិត​អាល់កុល​របស់​ក្រុមហ៊ុន​ស៊ីន យិន​ ហ្វេង​ ខេមបូឌា ​អ៊ីនដាស់ស្រ្ទី ​ខូអិល​ធីឌី ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ដំបង​វេញ ​ឃុំ​សង្កែសាទប​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ ​និង​ម្នាក់​ទៀត​ជាមេខ្លោង​ធំ​ ឈ្មោះ ​Ye Yan Sow ​អាយុ ​៥៨ឆ្នាំ ​ជន​ជាតិ​ចិន​មាន​សញ្ជាតិ​ខ្មែរ។

លោក​បន្ថែមថា​ ជនសង្ស័យ​៩នាក់​ផ្សេងទៀត ​គឺជា​កម្មករ ​ជាសន្តិសុខ ​និង​ជា​ចុងភៅ។ ក្នុង​ចំណោម​ពួកគេ​ទាំង​នេះ ​មាន​អ្នក​ខ្លះ​អាច​នឹង​មិនដឹង​រឿង​រោងចក្រ ​ដែល​ពួកគេ​កំពុង​បម្រើ​ការងារ​ឱ្យនេះ​មាន​លួចលាក់​ផលិត​គ្រឿងញៀន​នោះ​ទេ។ រីឯ​មួយ​ចំនួន​ទៀត ​អាច​នឹង​ដឹង​រឿង​ខ្លះ​ពី​ការនិយាយ​ខ្សិបខ្សៀវ​របស់​ជនសង្ស័យ​ធំ​ទាំង​៤នាក់​ខាង​លើ។

លោក​បញ្ជាក់​ថា​៖«យើង​នឹង​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា ​ដើម្បី​ពិចារណា​ទៅលើ​ភាពសង្ស័យ​របស់​ពួកគេ ​មុន​ពេល​មាន​ចំណាត់ការ​នីតិវិធី​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ»។

គួរ​រំឭកថា ​កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​នៅ​ថ្ងៃទី១២​ ខែធ្នូ ​ឆ្នាំ២០២១​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-ខេត្ត​ចំនួន​៤ ​រួមមាន​ រាជធានី​ភ្នំពេញ ​ខេត្ត​កំពង់​ស្ពឺ​ ខេត្ត​ព្រះសីហនុ ​និង​ខេត្ត​កោះកុង ​បានបង្ក្រាប​ករណី​គ្រឿងញៀន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ដោយ​រឹបអូស​វត្ថុតាង ​គ្រឿង​ញៀន​ប្រភេទ ​Ketamine ​បាន​ចំនួន​ជាង​២តោន ​និង​សាធារតុ​គីមី​ផ្សំ​ជាង​៨៤តោន ​ព្រមទាំង​អាវុធ​ខ្លី​ K54​ ១ដើម ​ម៉ាស៊ីន​កែច្នៃ​ផលិត​គ្រឿងញៀន ​ខ្នាតធំ​ចំនួន​២០គ្រឿង ​និង​មធ្យោបាយ​ដឹកជញ្ជូន​មួយចំនួន​ទៀត៕