បាត់ដំបងៈ​ តុលាការខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី​១៥ ធ្នូ បានចេញ​ដីកាឃុំខ្លួន​យុវជន​ម្នាក់ ក្នុង​ពន្ធនាគារ​ខេត្ត​ពាក់ព័ន្ធ​បទ​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ប្រព្រឹត្ត​នៅផ្ទះ​សំណាក់​ស្ថិតក្នុង ឃុំ​-​ស្រុក​កំរៀង ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​១២ ធ្នូ ឆ្នាំ​២០២១។​

លោកស្រី ជា ច័ន្ទ​រស្មី អ្នកនាំពាក្យ​តុលាការខេត្ត​បាត់ដំបង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី​១៦ ធ្នូ ថា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី​១៥ ធ្នូ ឆ្នាំ ២០២១ បានចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ​កុយ គី​ណា អាយុ ១៥​ឆ្នាំ​។​

លោកស្រី​ថ្លែងថា​៖«​ជន​ត្រូវ​ចោទ​ម្នាក់នេះ​ត្រូវបាន​លោកស្រី​ចៅក្រម​ស៊ើបសួរ ជុំ សង្វា ជា​អ្នកចេញ​ដីកា​ឃុំ​តាម​ការ​ចោទ​ពី​តំណាង​អយ្យការ​ពីបទ​រំលោភ​សេពសន្ថវៈ​។​ ជននេះ​បាន​ឃុំខ្លួន​ពី​ថ្ងៃទី​១៦ ធ្នូ​»​។​

ដោយឡែក​ពាក់ព័ន្ធ​ការឃាត់ខ្លួន​វិញ​ត្រូវបាន​លោក ប៊​ន់ វណ្ណា​រ៉ា នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៦ ធ្នូ ថា កាលពី​ថ្ងៃទី​១៣ ធ្នូ ឆ្នាំ​២០២១ សមត្ថកិច្ច​របស់លោក​បានទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ម្នាក់​ជា​ម្តាយ​ក្មេងរងគ្រោះ​ដោយ​ចោទប្រកាន់​លើ​យុវជន​ម្នាក់​ឈ្មោះ​កុយ គី​ណា អាយុ​១៥​ឆ្នាំ មានរ​បរជាក​ម្មករ​។

លោក​បន្តថា ​ក្នុង​ការប្តឹង​នោះ ​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់ថា​នៅវេលា​ម៉ោងជាង​២​រសៀល ថ្ងៃទី​១២ ធ្នូ ឆ្នាំ ២០២១ មាន​យុវជន​ម្នាក់​បាន​ល្បួង​កូនស្រី​របស់គាត់​អាយុ​១៣​ឆ្នាំ​យកទៅ​រំលោភ​សេពសន្ថវៈ​ស្ថិត​ត្រង់ចំណុច ផ្ទះសំណាក់ មួយកន្លែង ស្ថិតនៅ​ភូមិ​ឡាក់​ហុក​ពីរ ឃុំ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំបង។​

លោក​បញ្ជាក់ថា​ ក្រោយ​ឃាត់ខ្លួន និង​នាំមក​សាកសួរ​នៅ​ការិយាល័យ​របស់លោក​គឺ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​រងគ្រោះ​ពិតប្រាកដ​មែន​។​

លោក​បន្តថា​៖«​ខាង​តុលាការ​ លោក​ចោទ និង​ត្រូវបាន​ចៅក្រម​ស៊ើបសួរ ឃុំខ្លួន​ពី​​ថ្ងៃទី​១៥ ធ្នូ​​។​ ក្រោម​បទ​ចោទ រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​តាម​មាត្រា​៤២ ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​»៕