The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​វេទិកា​ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​លើ​កម្មករ

រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​វេទិកា​ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​លើ​កម្មករ

Content image - Phnom Penh Post
រូបភាព​រថយន្ត​ដឹក​កម្មករ​ដែល​ត្រូវបាន​បង្ហាញ​ក្នុង​វេទិកា​ពីថ្ងៃ​ទី​ ១៥ ធ្នូ​។ ហ៊ាន រង្សី

រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​វេទិកា​ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​លើ​កម្មករ

ភ្នំពេញៈ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​រួមគ្នា​ធ្វើ​វេទិកា​ថ្នាក់​និពន្ធ​នាយក​សារព័ត៌មាន​ស្តីពី​ “​ការលើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ ​សម្រាប់​កម្មករនិយោជិត​នៅ​កម្ពុជា​” ​ដើម្បី​លើក​ពី​បញ្ហា​ប្រឈម​ និង​ដាក់ចេញ​យុទ្ធសាស្ត្រ​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

វេទិកា​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២១ ក្នុង​គោលបំណង​បង្ហាញ​នូវ​ព័ត៌មាន ភ័ស្តុតាង និង​អនុសាសន៍​ដើម្បី​​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កម្មករ​និយោជិត​កម្ពុជា​តាមរយៈ​ការចូលរួម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការផ្តល់​ព័ត៌មាន​ឱ្យ​​ដល់​កម្មករ​បាន​ទូលំទូលាយ​បន្ថែមទៀត​។

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លោកស្រី មឹន មាណវី បាន​ថ្លែងថា ទោះបីជា​រាជរដ្ឋាភិបាល​តាមរយៈ​ស្ថាប័ន​នានា​ និង​​ដៃគូ​ពាក់ព័ន្ធ​ដាក់ចេញ​យុទ្ធសាស្ត្រ​ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្តី ប៉ុន្តែ​បញ្ហា​នេះ​នៅតែ​ជា​ក្តីបារម្ភ​។

លោកស្រី​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​វេទិកា​នេះ​ដែល​បង្ហាញ​ឱ្យ​ឃើញថា ភាគី​ពាក់ពន្ធ​នៅតែ​បន្ត​យកចិត្តទុកដាក់​លើ​បញ្ហា​នេះហើយ​ដោះស្រាយ​រួមគ្នា​ ដើម្បី​សង្គ្រោះ​ជីវិត​ពលរដ្ឋ ជាពិសេស​​កម្មករ​និយោជិត​ដែល​នៅ​បន្ត​រងគ្រោះថ្នាក់​ចរាចរណ៍​។

លោកស្រី​ថា​៖ «​វេទិកា​ថ្ងៃនេះ​​គឺជា​ពង្រឹង​ទំនាក់ទំនង​សំដៅ​បន្ត​រួមគ្នា​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ ដើម្បី​បង្កើន​សកម្មភាព​រួម​រវាង​អ្នកពាក់ព័ន្ធ​ឈាន​​ទៅ​ធ្វើ​ឯកសារ​ឡើង​នូវ​សុវត្ថិភាព​ក្នុង​ការធ្វើ​ដំណើរ​ទៅមក​​បំពេញ​ការងារ​របស់​កម្មករ​និយោជិត​វិស័យ​កាត់ដេរ​សម្លៀក​​បំពាក់​ និង​ផលិត​ស្បែកជើង​​ តាមរយៈ​ការបង្ហាញ ពិភាក្សា ការផ្លាស់ប្តូរ​យោបល់​ទៅវិញ​​ទៅមក​»​។

លោកស្រី សង្ឃឹមថា វេទិកា​​នេះ​នឹង​ផ្តល់​នូវ​គុណប្រយោជន៍​​ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ផលប៉ះពាល់​អាក្រក់​ក៏ដូចជា អាច​​ជួយសង្គ្រោះ​អាយុជីវិត និង​​លើកកម្ពស់​សុខុមាលភាព​កម្មករនិយោជិត​ក្នុង​ការធ្វើ​ដំណើរ​បំពេញការងារ​ទៅមក​។

នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា លោក គឹម បញ្ញា បាន​ថ្លែងថា តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​កន្លងមក បញ្ហា​ប្រឈម​របស់​កម្មករ​​អំឡុងពេល​ធ្វើដំណើរ ដោយសារ​​កត្តា​ចំណេះដឹង ខ្វះ​ប្រុងប្រយ័ត្ន ជាពិសេស​កត្តា​យានជំនិះ​ដឹកកម្មករ​ដែល​ខ្វះ​បច្ចេកទេស​។

លោក​បន្តថា ក្នុងន័យនេះ​​លោក​កំពុង​សិក្សា​ស្រាវជ្រាវ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​គម្រោង​លើកកម្ពស់​សុវត្ថិភាព​​ចរាចរណ៍​របស់​កម្មករ​ដែល​កម្មវិធី​នេះ​មាន​រយៈពេល​ ៣ ​ឆ្នាំ​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​ ២០១៩ រហូតដល់ ខែវិច្ឆិកា ឆ្នាំ ២០២២ ។

លោក​ថា​៖ «​សកម្មភាព​យើង​ផ្តោត​សំខាន់​គោលដៅ​ទៅលើ​ ៣០ ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​ដោយ​​ធ្វើការ​វិវឌ្ឍ​ការសិក្សា​ស្រាវជ្រាវ​​ និង​ផ្សព្វផ្សាយ ជំរុញ​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំង​អ្នកបញ្ជា​ទិញ និង​​ជួប​ផ្ទាល់​ជាមួយ​រោងចក្រ​គោលដៅ​របស់​យើង​»​។

លោក​ក៏បាន​បញ្ជាក់ថា តាមរយៈ​គម្រោង​នេះ​នឹង​ធ្វើការ​ដោយផ្ទាល់​ជាមួយ​រោងចក្រ​គោលដៅ ដើម្បី​ជំរុញ​ឱ្យ​មាន​​ការផ្លាស់ប្តូរ​រថយន្ត​ដឹក​កម្មករ​ឱ្យស្រប​ទៅ​តាម​លក្ខណៈ​បច្ចេកទេស និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​។

អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ បាន​ថ្លែងថា ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការចូលរួម​ចំណែក​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​នូវ​បញ្ហា​នេះ​ពិតជា​ដើរតួ​យ៉ាងសំខាន់ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​បន្ថែមទៀត​។

លោក​ថា​៖ «​យើង​ឃើញថា​វិស័យ​ព័ត៌មាន​បាន​ដើរតួ​ក្នុង​ការរួមចំណែក​លើក​កម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​វិស័យ ក្នុងនោះ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​និយាយ​ជារួម និង​និយាយ​ដោយឡែក​គឺ​ក្នុងចំណោម​កម្មករនិយោជិត​»​។

លោក​បាន​បន្ថែមថា កន្លងមក​ក្រសួង​​ព័ត៌មាន​ដែល​ជា​ស្ថាប័នរដ្ឋ​បាន​ខិតខំ​ប្រឹងប្រែង​ផលិត​ស្ប៉ត និង​ផ្សព្វផ្សាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​មាន​ការចូលរួម​ពី​ស្ថាប័ន​សារព័ត៌មាន និង​ពី​វិស័យ​​ឯកជន​ផងដែរ​។

លោក នាក់ ហេង ប្រធាន​សមាគម​​ដឹកជញ្ជូន និង​ការងារ​ក្រៅ​ប្រព័ន្ធ​បាន​ថ្លែង​​ថា មូលហេតុ​ដែល​កម្មករ​នៅតែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ដោយសារ​រថយន្ត​ដឹក​កម្មករ​មាន​ការកែច្នៃ​ខុស​បច្ចេកទេស​។

លោក​ថា​៖ «​កត្តា​បញ្ហា​ធំ​ផុត​គឺ​ការផ្លាស់ប្តូរ​រថយន្ត​ដឹកទំនិញ​ទៅជា​រថយន្ត​ដឹក​កម្មករ​ព្រោះ​ម្ចាស់​រថយន្ត​ភាគច្រើន​ខ្ចីលុយ​ធនាគារ​ទិញ​រថយន្ត​ដឹកទំនិញ​​យក​ទៅ​កែច្នៃ ដូច្នេះ​ឡាន​មាន​ភាពប្រឈម​ច្រើន​»​។

យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ចេញផ្សាយ​ក្នុង​ខែ​មិថុនា ឆ្នាំនេះ​បាន​ឱ្យដឹង​​ថា ក្នុង​ឆ្នាំ​ ២០២០ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំពោះ​កម្មករ​និយោជិត​មាន​ចំនួន​ ២ ២០៦ ​លើក ស្មើនឹង​ ១៨៣ ​លើក​ក្នុង​ ១ ​ខែ ក្នុងនោះ​កម្មករនិយោជិត​​ចំនួន​ ៣០ ​នាក់​បាន​ស្លាប់ និង​ ៤៦៧ ​នាក់​​បាន​រងរបួស​ក្នុងករណី​ចរាចរណ៍​។

របាយការណ៍​បន្តថា «​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​បង្ហាញថា ៣០ ​ភាគរយ​​នៃ​រថយន្ត​ដែល​ប្រើប្រាស់​សម្រាប់​ដឹកជញ្ជូន​កម្មករ មិនបាន​ចុះបញ្ជី​ហើយ​ ៧៣ ​ភាគរយ​នៃ​អ្នកបើកបរ​ដែល​បាន​​តប​សម្ភាស​បានលើកឡើង​ថា រថយន្ត​​របស់​ពួកគេ ផ្ទុក​កម្មករ​លើស​ចំណុះ​ជា​ញឹកញាប់ អាច​ស្មើនឹង​ ២ ​ដង​នៃ​សមត្ថភាព​ទម្ងន់​ផ្ទុក​»៕

អត្ថបទគួរចាប់អារម្មណ៍