ភ្នំពេញៈ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​ស.ស.យ.ក.) សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា សម្របសម្រួល​ផ្តល់​កន្លែងស្នាក់នៅ និង​តម្រូវការ​ចាំបាច់​មួយចំនួន​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​ ១២ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) ដែល​នឹង​ប្រព្រឹត្តទៅ​នា​ចុងខែ​ធ្នូ ឆ្នាំ​ ២០២១ ខណៈ​សម័យ​ប្រឡង​នេះ​មាន​បេក្ខជន​សរុប​ជាង​ ១១ ​ម៉ឺន​នាក់​។

សេចក្ដី​ណែនាំ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ឱ្យ​ដឹងថា ក្នុងឱកាស​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​ថ្ងៃទី​ ២៧ និង​ ២៨ ធ្នូ ឆ្នាំ​ ២០២១ ​ខាងមុខនេះ មាន​បេក្ខជន​មួយចំនួន​អាច​មាន​លំនៅ​ឆ្ងាយ​ពី​មណ្ឌល​ប្រឡង នៅតាម​បណ្តា​រាជធានី ខេត្ត ដែល​អាចធ្វើឱ្យ​មាន​ការលំបាក​មួយចំនួន ដូចជា​ការធ្វើដំណើរ​ និង​ការស្នាក់នៅ​ជាដើម​។

ដូច្នេះ​ដើម្បី​ចូលរួមចំណែក​សម្របសម្រួល​តាម​លទ្ធភាព​ដល់​សិស្សានុសិស្ស និង​គ្រួសារ ស.ស.យ.ក. តម្រូវ​ឱ្យ​គណៈកម្មាធិការ​រាជធានី- ខេត្ត ស្វែងរក​លទ្ធភាព​ផ្តល់​ជា​កន្លែង​ស្នាក់នៅ កន្លែង​ទុកដាក់​កង់ ម៉ូតូ នៅក្រៅ​មណ្ឌល​ប្រឡង និង​តម្រូវការ​ចាំបាច់​មួយចំនួន​ទៀត តាមរយៈ​គ្រប់​រូបភាព និង​លទ្ធភាព​ដែល​អាចជួយ​បាន​។

សេចក្តី​ណែនាំ​បញ្ជាក់ថា «​ក្នុងអំឡុងពេល​ប្រឡង​នាពេល​ខាងមុខនេះ គណៈកម្មាធិការ​កណ្តាល​នឹង​ពិនិត្យ​លទ្ធភាព​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា និង​អាជ្ញាធរ​មូលដ្ឋាន​ទូទាំងប្រទេស លើ​ការសម្របសម្រួល​ដល់​សិស្ស​ទី​ ១២ ដែល​មក​ប្រឡង​នៅ​ទី​រួម​ខេត្ត និង​ទីតាំង​ប្រមូលផ្តុំ​មណ្ឌល​ប្រឡង​ដទៃទៀត​»​។

ជាមួយ​គ្នា​នេះ ស.ស.យ.ក. ក៏បាន​ណែនាំ​ឱ្យ​គណៈកម្មាធិការ​រាជធានី-ខេត្ត​បន្ត​ចូលរួម​ឱ្យបាន​សកម្ម​ជាមួយ​បុគ្គលិក​អប់រំ​គ្រប់​លំដាក់​ថ្នាក់ ដើម្បី​ធានា​និរន្តរភាព​នៃ​ការអប់រំ ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដោយ​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​តាម​វិធានការ​សុខាភិបាល​។ ជាពិសេស​ណែនាំ​ឱ្យ​សមាជិក​សមាជិកា ដែល​ចូលរួម​សម្របសម្រួល​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ និង​ប្រកាន់ខ្ជាប់​វិធានការ ៣ ​ការពារ និង​ ៣ ​កុំ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សាទរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុង​ការសម្របសម្រួល​ដល់​សិស្សានុសិស្ស​ដែល​នឹងចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​ ២០២០-២០២១ ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះ​សហភាព​សហព័ន្ធ​យុវជន-កម្ពុជា​ដែល​ចូលរួមចំណែក​ក្នុង​ការជួយ​សម្រួល​ដល់​ប្អូនៗ​សិស្សានុសិស្ស នូវ​កន្លែងស្នាក់នៅ ព្រមទាំង​តម្រូវការ​ចាំបាច់​ផ្សេងៗ ដែល​ទឹកចិត្ត​ដ៏ប្រពៃ​នេះ បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​ចំពោះ​យុវជន​កម្ពុជា​»​។

លោក រស់ សុវាចា ថ្លែងថា តាម​យន្តការ​ឆ្នាំកន្លងមក ក្រសួង​អប់រំ​បាន​ស្នើ​កិច្ចសហការ​ពី​ក្រសួង​មហាផ្ទៃ អង្គភាព​ប្រឆាំង​អំពើពុករលួយ ស.ស.យ.ក. ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចូលរួម​គ្រប់​ដំណាក់កាល​នៃ​ដំណើរ​ការប្រឡង​បាក់​ឌុប​សម័យ​ប្រឡង ថ្ងៃទី​ ២៧ ធ្នូ ២០២១​។ លោក​ថា ការចូលរួម​នេះ ដើម្បី​បន្ត​អនុវត្ត​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​ស្រប​នឹង​វិធានការ​សុវត្ថិភាព​សុខភាព ខណៈ​នៅ​ទូទាំងប្រទេស ដំណើរការ​រៀបចំ​ប្រឡង​បាក់ឌុប​បាននិង​កំពុង​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក​។

បើតាម​លោក រស់ សុវាចា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​សិស្ស​ថ្នាក់​ទី​ ១២ រយៈពេល​ ២ ​ថ្ងៃ គឺមាន​បេក្ខជន​ប្រឡង​ទូទាំងប្រទេស​ចំនួន​ ១១៥ ១៤៩ ​នាក់​ក្នុង​នោះ​បេក្ខនារី​មាន​ចំនួន​ ៦០ ៦៨២ ​នាក់​។ ក្នុង​បេក្ខជន​សរុប​នេះ ចំពោះ​បេក្ខជនស្វ័យរិន គឺ​មាន​ចំនួន​ ៤ ៣៣៤ ​នាក់ នារី​ ១ ៧៦២ ​នាក់​។ ចំណែក​បេក្ខជន​បំពេញវិជ្ជា​ចំនួន​ ៣ ៤៦១ ​នាក់ នារី​ ១ ០៥៣ ​នាក់ និង​បេក្ខជន​ស្វ័យរិន​បំពេញ​វិជ្ជា​ ២ ០៤៣ ​នាក់ នារី​ ៤៦៨ ​នាក់​។ មណ្ឌល​ប្រឡង​ទូទាំងប្រទេស​មាន​ ២០៤ ​និង​មាន​ ៤ ៦៥២ ​បន្ទប់ មាន​គណ:កម្មការ​អប្បមាទ​ចំនួន ៦១២ ​នាក់​ និង​ជំនួយការ​អប្បមាទ​ ១ ៥៧៨ ​នាក់​៕