ភ្នំពេញៈ ​ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ស្នើ​ដល់​សាធារណជន ជួយ​ផ្ដល់​មតិយោបល់ អំពី​សំណួរ​ស្ទង់​មតិ​ស្ដីពី​ «​សំណេរ​ទាក់ទង​នឹង​ពាក្យ​កម្ចី​សូរស័ព្ទ​ពី​ភាសាបរទេស ដែល​ត្រូវ​សរសេរ និង​អាន​ជា​ភាសារ​ខ្មែរ ដើម្បី​ស្វែងរក​ការឯកភាព​រួមមួយ​លើ​ការប្រើប្រាស់​ភាសាជាតិ​។

លោក​ សន ពៅ អនុប្រធាន​ក្រុមប្រឹក្សាជាតិ​ភាសា​ខ្មែរ ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ១៤ ធ្នូ​ថា សំណួរ ដែល​ក្រុមប្រឹក្សាជាតិ​ភាសា​ខ្មែរ​ស្នើ​ដល់​សាធារណជន​ជួយផ្ដល់​មតិយោបល់​នោះ​មាន​ដូចជា​តើ​សំណេរ​ទាក់ទង​នឹង​ពាក្យកម្ចី សូរស័ព្ទ​ពី​ភាសាបរទេស​ (​លើកលែង​ពាក្យ​កម្ចី​ពី​ភាសាបាលី​សំស្ក្រឹត​) ត្រូវ​សរសេរ និង​អាន​បែបណា ដោយ​បាន​ស្នើ​សាធារណជន​ទាំងអស់ ដែល​ស្រឡាញ់​ភាសាជាតិ ជួយផ្ដល់​មតិ​យោបល់ តើ​ត្រូវ​ជ្រើសរើស​យក​ករណី​ណាមួយ ដោយមាន​ករណី​ទី​ ១ ករណី​ទី​ ២ ករណី​ទី​​ ៣ ឬមួយ​តាម​បែបផែន​ផ្សេង​ពីនេះ​។ ក្នុងករណី​ទី​ ១ គឺ​សំដៅលើ​ការទទួលយក​សូរស័ព្ទ ភាសាបរទេស​។ ក្នុងនោះ គោលការណ៍​គឺ​រក្សា​ជាតិ​ស័ព្ទ​(​បង្កើត​តួអក្សរ​ផ្គុំ​ចំពោះ​សូរ​បរទេស និង​រក្សា​អំណាន​សូរ​បរទេស​)​។ សរសេរ​ពាក្យ​កម្ចី​ដោយ​រក្សា​ជាតិ​ស័ព្ទ​ដែល​ប្រើ​អក្សរ​ខ្មែរ​ផ្តុំគ្នា​គោរព​តាម​មូលភេទ អ-អ៊​ និង​អាន​ដូច​ភាសា​ដើម​ (​ភាសា​ដែល​ខ្ចី​)​។

លោក​ថ្លែងថា ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ​ចង់​បាន​អ្វីដែល​អនុវត្ដ​ទៅ មាន​លក្ខណៈ​ជាតិ​មាន​លក្ខណៈ​ជា​ខ្មែរ ដោយ​មិន​យកពាក្យ​ដែល​កាត់​យកមក​ពី​គេ​ធ្វើជា​ពាក្យ​ខ្មែរ​ទេ​។ ប៉ុន្ដែ​ចង់រក​អ្វីដែល​កាត់​សូរ​មក​ទៅជា​សូរពាក្យ​ខ្មែរ ដើម្បី​ខ្មែរ​ងាយស្រួល​និយាយ​។ ដូច​ព្យញ្ជនៈ «G» ​នៃ​ភាសារ​បរទេស​មាន​សូរ [g] កត់ត្រា​ជា​ភាសា​ខ្មែរ​ដោយ​ផ្គុំ «​ហ្ក ហ្គ​» មាន​សូរ កត់ត្រា​ជា​ភាសារ​ខ្មែរ ឬ​ដោយ​អក្សរ​ផ្គុំ «​ហ្ស ហ្ស៊​»​។ ឧទាហរណ៍ ហ្កាឡាក់ស៊ី​ (​ភាសា​អង់គ្លេស galaxy) ​អាន​ [​ហ្កា-ឡាក់-ស៊ី​]​។ អុកស៊ីហ្ស៊ែន (​ភាសា​បារាំង oxige''ne) ​អាន​ [​អុក-ស៊ី-ហ្ស៊ែន​] ជាដើម​។

លោក​ សន ពៅ បញ្ជាក់ថា​៖ «​នេះ​គឺជា​ឧទាហរណ៍ ដែល​យើង​ដាក់​បង្ហាញ​នេះ​គឺ​ដើម្បីឱ្យ​មហាជន​ជួយ​បញ្ចេញមតិ​ថា គួរ​ជ្រើសរើស​យក​មួយណា​។ បើ​យើង​មិនបាន​ទទួលយក​មតិ​ពី​មហាជន​ទេ គឺអាច​មានមតិ​ប្រតិកម្ម គេ​ថា យើង​អ្នក​បំផ្លាញ​ភាសា មិន​ខាន​ទេ​»​។

បើតាម​លោក​ សន ពៅ កាលណា​ពាក្យ​ខ្មែរ​ចេញទៅ​មិន​ស្រួល គឺមាន​ទំនាស់​គ្នា​។ ដូច​បទពិសោធ​ដែល​ធ្លាប់មាន ច្រើន​លើកឡើងថា ពី​ទំនាញសូរ ការអភិរក្ស អក្សរសាស្ដ្រ​ខ្មែរ​រវាង​សម្ដេច​ព្រះសង្ឃរាជ​ ជួន ណាត និង​លោក​បណ្ឌិត​សាស្ត្រាចារ្យ​ កេង វ៉ាន់សាក់ ជាដើម គឺ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ មិន​ចង់​ឱ្យ​មាន​បញ្ហា​បែបនេះ​កើតឡើង​ទេ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ធ្វើ​ហ្នឹង គឺ​ស្ទាបស្ទង់​យ៉ាងម៉េច លើ​បច្ចេកទេស​ផង គិតពី​អារម្មណ៍​មហាជន​ផង​។ យើង​មាន​គោលដៅ​អស់ហើយ​ដោះស្រាយ​យ៉ាងម៉េចៗ គឺអាច​ទៅរួច​ទាំងអស់​ត្រង់​ថា ពាក្យ​នោះ​ហេតុអ្វី​ទៅ​អ៊ីចេះ ទៅ​អ៊ីចុះ គឺមាន​លក្ខណៈ​ស្រាវជ្រាវ​លើ​ហេតុផល​នោះ​ហើយ​»​។

ការដោះស្រាយ​បញ្ហា​នេះ ដូច​ករណី​ដោះស្រាយ​ចេញ​ទាក់ទង​ពាក្យ បាលី សំស្ក្រឹត​នៃ​វចនានុក្រម ស្នាដៃ​សម្ដេច​ព្រះសង្ឃរាជ​ ជួន ណាត គឺ​បាន​ដោះស្រាយ​ចេញ​ដោយ​លោក​មាន​វិធី​ដោះស្រាយ​ហើយ​។ ដូច្នេះ​ក្រុម​ប្រឹក្សាជាតិ​-​ភាសា​ខ្មែរ បាន​សិក្សា​ពី​ទម្លាប់​ថា ហេតុអ្វី​លោក​ធ្វើ មិនមាន​ប្រតិកម្ម គឺ​លោក​មាន​វិធី​ដោះស្រាយ​អំពី​ការកម្ចី​ពាក្យ​បាលី សំស្ក្រឹត​។ ក្នុងនោះ​គឺ​ពាក្យ​បាន​យកតាម រូប និង​សូរពាក្យ​បាលី សំស្ក្រឹត​មក​។ លោក​បង្ហាញថា ដូច​ពាក្យ​ខ្លះ អាន​មក​មាន​សូរ​ជា​ភាសា​ខ្មែរ និង​ពាក្យ​ខ្លះ​ចេញ​សូរ​ជា​ភាសាបាលី សំស្ក្រឹត មាន​លាយ​ជាមួយ​សូរ​ភាសា​ខ្មែរ​។ ដូច្នេះ​គេ​មាន​ក្បួន​បែបនេះ ដើម្បី​ដោះស្រាយ តាម​ករណី​ដែល​សិក្សា គឺ​ហេតុភេទ​បែបនេះ​។

លោក សន ពៅ បញ្ជាក់ថា​៖ «​ក្នុងនេះ​យើង​ក៏​ខំ​សិក្សា​មើល​ពី​បច្ចេកទេស​ដែរ ត្រង់​ថា សម្ដេចព្រះសង្ឃរាជ បាន​ដោះស្រាយ​របៀប​ម៉េច​ទាក់ទង​នឹង​កម្ចី​ពាក្យ​ពី​បរទេស​ព្រោះ​កាលនោះ​ស្ថិតនៅក្រោម​អាណានិគមនិយម​បារាំង ហើយ​វចនានុក្រម​ខ្មែរ គឺ​បារាំង​មកជួយ​ដឹកនាំ​ធ្វើ ដូច្នេះ​ចង់​មិន​ចង់ វា​មាន​កម្ចី​ពាក្យ​បារាំង​»​។

ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​មុននឹង​ដាក់​ធ្វើបែបនេះ គឺមាន​គោលដៅ​ដោយ​ចង់បាន​មួយណា ដែល​ចំណេញ​ភាសា ហើយ​មាន​ភាពងាយស្រួល​មាន​លក្ខណៈ​ជា​ខ្មែរ​។ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ក៏បាន​និមន្ត​ព្រះសង្ឃ និង​ព្រឹទ្ធាចារ្យ ដែល​មាន​ចំណេះដឹង​ខាង​ភាសាបាលី សំស្ក្រឹត មក​ចូលរួម​ដើម្បី​ពិនិត្យ​មើលថា តើ​ពួកលោក​មាន​យោបល់​យ៉ាងណា​លើ​ពាក្យ​កម្ចី​ពី​បរទេស​នេះដែរ​។

លោក​លើកឡើង​ថា ខ្មែរ​មួយចំនួន ច្រើន​ប្រើ​អារម្មណ៍ វិចារណញ្ញាណ ឬ​ហេតុផល ហើយ​អ្នកខ្លះ​គឺ​ទាញ​ចូល​ផ្នែក​នយោបាយ ដែលជា​បញ្ហា​ពិបាក​ដោះស្រាយ​។ ដូច្នេះ​ខាង​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​មាន​ការប្រុងប្រយ័ត្ន​ណាស់ ដោយ​មិន​ចង់​ឱ្យ​ខ្មែរ​បែកបាក់​គ្នា​ដោយសារ​រឿង​ភាសា​នេះ​ទេ ទើប​ស្នើសុំ​ឱ្យ​មានការ​ផ្តល់យោបល់​ពី​មតិ​មហាជន​លើ​ពាក្យ​កម្ចី​សូរស័ព្ទ​ពី​ភាសាបរទេស​នេះ​។ លោក​បញ្ជាក់ថា​៖ «​និយាយ​រួមគំនិត​នៅក្នុង​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​នេះ គឺថា ខំ​ធ្វើយ៉ាងណា​មិនឱ្យ​ខ្មែរ​បែកបាក់​គ្នា ដោយសារ​ភាសា​នេះ​ទេ​។ ដូច្នេះ​វិធី​ដែល​ដោះស្រាយ​ល្អ គឺ​ដោះស្រាយ​តាម​ជំនាញ​វិទ្យាសាស្ដ្រ និង​មិន​បោះបង់ចោល អារម្មណ៍​មហាជន និង​ទុក​សិទ្ធិ​ឱ្យ​អ្នកនយោបាយ​»​។

បើតាម​លោក សន ពៅ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​កំពុង​បន្ត​រៀបចំ​វចនានុក្រម​ខ្មែរ​មួយ ដោយ​បន្ត​ពី​ស្នាដៃ​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ដោយ​បាន​ធ្វើឡើង​រយៈពេល​ ៤ ​ឆ្នាំ​មកហើយ​នឹង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២២៕