សៀមរាបៈ ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នកជំនាញ បាន​ជួប​ពិភាក្សា​គ្នា​ លើក​ទី២០ ច្បាប់​ស្តីពី ការការពារ​ទិន្នន័យ និង​ការរក្សា​ព័ត៌មាន​សម្ងាត់ ខណៈ​អគ្គនាយកដ្ឋានការពារអ្នក​ប្រើប្រាស់ (ក.ប.ប) ​បញ្ជក់​ថា ការចូល​រួម​ជជែក​របស់ ក.ប.ប គឺ​ដើម្បី​ប្រមូល​ធាតុ​ចូល​ សម្រាប់​ដាក់​ប​ញ្ចូ​ល ​ក្នុង​សេចក្តីព្រាងច្បាប់​​ដែល​កម្ពុជា​នឹង​បង្កើតនាពេល​ខាង​មុខ​​។

កាលពី​ថ្ងៃទី ១១ ធ្នូ តំណាង​មកពី​ស្ថាប័នរដ្ឋ សាកល​វិទ្យាល័យ​ជាតិ និង​អន្តរជាតិ អ្នកច្បាប់ និង​អង្គការ​នានា បាន​ជួប​ពិភាក្សាគ្នា នៅក្នុង​សិក្ខាសាលា​​លើក​ទី២០ ស្តីពី ការការពារ​ទិន្នន័យ និង​ភាពឯកជន​ដែល​ផ្តោតលើការអនុវត្តល្អ​ជាអន្តរជាតិ​និង​វិធីឆ្ពោះទៅមុខ សម្រាប់​ប្រទេសកម្ពុជា ក្នុង​វិស័យការពារទិន្នន័យ​និងភាព​ឯកជន នៅ​សណ្ឋាគារ Sofitel Angkor ខេត្តសៀមរាប ដែល​រៀបចំឡើង​ដោយ​អង្គការ Konrad-Adenauer-Stiftung-Cambodia (KAS) នៃ​ប្រទេស​អ​ាល្លឺ​ម៉​ង់។

ទំព័រ​ហ្វេស​ប៊ុ​ក​របស់​អគ្គនាយកដ្ឋាន ក.ប.ប ឱ្យ​ដឹងថា សិក្ខាសាលា​លើក​ទី ២០ នេះ​ ជា​វេទិកាមួយ​ដែល​ផ្តល់ឱកាស​ជូន​អ្នកចូលរួម​ទាំងអស់​ អា​ច​ពិភាក្សា ផ្លាស់ប្តូរ​យោបល់ និង​បង្កើន​ការយល់ដឹង ​អំពី​ធុរកិច្ច​ ក្នុងសម័យ​ឌីជីថល ដោយ​ផ្តោត​សំខាន់​លើ​ការលើកកម្ពស់​ការការពា​រ​ទិន្នន័យ និង​ការរក្សា​ព័ត៌មាន​សម្ងាត់​ របស់​អ្នកប្រើប្រាស់​ជា​ចម្បង​។

លោក​ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន ក.ប.ប ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១២ ធ្នូ​ថា ដោយសារតែ​រដ្ឋាភិបាល មាន​គោលនយោបាយ ​ក្នុងការ​បង្កើត​ច្បាប់​ស្តីពី​ការការពារ​ទិន្នន័យ និង​ការរក្សា​ព័ត៌មាន​សម្ងាត់​ សម្រាប់​អ្នកប្រើប្រាស់​ឱ្យ​បាន​នៅក្នុង​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៥ ខាងមុខ តាម​​រយៈ​គម្រោង​បង្កើត​ច្បាប់​នេះ អគ្គនាយដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវការ​ការសិក្សា ​ពី​គោលនយោបាយ​ច្បាប់​ដែលមាន​នៅក្នុង​ប្រទេស​ជាច្រើន និង​ប្រមូល​ធាតុ​ចូល​ ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើយ៉ាងណា​ ឱ្យ​ច្បាប់​នេះ បង្កើតឡើង​ហើយ មាន​ប្រសិទ្ធភាព និង​អាច​ប្រើប្រាស់​បាន។

លោក​បញ្ជាក់ថា៖«យើង​កំពុង​វិភាគ​ទៅ​លើ​ការចំណាយ និង​ផលចំណេញ ​អំពី​ការកសាង​ច្បាប់​នេះ។ ពិតមែន​តែ​ច្បាប់​នេះ រដ្ឋាភិបាល បានចង្អុលបង្ហាញ​មកហើយ​ថា យើង​ត្រូវតែ​ធ្វើ គ្រាន់តែ​ថា ​ក្នុង​ទំហំ​វិសាលភាព​ប៉ុនណា យើង​សិក្សា​បន្តទៀត។ បែបនេះ ហើយ​ទើប​មាន​សិក្ខាសាលា​ជជែក​លើ​ច្បាប់​នេះ»។

លោក ​បន្តថា៖«តាម​ការធ្វើ​បទ​បង្ហាញ និង​ការអង្កេត ឃើញថា ច្បាប់​នេះ គឺមាន​សារៈសំខាន់​ណាស់ ព្រោះ​ការការពារ​បាន​ទៅលើ​ទិន្នន័យ និង​ការរក្សា​ការសម្ងាត់ ​ក្នុង​បច្ចេកវិទ្យា ដែល​ខ្មែរ​យើង​មិនទាន់​មានការ​គ្របដណ្តប់ និង​គ្រប់គ្រង​បាន​ទាំងអស់ ដែល​ជួយ​ឱ្យ​អ្នកវិនិយោគ​ទាំងអស់​ មានការ​ទុកចិត្ត។ មានន័យថា នៅពេល​មានការ​ប​ញ្ចូ​ន​ទិន្ន​ន័យ​ណាមួយ​ទៅ គឺ​នឹងមិន​ត្រូវបាន​អ្នកដទៃ​យកទៅ​ចែកចាយ​បន្ត ឬ​ប្រើប្រាស់​ក្នុង​ផ្លូវខុស»។

តាម​លោក ផាន អូន បាន​ឱ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល ត្រូវ​ចំណាយពេល​យ៉ាងហោចណាស់ ៥ ឆ្នាំ ដើម្បី​ធ្វើការ​សិក្សា និង​តាក់តែង​ច្បាប់​នេះ ឱ្យ​លេច​ជា​រូបរាង​ឡើង និង​ដើម្បី​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ដែល​បាន​ដាក់ចេញ ដើម្បី​ធានា​ដល់​សិទ្ធិ និង​ផ្តល់​ទំនុក​​ចិត្ត ដល់​អ្នកប្រើប្រាស់ ជាពិសេស​អ្នកវិនិយោគ​នៅ​កម្ពុជា។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​គាំទ្រ និង​ជំរុញឱ្យមាន​ការ​ព​ន្លឿន​ ការ​​តាក់តែងសេច​ក្តី​ព្រាង​​ច្បាប់​នេះ ដើម្បី​ធានា​ដល់​សុវត្ថិភាព និង​ការរក្សា​ការសម្ងាត់​របស់​អ្នកវិនិយោគ​ ដែល​បានមក​បណ្តាក់​ទុន​​រក​ស៊ី​នៅក្នុង​ប្រទេស​កម្ពុជា។

ការជំរុញ​នេះ ក៏​ព្រោះតែ​លោក មើលឃើញថា ការរក្សា​ការ​សម្ងាត់ និង​ទិន្នន័យ​ជាច្រើន​របស់​អ្នក​ប្រើប្រាស់ ឬ​អ្នកវិនិយោគ គឺ​ត្រូវបាន​បែកធ្លាយ និង​យកមកប្រើ​ប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត ដោយសារតែ​ការប្រកប​អាជីវកម្ម​មិន​សុច្ចរិត។

លោក បាន​បន្តថា៖«ច្បាប់​ស្តីពី​ការការពារ​ទិន្នន័យ​នេះ គឺ​មិន​ខុសពី​ការការពារ​ទិន្នន័យ​របស់​អ្នកវិនិយោគ​ទាំងអស់នេះ ដែល​សំខាន់​ណាស់ ព្រោះ​ព័ត៌មាន​របស់​ក្រុមហ៊ុន ឬ​ផែនការ​របស់​យើង​ សម្រាប់ធ្វើ​អាជីវកម្ម​ឆ្នាំក្រោយៗ​ទៀត បែក​ធ្លាយ​ឱ្យ​គេ​ចាប់​យកបាន។ ហ្នឹង​គឺជា​ការ​មួយ​ដែល​ប្រកួតប្រជែង​មិន​ស្មើភាព។ ហេតុនេះ នឹងធ្វើ​ឱ្យ​ប៉ះពាល់​គម្រោង​ដែល​គេ​ខំ​សិក្សា​យូរ​ឆ្នាំ​មកហើយ ដើម្បី​យកមកអនុវត្ត ដល់ពេល​មាន​អ្នកលួចយក​អ៊ីចឹង ធ្វើ​ឱ្យបាត់​បង់​ប្រយោជន៍​»។

ក្នុងនាម​តំណាង​ឱ្យ​សភាពាណិជ្ជកម្ម លោក លឹម ហេង រំពឹងថា ច្បាប់​នេះ នឹង​ត្រូវបាន​ប្រមូល​ធាតុ​ចូល​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​យ៉ាង​ទូលំទូលាយ ដើម្បី​ចូលរួម​ការពារ បម្រើ​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​ឯកជន ជាពិសេស​អ្នកវិនិយោគ​នៅក្នុង​ប្រទេស និង​ធ្វើយ៉ាងណា​ឱ្យ​ពួកគេ មាន​ទំនុក​ចិត្ត​កាន់តែខ្លាំង​ក្នុងការ​មក​បោះទុន និង​បន្ត​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា៕