ភ្នំពេញៈ បន្ទាប់ពី​បិទបញ្ចប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​មក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប) ​បាននិងកំពុង​ពិនិត្យ​កែតម្រូវ​ទិន្នន័យ​បញ្ជីឈ្មោះ​ និង​បញ្ជី​ដែល​ត្រូវបាន​លុប​​ឈ្មោះ​ចេញ ដើម្បី​រៀបចំ​ឱ្យ​ទៅ​ជា​បញ្ជី​បោះឆ្នោត​ដំបូង ដែល​គ្រោង​នឹង​បិទផ្សាយ​ជា​សាធារណៈ​នៅ​ដើមឆ្នាំ​ក្រោយ​នៅ​តាម​បណ្តា​ឃុំ-សង្កាត់​នានា​នៅ​ទូទាំង​ប្រទេស​។

លោក សោម សូរីដា អ្នក​នាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២១ ថា ការបិទផ្សាយ​ជា​សាធារណៈ​នូវ​បញ្ជី​បោះ​ឆ្នោ​ដំបូង និង​បញ្ជី​ដែល​ត្រូវបាន​លុបឈ្មោះ​ចេញ​នេះ​គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​មើល និង​ប្តឹង​ជំទាស់​តវ៉ា​​ស្នើសុំ​កែតម្រូវ​មុននឹង​ គ.ជ.ប ​ប្រកាស​ផ្តល់​សុពលភាព​ជា​ផ្លូវការ​សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់​អាណត្តិ​ទី​ ៥ នៅ​ឆ្នាំ​ ២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ មិថុនា​។

លោក​បាន​ពន្យល់ថា ការបិទផ្សាយ​ជា​សាធារណៈ​ទាំង​បញ្ជី​បោះឆ្នោត​ដំបូង និង​ទាំង​បញ្ជី​អ្នក​ដែល​ត្រូវបាន​លុបឈ្មោះ​ចេញ​នេះ​គឺ​ត្រូវធ្វើឡើង​ទន្ទឹមគ្នា​ក្នុង​រយៈពេល ១០ ​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២២ ​ទៅ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាច​ទៅ​ពិនិត្យមើល​ឈ្មោះ​របស់ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង ដើម្បីឱ្យ​​ប្រាកដថា មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ផង និង​ទិន្នន័យ​របស់គាត់​ពិតជា​ត្រូវ​បាន​កត់ត្រា​ត្រឹមត្រូវ​ទៅតាម​ឯកសារ​សម្រាប់​យកទៅ​បោះឆ្នោត​ផង ។

បើតាម​លោក សោម សូរីដា ប្រជាពលរដ្ឋ​ក៏​អាច​ពិនិត្យមើល​បញ្ជី​ឈ្មោះ​ដែល​ត្រូវបាន​លុបចេញ​បាន​ផងដែរ​។ ក្នុងករណី​​ពិនិត្យ​មើលឃើញ​ឈ្មោះ​របស់​​ខ្លួន​មាននៅ​ក្នុង​បញ្ជី​ដែល​ត្រូវបាន​លុប​នោះ ប្រជាពលរដ្ឋ​មាន​​សិទ្ធិ​ប្តឹងតវ៉ា​ ដើម្បី​រក្សាទុក​ឈ្មោះ​របស់គាត់​នៅក្នុង​បញ្ជី​បោះឆ្នោត​វិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​បន្ទាប់ពី​បិទបញ្ចប់​ការប្តឹងតវ៉ា និង​ប្តឹង​ជំទាស់​ទៅនឹង​បញ្ជី​បោះឆ្នោត​ដំបូង​ ឬ​បញ្ជី​ដែល​ត្រូវបាន​លុបចេញ​ពី​បញ្ជី​បោះឆ្នោត ហើយ​ត្រូវបាន​ដោះស្រាយ​បណ្តឹង​បញ្ចប់​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​ប្រកាស​ផ្តល់​សុពលភាព​នូវ​បញ្ជី​បោះឆ្នោត​ផ្លូវការ​នៅ​​ថ្ងៃទី​ ១២ កុម្ភៈ ឆ្នាំ​ ២០២២»​។

លោក សំ សុគន្ធាមី នាយកប្រតិបត្តិ​អង្គការ​អព្យាក្រឹត​ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​នៅ​កម្ពុជា​ (NICFEC) ​បាន​ថ្លែងថា ចំពោះ​ការបិទផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ និង​បញ្ជី​ដែល​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ខាងមុខនេះ អង្គការ​របស់លោក​នឹង​​មិន​ដាក់​អ្នកសង្កេតការណ៍​ឃ្លាំមើល​ទៀត​ទេ ព្រោះ​អង្គការ​ធ្លាប់​បានដាក់​អ្នកសង្កេតការណ៍​ឃ្លាំមើល​រួចហើយ​កាលពី​អំឡុងពេល​ពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​កន្លងមក​។

លោក​បាន​ថ្លែងថា​៖ «​នៅពេល​ដែល គ.ជ.ប ប្រកាស​ផ្តល់​សុពលភាព​ហើយ ប្រជាពលរដ្ឋ​អត់​អាច​ប្តឹងតវ៉ា​ ឬ​ជំទាស់​បានទេ ព្រោះ​គេ​ទុកពេល​ឱ្យ​យើង​ច្រើន​ដែរ​ហើយ​។ កាលពី​​ពេល​ចុះឈ្មោះ​បោះឆ្នោត ក៏​គេ​ទុកពេល​ឱ្យ​កែតម្រូវ​បានដែរ ប៉ុន្តែ​លើក​នេះ បើ​ពិនិត្យឃើញ​ខុស​អី​ក៏​អាច​ប្តឹង​ជំទាស់​កែតម្រូវ​​បានដែរ​»​។

បើតាម​លោក សំ សុគន្ធាមី ប្រសិនបើ​ពលរដ្ឋ មិន​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត ក្រោយពី​ គ.ជ.ប ប្រកាស​ផ្តល់​សុពលភាព​ជា​ផ្លូវការ ប្រជាពលរដ្ឋ​ទាំងនោះ​អាច​រង់ចាំ​ចុះឈ្មោះ​នៅ​រៀងរាល់​ឆ្នាំ​បន្តបន្ទាប់​ទៀត ព្រោះ​ គ.ជ.ប តែងតែ​រៀបចំ​ចុះឈ្មោះ​អ្នកបោះឆ្នោត​​ថ្មី​ជា​រៀងរាល់​ចុងឆ្នាំ​នីមួយៗ​។

យោងតាម​របាយការណ៍​របស់ គ.ជ.ប បង្ហាញថា ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​បណ្តោះអាសន្ន​ក្នុង​ការពិនិត្យ​បញ្ជី​ឈ្មោះ​​ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២១ ក្នុង​រយៈពេល​ ៥០ ​ថ្ងៃ សរុប​មាន​ចំនួន​ ៩ ២០៥ ៧៤៣ ​នាក់​ក្នុង​នោះ​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​ ៧ ៩៤២ ​នាក់ អ្នក​ដែល​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​មាន​ចំនួន ៩ ៦២៧ ​នាក់ អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ​មាន​ចំនួន ៣ ៥០៥ ​នាក់ និង​អ្នក​ដែល​បាន​ផ្ទេរ​លំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ៤ ១៦៦ ​នាក់​៕