កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ​ចំនួន​​ ១២ ​គ្រួសារ​ដែល​រស់នៅក្នុង​សំណង់​អគារ​ចាស់​តាំងពី​ជំនាន់​បារាំង​ដែលមាន​អាយុកាល​ ៩០ ឆ្នាំ​ស្ថិតនៅ​បណ្តោយ​ផ្សារក្រោម ក្នុង​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ស្ម័គ្រចិត្ត​ចាកចេញ​ជា​បណ្តោះអាសន្ន តាម​សំណើ​របស់​អាជ្ញាធរ បន្ទាប់ពី​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​វាយតម្លៃថា សំណង់​នេះ ចាស់​ទ្រុឌទ្រោម​ខ្លាំង ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​​ ១២ ​គ្រួសារ​ដែល​រស់នៅ​លើ​សំណង់​អគារ​នោះ ត្រូវ​រុះរើ​ចេញ​ត្រឹម​ថ្ងៃទី​ ១៣ ធ្នូ ឆ្នាំ​ ២០២១ ​ជា​កំហិត​។ សេចក្តី​ជូនដំណឹង​បន្តថា​៖ «​រដ្ឋបាលខេត្ត​បាន​ជូនដំណឹង​ឱ្យ​រុះរើ ៣ ​ដង​រួចមកហើយ ដូចនេះ​សូម​ពលរដ្ឋ​កំពុង​រស់នៅ​ ១៣ ​ល្វែង ដែល​មាន​សភាព​ទ្រុឌទ្រោម​យ៉ាងខ្លាំង ត្រូវ​រុះរើ​ចេញ មិន​អាច​រក្សាទុក​តទៅ​ទៀត​បានទេ ចំណែក​ទ្រព្យសម្បត្តិ សម្ភារ​ផ្សេងៗ​ និង​បណ្ណកម្មសិទ្ធិ​ត្រូវ​រក្សាទុក​ឱ្យបាន​ត្រឹមត្រូវ​ដោយ​ខ្លួនឯង​»​។

អ្នកស្រី សៀង ហួរ អាយុ ៣៨ ឆ្នាំ​ដែល​រស់នៅក្នុង​សំណង់​នេះ​តាំងពី​ដូនតា​មក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការព្រម​ចាកចេញ​នេះ ដោយសារ​អាជ្ញាធរ​បាន​សន្យា​ជួយ​សម្រួល​ចេញ​ថ្លៃ​ការរុះរើ ហើយ​ និង​ចេញ​ច្បាប់​សាងសង់​ដល់​ពលរដ្ឋ​។ ប៉ុន្តែ​ការចំណាយ​សាងសង់​ឡើងវិញ​អស់​ចំនួន​ប៉ុន្មាន​នោះ ប្រជាជន​ដែលជា​ម្ចាស់​កម្មសិទ្ធិ​នីមួយៗ​ចេញ​សេវា​ដោយ​ខ្លួនឯង​។

អ្នកស្រី​ថា​៖ «​ពួកខ្ញុំ​មិនទាន់​ដឹង​ច្បាស់​ថា​អាជ្ញាធរ​ចេញ​ច្បាប់​សាងសង់​ឱ្យ​ពេលណា​ទេ គាត់​គ្រាន់តែ​ថា នឹង​ចេញ​ច្បាប់​សាងសង់​ឱ្យបាន​ឆាប់រហ័ស​ហើយ​​ពួកខ្ញុំ​រង់ចាំ​មើល បើ​ក្នុង​រយៈពេល ១ ​អាទិត្យ ក្រោយពី​រុះរើ អាជ្ញាធរ​មិន​ធ្វើ​អ្វី​ដែល​ជា​លិខិតស្នាម​សម្រាប់​ពួកខ្ញុំ យើង​នឹង​មាន​ការប្រតិកម្ម​»​។

អ្នកស្រី​បាន​រៀបរាប់ថា ពេល​ដឹងក្តី​មក អ្នកស្រី​បានរស់នៅ​ជាមួយ​ជីដូន​ហើយ​បច្ចុប្បន្ន​ជីដូន​មាន​អាយុ​ ១០០ ​ឆ្នាំ​ហើយ ពួក​អ្នកស្រី​មាន​ប្លង់រឹង​ត្រឹមត្រូវ​តាមច្បាប់​។ អ្នកស្រី​ក៏​ទទួលស្គាល់​ដែរ​ថា រយៈពេល​រស់នៅ​ជាច្រើន​ឆ្នាំ​មកនេះ​សំណង់​នោះ ពិតជា​ទ្រុឌទ្រោម និង​មាន​ការកែលម្អ ជួសជុល​ជា​បន្តបន្ទាប់ ប៉ុន្តែ​អាច​រស់នៅ​បាន​ធម្មតា​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ផ្ទះ​ខ្លះ មាន​ការជួសជុល​ជា​បន្តបន្ទាប់ ប៉ុន្តែ​នៅរស់​នៅបាន​ដូច​សំណង់​គេ​ធម្មតា​ដែរ គ្រាន់តែ​ពេល​ភ្លៀង​មក ផ្ទះ​ខ្លះ​ស្រក់​ទឹក កាល​មិនទាន់​ជួសជុល​មាន​ហានិភ័យ​តិចតួច​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ជួសជុល​ហើយ​ដូច​រស់នៅ​ផ្ទះ​ថ្មី​អ៊ីចឹង ដូច​អត់​មាន​ហានិភ័យ​ខ្លាំង​នោះទេ​»​។

លោក សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង​ថ្លែង​ថា ទោះបី​ជា​ពលរដ្ឋ​មិន​ព្រម​រុះរើ អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​លោក​លើកឡើងថា ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ​។ លោក​ថា​៖«​ពួកគាត់​បាន​ចាកចេញ​ជា​បណ្តើរៗ​តាំងពី​សប្តាហ៍​មុន​។ រដ្ឋបាលខេត្ត​មិនមាន​បំណង​អ្វី​ក្រៅពី​ជួយសង្គ្រោះ​ជីវិត និង​ទ្រព្យសម្បត្តិ​ពួកគាត់​ទេ យើង​មិនមែន​យក​អគារ​គាត់​ទេ ផ្ទុយ​មកវិញ រដ្ឋបាលខេត្ត​ជួយ​សម្របសម្រួល​ក្នុង​ការផ្តល់សេវា​ជួយ​សុំច្បាប់​សម្រាប់​រុះរើ និង​សាងសង់​ថ្មី​»​។

លោក​គូសបញ្ជាក់ថា ផ្អែក​តាម​ការវាយតម្លៃ​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​សំណង់​នេះ​មិនអាច​ជួសជុល​ប្រើប្រាស់​បាន​ទៀត​ទេ ពីព្រោះ​អាច​ប្រឈម​នឹង​ការបាក់រលំ​ទៅ​ថ្ងៃមុខ​។ លោក​បន្តថា មូលហេតុ​មិន​ទុក​សំណង់​ដែលមាន​អាយុកាល​​ ៩០ ​ឆ្នាំនេះ​ ដោយសារ​សំណង់​នោះ​មិនមាន​លក្ខណ​ពិសេស មិនមាន​ក្បាច់ក្បូរ ដូច​សំណង់​ផ្សេងៗ​នោះទេ​។

លោក​ ហ៊ីង ភ័ព្វមីនា អភិបាល​ស្តី​ទីក្រុង​កំពង់ឆ្នាំង បាន​ថ្លែងថា សំណង់​នេះ​ជា​ប្រភេទ​សំណង់​គ្រោះថ្នាក់ ដោយ​ផ្អែក​តាម​ការវាយតម្លៃ​ពី​ក្រសួង​ពាក់ព័ន្ធ​ចំនួន​ ២ ​។ លោក​បន្តថា​៖ «​យើង​អត់​អាច​ទុក​វា​បាន​ទៀត​ទេ ព្រោះ​មាន​ការវាយតម្លៃ​ច្បាស់លាស់​ពី​ក្រសួង សំណង់​នេះ​មាន​អាយុ ៩០ ​ឆ្នាំ សាងសង់​ក្នុង​ឆ្នាំ​ ១៩៣១ ហើយ​លទ្ធភាព​ក្នុង​ការប្រើប្រាស់​អស់​ហើយ​»​។ លោក​ថា ដោយសារ​សំណង់​នេះ​ជា​សហកម្មសិទ្ធិ​ឯកជន ដូច្នេះ​ទុកឱ្យ​ពលរដ្ឋ​ជា​អ្នកសម្រេចចិត្ត​ក្នុង​ការសាងសង់​ឡើង​វិញ​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះ​ខែ​​មករា ឆ្នាំ​ ២០២១ បានឱ្យដឹងថា កាលពី​ឆ្នាំ​ ២០២០ មន្ត្រី​ជំនាញ​របស់​ក្រសួង​បាន​ចុះ​ពិនិត្យ​វាយតម្លៃ​ពី​ស្ថានភាព​សំណង់​អគារ​ ១៣ ​ល្វែង​នោះ​។ ជា​លទ្ធផល​ក្រោយ​ការចុះពិនិត្យ​ជាក់ស្ដែង អគារ​​ ១៣ ​ល្វែង​នេះ មាន​ស្ថានភាព​ចាស់​ទ្រុឌទ្រោម និង​ខូចខាត​ខ្លាំង​ចំពោះ​គ្រឿង​ផ្គុំមេ (​សសរ ធ្នឹម ប្លង់សេ​) ​ដោយ​មាន​ភាពដាប ជ្រាប​ទឹក ប្រេះ​បែក​បេតុង និង​ច្រែះ​ស៊ី​ដែក​ដែល​ពុំ​អាច​ជួសជុល​ឡើងវិញ​បាន និង​អាច​នាំឱ្យមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការស្នាក់នៅ​។ សេចក្តី​ជូនដំណឹង​បញ្ជាក់ថា​៖ «​ដូច្នេះ ក្រសួង​ឯកភាព​ឱ្យ​ធ្វើការ​រុះរើ​ចេញ​នូវ​សំណង់​ខាងលើនេះ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ និង​អាចឱ្យ​សាងសង់​អគារ​ថ្មី​»​។ ចំណែក​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃទី​ ១៣ ខែកុម្ភៈ ឆ្នាំ​ ២០២០ ក៏បាន​ចេញ​លទ្ធផល​វាយតម្លៃ​ស្រដៀង​គ្នា​ទៅនឹង​ក្រសួង​វប្បធម៌​ផងដែរ​៕

វីដេអូ៖