ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) បាន​សហកា​រជាមួយ​គណៈកម្មការ​ប្រកួត​ប្រជែង និង​អ្នកប្រើប្រាស់​អូស្ត្រាលី (ACCC) រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល២ ថ្ងៃ ស្ដីពី​ការដោះស្រាយ​វិវាទ និង​ការដោះស្រាយ​បណ្ដឹង ។

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ ទ​ទួល​បន្ទុក​ជា​អគ្គនាយក ក.ប.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ ត្រូវ​រៀបចំឡើង ​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី ១៥-១៦ ធ្នូ ដោយមាន​ការចូលរួម​ពី​អគ្គនាយករង ប្រធាន​នាយកដ្ឋាន អនុប្រធាន នាយកដ្ឋាន ប្រធាន/អនុប្រធាន​សាខា ក.ប.ប រាជធានី ខេត្ត​ទាំង២។

​នៅ​ថ្ងៃទី ១៥ ធ្នូ ក.ប.ប បាន​សិក្សា​​ពី​ដំណើរការ នៃ​ការទទួល​បណ្តឹង​របស់ ACCC ។ ក្នុង​ដំណើរការ​នេះ ACCC បានធ្វើ​បទ​បង្ហាញ ដើម្បី​ធ្វើជា​ធាតុ​ចូលដល់ ក.ប.ប ក្នុងការ​ដោះស្រាយ នៅពេល​ដែលមាន​ពាក្យបណ្តឹង​ណាមួយ​កើតឡើង ដោយមាន​ដំណើការនិងការ​វិភាគ​ទៅលើ​ការរកស៊ី កា​ធ្វើ​ពាណិជ្ជកម្ម ដោយ​មិន​កំណត់​វិស័យ​ណាមួយ​ឡើយ ឱ្យតែ​ជា​វិស័យ​ពាក់ព័ន្ធ​នឹង​បណ្តឹង។

លោក​បញ្ជាក់ទៀតថា សម្រាប់​នៅ​ថ្ងៃទី ១៦ ខែធ្នូ នឹងមាន​ការចែករំលែក​នូវ​បទពិសោធ របស់​ប្រទេស​ថៃ ក្នុង​យន្តការ​នៃ​ការ​ដោះស្រាយ​បណ្តឹង ដោយ​សិក្សា​ទៅលើ​គោលការណ៍​អាស៊ាន ពាក់ព័ន្ធ​នឹង​យន្តការ​ស​ម្រប​សម្រួល​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​​ជាដើម ។

លោក​ថ្លែងថា៖ « ក្រោយ​វគ្គ​បណ្តុះបណ្តាល បើ​អាច ​នៅពេល​មើលឃើញថា យន្តការ​ណាមួយ​ល្អ និង​ទទួលបាន​ដោយ​ភាគី​ជម្លោះ​ណាមួយ យើង​អនុវត្ត​វិធានការ​នោះ នៅក្នុង​លក្ខខណ្ឌ ដែល​មិន​រំលោភ​ទៅនឹង​ក្រមព្រហ្មទណ្ឌ»។

បើតាម លោក ផាន អូន អគ្គនាយកដ្ឋាន ក.ប.ប មាន​ជំហរ​ក្នុង​ការចង់​ដោះស្រាយ​បណ្តឹង ឱ្យបាន​កាន់តែ​ឆាប់​កាន់តែ​ប្រសើរ ពាក់ព័ន្ធ​នឹង​បណ្តឹង​ដែល​ភាគី​ជម្លោះ​មាន ដោយ​ធ្វើយ៉ាងណា អាច​ទទួលយក​ដំណោះស្រាយ​បាន​ក្រៅ​ប្រព័ន្ធតុលាការ ដែល​មិនមែនជា​បទល្មើស​ព្រហ្មទណ្ឌ ។

យោងតាម​វគ្គ​បណ្ដុះបណ្ដាល ស្តីពី «ការដោះស្រាយ​វិវាទ និង​ការដោះស្រាយ​បណ្ដឹង» នេះ​បង្ហាញថា វគ្គ​បណ្តុះបណ្តាល​នេះ ទទួលបាន​ការចែករំលែក​បទពិសោធ​ ពាក់ព័ន្ធ​ទៅនឹង​កិច្ចការពារ​អ្នកប្រើប្រាស់ ​ដោយ​ជំនាញការ​ចំនួន ៥រូប មកពី​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ថៃ លើ​ប្រធានបទ​ចំនួន ៤ សំខាន់ៗ ។

ប្រធានបទ​សំខាន់​ទាំង ៤ នេះ រួមមាន ១ -ទិដ្ឋភាព​ទូទៅ​ នៃ​ដំណើរការ​ដោះស្រាយ​បណ្ដឹង​របស់ ACCC ២- ទិដ្ឋភាព​ទូទៅ​នៃ​ការដោះស្រាយ​វិវាទ ​ក្រៅ​ប្រព័ន្ធតុលាការ (ADR) និង​គោលការណ៍​ណែនាំ ADR របស់​អាស៊ាន ៣- ទស្សនៈ​របស់ ACCC លើ​ការដោះស្រាយ​វិវាទ៖ វិធីសាស្ត្រ​ក្នុងការ​ចូលរួម​ជាមួយ​ពាណិជ្ជករ និង​ការចរចា​លទ្ធផល​ដើម្បី​ដោះស្រាយ​វិវាទ​ក្រោម​ច្បាប់​អ្នក​ប្រើ​ប្រាស់ និង ៤- ទិដ្ឋភាព​ទូទៅ ​នៃ​ប្រព័ន្ធ​ការពារ​អ្នកប្រើប្រាស់​ថៃ៖ មេរៀន​ពីបទ​ពិសោធ​របស់​ថៃ៕