ភ្នំពេញៈ អាជ្ញាធរ​មីន (CMAA) និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (CGTI-GMAC) ​ចុះហត្ថលេខា​នៅ​ថ្ងៃទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២១ លើ​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វិស័យ​ឯកជន​ស្តីពី​ការបង្កើត​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​នូវ​ការអភិវឌ្ឍ​សមត្ថភាព ដើម្បី​ពង្រឹងសមត្ថភាព​មន្ដ្រី​លើ​ការបំពេញ​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ពិសេស​នៅ​តំបន់​ដែលមាន​មីន​ឱ្យមាន​ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​ ១ ​អាជ្ញាធរ​មីន​ថ្លែងប្រាប់​អ្នក​សារព័ត៌​នៅក្នុង​ពិធី​នេះ​ថា កិច្ចសហប្រតិបត្ដិការ​នេះ គឺជា​ឱកាស​មួយ​របស់​អាជ្ញាធរ​មីន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​កសាង​ភាពជា​ដៃគូ ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​មន្ដ្រី​នៅ​អង្គភាព​អាជ្ញាធរ​មីន ដើម្បី​បំពេញការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ​នាពេល​ខាងមុខ​ទៀត​។

លោក​ថ្លែងថា​៖ «​ថ្ងៃនេះ​ជា​ថ្ងៃ​សំខាន់​ដែល​យើង​បើកមុខ​ថ្មី​មួយទៀត​នៃ​ការងារ​បោសសម្អាត​មីន​»​។

លោក​ថ្លែងបន្តថា​៖ «​តាមរយៈ​កិច្ចសហប្រតិបត្ដិការ​នេះ​គឺ​ផ្ដោតលើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដល់​មន្ដ្រី​នៃ​អាជ្ញាធរ​មីន​។ CGTI-GMAC បាន​បណ្ដុះបណ្ដាល​ដល់​មន្ដ្រី​យើង​ ២ ​វគ្គ​រួចហើយ​យើង​នឹង​បន្ត​បណ្ដុះបណ្ដាល​ទៅមុខទៀត​ ដើម្បី​ពង្រឹងសមត្ថភាព​មន្ដ្រី​នៅ​អង្គភាព​របស់​យើង​ក្នុង​ការចូលរួម​ដឹកនាំ​ការងារ​ក្នុង​វិស័យ​មីន​ឱ្យបាន​រីកចម្រើន​ឆាប់រហ័ស​»​។

លោក​ថ្លែងថា ការងារ​បោសសម្អាត​មីន ដែល​បាន​អនុវត្ដ​មក​ជាង ២០ ​ឆ្នាំ​កន្លងមកនេះ គឺ​សម្រេចបាន​សមិទ្ធផល​មួយចំនួន​ជូន​ជាតិ​មាតុភូមិ ដោយបាន​រំដោះ​ដី​មាន​មីន​បាន​ជាង ២ ​ពាន់​គីឡូ​ម៉ែត្រក្រឡា និង​បាន​ផ្ដល់ជូន​ដី​ដល់​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការ​ឡើងវិញ​។

លោក លី ធុជ បានឱ្យ​ដឹងថា ក្នុងឱកាស​កិច្ចសហប្រតិបត្ដិការ​គ្នា​នេះ លោក​ក៏បាន​អំពាវនាវ​ដល់ GMAC និង​សហការី ដែលជា​អ្នកបង្ក​បង្កើត​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ចូលរួម​នៅក្នុង​បុព្វហេតុ​ជាតិ តាមរយៈ​ការចូលរួម​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​បណ្ដា​ខេត្ដ​ដែលមាន​មីន តាមរយៈ​ការចូលរួម​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​នៅក្នុង​ភូមិ​ណាមួយ​ដែលជា​ភូមិ​មាន​មីន​ និង​ពិចារណា​ ដើម្បី​ចូលរួម​ជួយ​លើ​ការងារ​បោសសម្អាត​មីន នេះ​ដើម្បី​បញ្ចប់​ទៅតាម​ផែនការ​ដែល​បានកំណត់​នាពេលខាងមុខ​។ ក្នុងនោះ GMAC ​មាន​មិត្ដភក្ដិ និង​សហការី​ជាច្រើន​ដែល​នឹង​អាច​ចូលរួម​ជួយ​លើ​វិស័យ​មីន និង​អាជ្ញាធរ​មីន​នាពេល​អនាគត​ផងដែរ​។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​ GMAC ថ្លែងថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជាមួយ​អាជ្ញាធរ​មីន​ពេលនេះ បាន​អនុវត្ត​បេសកកម្ម​កម្ចាត់មីន​ជួយ​ជនរងគ្រោះ​ដោយសារ​មីន និង​អប់រំ​ប្រជាពលរដ្ឋ​អំពី​ហានិភ័យ​នៃ​មីន​។

លោក​ថា អស់​រយៈពេល​ជាង​ ២០ ​ឆ្នាំ​មកហើយ អាជ្ញាធរ​បាន​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ដោយ​សម្រេច​សមិទ្ធផល​គួរឱ្យកត់សម្គាល់​ក្នុង​នោះ​ផ្ទៃដី​រាប់ពាន់​គីឡូម៉ែត្រ​ការ៉េ​ត្រូវបាន​បោសសម្អាត​មីន និង​ដាក់ឱ្យ​ប្រើប្រាស់​សម្រាប់​ផលិតកម្ម​សេដ្ឋកិច្ច និង​សង្គម​។ ក្នុងនោះ​ជនរងគ្រោះ​ដោយសារ​មីន​ក៏​ត្រូវបាន​ជួយសង្គ្រោះ​យ៉ាង​ល្អ​ផងដែរ​។

លោក​បន្តថា​៖ «​ដោយ​មើល​លើ​ទិដ្ឋភាព​នេះ​យើង​ពិតជា​មាន​កិត្តិយស​ដែល​បាន​ចូលរួម​ដំណើរ​ជាមួយ​អាជ្ញាធរ​មីន​ហើយ​អាចរួមចំណែក​តាម​វិធី​តូច​ណាមួយ​ដល់​ជោគជ័យ​បន្ថែមទៀត​របស់​អាជ្ញាធរ​មីន​នាពេល​អនាគត​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​ ២០២៥ ​របស់​អាជ្ញាធរ​មីន​»​។

លោក ស៊ូអៀង លើកឡើងថា លោក​មិន​ធ្លាប់​ដឹងថា សកម្មភាព​បោសសម្អាត​មីន​បាន​ចូលរួម​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា មាន​ទំហំធំធេង​នោះទេ នៅពេល​បានដឹង ទើប​មាន​អារម្មណ៍​តក់ស្លុត​ចំពោះ​គ្រោះថ្នាក់​ដោយសារ​មីន​នេះ​។

លោក​បន្តថា​៖ «​យើង​ដឹងថា ប្រជាពលរដ្ឋ​បាន​ទទួលរង​ទុក្ខលំបាក​គ្រប់យ៉ាង​ពី​សង្គ្រាម ប៉ុន្ដែ​អត់​បានដឹងថា តើ​ក្រោយពី​សង្គ្រាម​ប្រជាជន​យើង​នៅតែ​ទទួលរង​ទុក​លំបាក​ដោយសារ​គ្រាប់មីន និង​សារធាតុ​ផ្ទុះ​រហូតដល់​សព្វថ្ងៃនេះ​»​។

លោក​ក៏បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​ផ្សេងទៀត​ចូលរួម​ជាមួយ​អាជ្ញាធរ​មីន ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ និង​សម្រេច​គោលដៅ​ប្រទេស​កម្ពុជា​ជា​ប្រទេស​គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥ ​ខាងមុខ​៕