មណ្ឌលគិរីៈ នគរ​បាល ស្រុក ពេ​ជ្រា​ដា បាន​បញ្ជូន​បុរស​សង្ស័យចំនួន​១១នាក់​ ទៅ​ស្នងការ ដ្ឋាន​​នគរបាល​ខេត្ត​មណ្ឌល​គិរី​ នៅ​ព្រឹក​ថ្ងៃទី១៥ ធ្នូ ជាមួយ​វត្ថុតាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន៩កញ្ចប់​តូច និង​កញ្ឆា​ក្រៀម៧កញ្ចប់​តូច​ បន្ទាប់ពី​​ចាប់ខ្លួនបាន២ថ្ងៃ​ នៅ​ភូមិ ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា។

លោក តា​ត់ យ៉េន អធិការនគរបាល​ស្រុក​ពេ​ជ្រា​ដា ប្រាប់​នៅ​រសៀល​ថ្ងៃទី១៥ ធ្នូ ថា សមត្ថកិច្ច​ បាន​បញ្ជូន​បុរស​សង្ស័យ​ចំនួន១១នាក់​ ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៅ​ព្រឹក​ថ្ងៃទី១៥ ធ្នូ។ ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿង​ញៀន ​ដែល​កម្លាំង​សមត្ថកិច្ច​​ចាប់​បាន​ជាក់ស្តែង។

លោក​ថា៖« ខ្ញុំ​បញ្ជូន​ទាំង​របាយ​ការណ៍​ទាំង​មនុស្ស​ ទៅ​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រឹក​មិញ​នេះ(ថ្ងៃទី១៥ ធ្នូ)។ យើង​បាន​ធ្វើ​លិខិត​ប្រគល់ និង​ទទួល​រួច​អស់​ហើយ​»។

លោក​រំឭក​ប្រាប់ថា ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ជនសង្ស័យ​ទាំងនេះ​ គឺ​កម្លាំង​សមត្ថកិច្ច​របស់លោក​ បាន​ធ្វើឡើង​កាលពី​ថ្ងៃទី១៣ និង១៤ ធ្នូ នៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក ពេ​ជ្រា​ដា។

ក្រុម​ជនសង្ស័យ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ទាំងអស់។

ចំពោះ​វត្ថុតាង​ដែល​ដកហូត​បាន​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ដែល​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន៩កញ្ចប់។

ក្នុងនោះ​មាន៤កញ្ចប់​ធំ​ល្មម ៥កញ្ចប់​តូច កញ្ឆា​ក្រៀម​ចំនួន៧កញ្ចប់​តូច កាំភ្លើង​កែច្នៃ​ប្រើ​ហ្គាស​បាញ់​គ្រាប់​ពី​ដាង​កង់​ចំនួន៣ដើម ម៉ូតូ ៥ គ្រឿង និង​ឧបករណ៍​ជក់​ថ្នាំ​ញៀន​មួយចំនួនទៀត ។

លោក​បន្តថា ជន​សង្ស័យមាន​ទាំងអស់​មាន​ចំនួន​១២នាក់​ បន្ទាប់ពី​ចាប់ខ្លួន​ ត្រូវបាន​សមត្ថកិច្ច​របស់​លោក​យក​សំណាក ទៅពិនិត្យ​រក​មេរោគ​កូ​វីដ១៩។

ក្នុងនោះ​មនុស្ស១១នាក់​អវិជ្ជមាន និង​វិជ្ជមាន​​មេរោគ​កូ​វីដ១៩ ម្នាក់ ហើយ​​កំពុង​ដាក់​ឱ្យសំរាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត៕