ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កំពុង​ពិចារណា​លើ​ការដាក់ឱ្យ​អនុវត្ត​ការបើកប្រាក់​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ឡើងវិញ​ក្នុង​វិស័យ​ផ្សេងទៀត ក្រៅពី​វិស័យ​កម្មន្តសាល​នៅ​ឆ្នាំ​ ២០២២ ខាងមុខ បន្ទាប់ពី​បានប្រកាស​ផ្អាក​បណ្តោះអាសន្ន​ជា​បន្តបន្ទាប់​រយៈពេល ២ ​ឆ្នាំ​កន្លងមក​ដោយសារ​តែ​វិបត្តិ​កូវីដ​ ១៩​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាងថា កម្ពុជា គឺជា​ប្រទេសមួយ​ដែល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិត​រយៈពេល​ ២ ឆ្នាំ​ជាប់​គ្នា​ក្នុងអំឡុងពេល​ជួប​វិបត្តិ ស្របពេល​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​ប្រកួតប្រជែង​ជាមួយ​កម្ពុជា មិនបាន​ផ្តល់នូវ​អត្ថប្រយោជន៍​នេះ​។

នៅ​ថ្ងៃទី​ ១៥ ធ្នូ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​ប្រាក់​ឈ្នួល​សកល ឆ្នាំ​ ២០២០-២០២១ របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​បន្ថែម​អំពី​ការវិវឌ្ឍ​នៃ​ប្រព័ន្ធ​ប្រាក់​ឈ្នួល​អប្បបរមា​នៅក្នុង​តំបន់ ព្រមទាំង​វិធីសាស្ត្រ​ក្នុង​ការពង្រឹង​ស្ថាប័ន​ទីផ្សារការងារ និង​ការរៀបចំ​គោលនយោបាយ​ប្រាក់​ឈ្នួល​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​បរិការណ៍​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

ក្នុង​ឱកាស​នោះ លោក អ៊ិត សំហេង បាន​ថ្លែងថា កម្ពុជា​បាន​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ ២ ​ឆ្នាំ​ជាប់​គ្នា​នៅក្នុង​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ ខណៈ​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​ប្រកួតប្រជែង​ជាមួយ​កម្ពុជា​បាន​ពន្យារពេល ឬ​មិនបាន​ផ្តល់ឱកាស​ឱ្យមាន​ការជជែក​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នោះឡើយ នៅក្នុង​អំឡុងពេល​ជួប​វិបត្តិ​នេះ​។

លោក​ថ្លែង​បន្តថា ការដំឡើង​ប្រាក់​ឈ្នូល​គោល​នេះ បានបង្ហាញ​អំពី​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការធានា និង​រក្សា​ស្ថិរភាព​ជីវភាព​របស់​កម្មករ​និយោជិត ដោយ​ឈរលើ​អភិក្រម​នៃ​ការវាយតម្លៃ តុល្យភាព​រវាង​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សង្គម​សេដ្ឋកិច្ច និង​ការងារ​ទៅ​នឹង​និរន្តរភាព​នៃ​រោងចក្រ សហគ្រាស និង​ការការពារ​ប្រាក់​ចំណូល​របស់​កម្មករ​និយោជិត និង​គ្រួសារ ដែល​ស្របតាម​​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ ILO​។

របាយការណ៍​ប្រាក់​ឈ្នួលសកល គឺជា​របាយការណ៍​សំខាន់​មួយ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​បានចេញ​ផ្សាយ​រៀងរាល់​ ២ ​ឆ្នាំ​ម្តង​។ របាយការណ៍​ដែល​បានចេញ​ផ្សាយ​ក្នុង​ឆ្នាំ​ ២០២០-២០២១ នេះ បាន​សិក្សា​ពី​ប្រព័ន្ធ​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ទូទាំង​ពិភពលោក និង​តួនាទី​របស់​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ការកាត់បន្ថយ​វិសមភាព​សង្គម ព្រមទាំង​របៀប​នៃ​ការកំណត់ ឬ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​អាច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូវីដ​ ១៩​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ធ្នូ​បន្ថែមថា ក្នុង​ពេលនេះ ការបើកប្រាក់​បំណាច់​អតីតភាព​ការងារ​សម្រាប់​រោងចក្រ​សហគ្រាស​ផ្នែក​កម្មន្តសាល គឺ​មិន​ត្រូវបាន​ផ្អាក​នោះទេ គឺ​និយោជក​ក្នុង​វិស័យនេះ​បាន​បន្ត​ទូទាត់​ជូន​បុគ្គលិក​ទៅតាម​ច្បាប់​។ ដោយឡែក​ចំពោះ​វិស័យ​ផ្សេងទៀត លោក ហេង សួរ បាន​អះអាងថា ក្រសួង​នឹង​ពិចារណា​នៅ​ឆ្នាំ​ ២០២២ ខាងមុខ ដើម្បី​សម្រេច​ថា​នឹង​បន្ត​ផ្អាក ឬ​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​។

លោក ហេង សួរ បាន​បញ្ជាក់ថា​៖ «​សម្រាប់​វិស័យ​កម្មន្តសាល​គឺ​យើង​មិនមាន​ការផ្អាក​នោះទេ​។ ដោយឡែក​វិស័យ​ផ្សេងទៀត​គឺ​នឹង​ពិចារណា​នៅ​ឆ្នាំ​ ២០២២»​។

កាលពី​ឆ្នាំ​ ២០២០ ក្រសួង​ការងារ​បាន​ប្រកាស​ពន្យារពេល​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែលមាន​មុន​ឆ្នាំ ២០១៩ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ ២០២០ របស់​កម្មករនិយោជិត​ស្ថិតក្រោម​ច្បាប់​ការងារ​ទាំងអស់ ដោយ​យកមក​អនុវត្ត​នៅ​ឆ្នាំ​ ២០២១​។ ​ក្រោយមក​នៅ​ដើមឆ្នាំ​ ២០២១ ក្រសួង​ក៏បាន​ចេញ​សេចក្តី​ជូនដំណឹង​ជាថ្មី ដោយបាន​សម្រេច​អនុវត្ត​ការបើកប្រាក់​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែលមាន​មុន​ឆ្នាំ​ ២០១៩ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ សម្រាប់​រោងចក្រ​សហគ្រាស​ផ្នែក​កម្មន្តសាល ខណៈ​វិស័យ​ផ្សេងទៀត មិនត្រូវ​បានប្រកាស​នោះទេ​។

លោក ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅថា សង់ត្រាល់ បាន​លើកឡើងថា ក្នុង​ឆ្នាំ ២០២២ ​ខាងមុខនេះ ជា​ពេល​មួយ​ដែល​ល្អ​សម្រាប់​ការអនុវត្ត​ការបើកប្រាក់​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ ដែល​លោក រំពឹងថា ការបើកប្រាក់​អតីតភាព​ការងារ​នេះ នឹង​ត្រូវ​បាន​ដំណើរការ​ឡើងវិញ​សម្រាប់​វិស័យ​ទាំងអស់​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ប្រាក់​នេះ​យើង​គួរតែ​អនុវត្ត​វិញ​ហើយ ព្រោះ​ពេលដែល​កម្ពុជា​យើង បាន​បើក​ប្រទេស​ឡើងវិញ ហើយ​យើង​មើលឃើញ​វិស័យ​ធំៗ​មួយចំនួន មិន​ជះឥទ្ធិពល​ខ្លាំង​នោះទេ​។ អ៊ីចឹង​ខ្ញុំ គិតថា វា​ដល់​ពេលដែល​ផ្តល់ឱ្យ​កម្មករនិយោជិត​ឡើងវិញ​ហើយ ដែល​កន្លងមក​បាន​បើក​ឱ្យ​កម្មករនិយោជិត ៦ ខែ​ម្តងនេះ ព្រោះ​វា​ចាំបាច់​ណាស់ អាច​ជួយ​ទៅដល់​ការចំណាយ​ជា​មូលដ្ឋាន​របស់​កម្មករ​»​។

បន្ថែម​ពីនេះ លោក ឃុន ថារ៉ូ បានលើកឡើង​ទៀតថា ជាទូទៅ ប្រាក់​បំណាច់​អតីតភាព​ការងារ គឺ​ក្រុមហ៊ុន​ត្រូវតែ​មាន​កាតព្វកិច្ច​ក្នុង​ការផ្តល់​ជូន​ឱ្យ​កម្មករនិយោជិត​របស់​ខ្លួន​នៅពេល​ក្រោយ​ដដែល បើទោះជា​មាន​ការពន្យារ​ពេល​ទៅមុខ​បន្តទៀត​ក៏ដោយ ព្រោះថា ប្រាក់​ទាំងនេះ គឺ​និយោជក ត្រូវមាន​កាតព្វកិច្ច​ទូទាត់​ជូន​កម្មករ​របស់ខ្លួន​ស្របទៅតាម​អតីតភាព​ការងារ​របស់​កម្មករ​។

លោក​បាន​រៀបរាប់ថា​៖ «​ទាំងនេះ គឺជា​ប្រាក់​របស់​កម្មករ-និយោជិត​ហើយ ទោះ​ចង់​មិន​ចង់​និយោជក គាត់​ត្រូវតែ​បង់​ជូន​កម្មករ ហើយ​បើកាលណា​រក្សាទុក​កាន់តែ​យូរ គឺ​ការទទួល​ខុសត្រូវ​ក្នុង​ការបង់​ជូនទៅ​កម្មករ​ហ្នឹង ក៏​ច្រើន​ទៅតាម​ហ្នឹង​ដែរ​។ បើ​និយាយ​ទៅ ការផ្តល់​នេះ ដូចជា រំលស់​ប្រាក់​អតីតភាព​ការងារ​របស់​ពួកគាត់​ហ្នឹង វា​ធ្វើឱ្យ​ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន រោងចក្រ​អីហ្នឹង អាច​ព្យាករ​ទុក​នូវ​ហានិភ័យ​ដែល​អាច​កើតមានឡើង ព្រោះ​នៅពេល​មាន​ហានិភ័យ​ប្រាក់​ទាំងនេះ គឺជា​បន្ទុក​ទាំងមូល​របស់​និយោជក​»៕

វីដេអូ៖