កោះកុងៈ ចាប់ពី​ថ្ងៃនេះ​ទៅ អ្នករស់​នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង នឹង​អស់​កង្វល់​អំពី​បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់​ទៀតហើយ ដោយ​ក្រុមការងារ​បច្ចេកទេស​កំពុង​បង្កើនល្បឿន​ការងារ​តភ្ជាប់​បណ្តាញ​ទឹកស្អាត​ជូន​ពលរដ្ឋ​។ នេះ​បើតាម​មន្ត្រី​ជំនាញ​ផ្នែក​ភ្ជាប់​បណ្ដាញទឹកស្អាត​នៃ​រដ្ឋាករទឹក​ខេត្តកោះកុង​។

លោក ជុំ វណ្ណា ប្រធាន​ក្រុម​ភ្ជាប់​បណ្ដាញ​ទឹកស្អាត​នៃ​រដ្ឋាករ​ទឹក​ខេត្ត​កោះកុង ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ LYP Group Co.,Ltd ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នាថ្ងៃទី​ ១៤ ធ្នូ ថា​នៅពេល​នេះ ក្រុមការងារ​របស់លោក​កំពុង​បង្កើនល្បឿន​ការងារ​ភ្ជាប់​បណ្ដាញ​ទឹកស្អាត​នៅ​ទូទាំង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌល​សីមា​។ តាម​គម្រោង ការភ្ជាប់​បណ្ដាញ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ក្រុង-ស្រុក​ជាប់មាត់​សមុទ្រ​ទាំង​ ២ ​នេះ​នឹង​ត្រូវ​ភ្ជាប់​ឱ្យបាន​ ១០០ ​ភាគរយ នៅ​ដើមឆ្នាំ​ ២០២៣​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន ក្រុមការងារ​យើង​បាន​ភ្ជាប់​បណ្ដាញ​ទឹកស្អាត​ក្នុង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌលសីមា​បាន​សម្រេច​ ៨០ ​ភាគរយ​ហើយ ដែល​គិត​ជា​ខ្នង​ផ្ទះ​ចំនួន​ជាង ៨ ០០០ ​ខ្នង ដែល​តួលេខ​នេះ នៅ​មិនទាន់​បូក​បញ្ចូល​នូវ​ចំនួន​ខុនដូ សណ្ឋាគារ និង​ផ្ទះសំណាក់​ធំៗ​នៅឡើយ​ទេ​»​។

លោក​បន្ថែមថា​៖ «​ហើយ​ម្ចាស់​ខ្នងផ្ទះ​ដែល​បាន​ភ្ជាប់​បណ្ដាញ​ទឹកស្អាត​របស់​ក្រុមហ៊ុន​យើង​រួចហើយនោះ នឹង​អស់​បញ្ហា​អំពី​កង្វះខាត​ទឹកស្អាត​ប្រើប្រាស់​ទៀតហើយ​»​។

បើតាម​លោក ជុំ វណ្ណា រដ្ឋាករទឹក​ខេត្ត​កោះកុង​បាន​បង្កើន​សមត្ថភាព​នៃ​ការផលិត​ទឹកស្អាត​បាន​ប្រមាណ​ ២ ​ម៉ឺនម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​សម្រាប់​ចែកចាយ​ជូន​ដល់​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ​។ ព្រោះ​ក្រុមហ៊ុន​បាន​សាងសង់​អាង​ស្តុក​ទឹក​ដ៏ធំ​មួយ នៅ​តំបន់​ទឹកធ្លាក់​តាប៉ន ស្ថិតក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ដែល​អាង​ស្តុក​ទឹក​នេះ​មាន​សមត្ថភាព ផ្ទុក​ទឹកបាន​ដល់​ទៅ​ជាង​ ៣ ​លាន​ម៉ែត្រគុប​។

ទោះយ៉ាងណា ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​ប៉ោ និង​ភូមិ​បឹងកាឆាង​នៃ​ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា បាន​ស្នើឱ្យ​ក្រុមការងារ បច្ចេកទេស​នៃ​រដ្ឋាករទឹក​ខេត្តកោះកុង ចុះ​សិក្សា​រក​មធ្យោបាយ​តភ្ជាប់​បណ្ដាញ​ទឹកស្អាត​ដល់​សហគមន៍​របស់​ពួកគាត់ ដែល​គ្មាន​ប្រភព​ទឹកសាប​ប្រើប្រាស់​។

លោក វឹន សាវ៉ាទ មេភូមិ​កោះប៉ោ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ភូមិ​កោះប៉ោ ដែលមាន​ចម្ងាយ​ប្រមាណ​ ១០ ​គីឡូម៉ែត្រ​ (​តាមផ្លូវ​ទឹក​) ពី​ក្រុង​ខេមរភូមិន្ទ មិនមាន​ប្រភព​ទឹកស្អាត​ប្រើប្រាស់​នោះទេ ហើយក៏​គ្មាន​បណ្ដាញ​ទឹកស្អាត​ចូលទៅ​ដល់​នោះដែរ ធ្វើឱ្យ​ពួកគាត់​ជួបប្រទះ​ការលំបាក​ជាខ្លាំង​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន អ្នកភូមិ​យើង​មាន​ចំនួន​ ១២៩ ​គ្រួសារ ពួកយើង​បាន​​ជីក​អណ្ដូង ដើម្បី​យក​ទឹកសាប​ប្រើប្រាស់ តែ​ទឹក​អណ្ដូង​របស់​ពួកយើង មាន​ជាតិប្រៃភ្លាវ និង​មាន​ក្លិនស្អុយ ព្រោះ​ភូមិ​របស់​ពួកយើង​ហ៊ុមព័ទ្ធ​ដោយ​ទឹកសមុទ្រ​។ ដូច្នេះ​យើង​ប្រើប្រាស់​ទឹក​អណ្ដូងនោះ សម្រាប់តែ​ងូត និង​បោកគក់​សម្លៀកបំពាក់​ប៉ុណ្ណោះ​។ ដោយឡែក​ទឹក​សម្រាប់​បរិភោគ និង​ដាំស្ល គឺ​យើង​ទៅ​ទិញ​ពី​ផ្សារ​ក្នុង​ក្រុង​ខេមរភូមិន្ទ​»​។

ចំណែក​លោក ង៉ែត លុច ប្រធានភូមិ​បឹងកាចាង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នកភូមិ​របស់គាត់​បាន​សហការ​គ្នា​តភ្ជាប់​បណ្ដាញ​ទឹកស្អាត​ពី​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​តំបន់​ពាមក្រសោប ប៉ុន្តែ​ទឹក​របស់​ក្រុមហ៊ុន​ឯកជន​នោះ មិន​ស្អាត​ល្អ​ទេ គឺ មានកករ​ដី ហើយ​មាន​តម្លៃ​ទឹក​ក៏​ខ្ពស់​ផងដែរ គឺ ៤ ០០០ ​រៀល ក្នុង​ ១ ​ម៉ែត្រគុប ដែល​ធ្វើឱ្យ​ពួកគាត់​មានការ​ចំណាយ​ខ្ពស់​ទៅលើ​ថ្លៃ​ទឹក​។

លោក ង៉ែត លុច ដែល​អះអាង​ថា ភូមិ​របស់គាត់​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ១៥៧ ​គ្រួសារ បាន​និយាយថា​៖ «​យើង​ចង់ឱ្យ​ក្រុមហ៊ុន​រដ្ឋាករទឹក​ខេត្តកោះកុង មេត្តាជួយ​ភ្ជាប់​បណ្ដាញ​ទឹកស្អាត​មកដល់​ភូមិ​យើងខ្ញុំ ដើម្បី​បាន​ប្រើប្រាស់ ប្រកបដោយ​ផាសុកភាព​»​។

ជុំវិញ​ករណីនេះ លោក ខ្លឹម គគីរ ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តកោះកុង អះអាងថា ការផ្គត់ផ្គង់​ទឹកស្អាត​របស់​ក្រុមហ៊ុន LYP Groubco.ltd បានត្រឹមតែ​ក្នុង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក-មណ្ឌលសីមា​ប៉ុណ្ណោះ​។ បច្ចុប្បន្ន ខាង​ភាគី​ក្រុមហ៊ុន​ក៏ដូចជា​មន្ទីរ បាន​ខិតខំ​បង្កើនល្បឿន​តភ្ជាប់​បណ្តាញ​ទឹកស្អាត​ឱ្យដល់​ដៃ​អ្នកប្រើប្រាស់​បាន​គ្រប់​ជ្រុងជ្រោយ​ជាមួយ​នឹង​ភាពរីកចម្រើន​ខ្លាំង​លើ​គ្រប់​វិស័យ ហើយ​កំណើន​ប្រជាជន​ក៏​កាន់តែ​មាន​ការកើនឡើង​។ ក្នុង​មួយ​រយៈកាល​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ ការប្រើប្រាស់​ទឹកស្អាត​កើនឡើង​ដល់​ជិត​ ១ ​ម៉ឺនគ្រួសារ ដែល​ខុសពី​ឆ្នាំ​ ២០១៩ ​នៅ​ក្រុង-ស្រុក​ទាំង​ ២ ​នេះ​មាន​អ្នក​ប្រើ​ទឹកតែ​ជាង ៥ ០០០ ​គ្រួសារ​ប៉ុណ្ណោះ​៕