ភ្នំពេញៈ ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ សហការ​ជា​មួយ​ភ្នាក់ងារ​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​កូរ៉េ ​(KOICA) នៃ​សាធារណរដ្ឋ​កូរ៉េ​ ធ្វើ​ការ​​លើក​កម្ពស់ការ​កសាង​សមត្ថ​ភាព​បច្ចេក​វិទ្យា​ព័ត៌​មាន​សម្រាប់​ការអប់រំ​នៅ​មធ្យម​សិក្សា​បឋម​ភូមិ​នៅ​កម្ពុជា​។ ​នេះ​បើតាម​លោក រស់ សុវាចា ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​។

តាម​រយៈ​កិច្ច​សហ​ការ​នេះ ​លោក​ហង់ជួន ​ណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួងអប់រំ ​យុវជន​ និងកីឡា ​និង​លោក ​Rho Hyunjun ​តំណាង​ទីភ្នាក់ងារ ​KOICA ​ប្រចាំ​នៅ​កម្ពុជា​ និង​ប្រធាន​អង្គភាព​ពាក់​ព័ន្ធ​ កាល​ពីថ្ងៃទី ១៥​ ខែធ្នូនេះ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាលើក​ដំបូង​លើការ​កសាង​សមត្ថ​ភាព​បច្ចេក​វិទ្យា​ព័ត៌​មាន​សម្រាប់​ការអប់រំ​នៅ​មធ្យម​សិក្សា​បឋម​ភូមិ​នៅ​កម្ពុជា​នេះ​។ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ក៏បាន​បង្កើត​គណៈ​កម្មការ​អនុ​វត្ត​គម្រោង​កិច្ច​សហ​ប្រតិបត្ដិការ​នេះ​ក្រោម​ជំនួយ​ពីសំណាក់ ​KOICA ​ដើម្បី​សហ​ការទទួល​ខុស​ត្រូវ ​និង​អនុ​វត្ត​គម្រោង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​ដើម្បី​ចូល​រួម​លើក​កម្ពស់​ការ​កសាង​សមត្ថ​ភាព​បច្ចេក​វិទ្យា​សម្រាប់​ការអប់រំ​នៅ​កម្ពុជា ​ស្របតាម​ចក្ខុ​វិស័យ​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា។

លោក​រស់ សុវាចា ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី១៦​ ធ្នូ​ថា​ តាម​រយៈ​កិច្ច​សហ​ប្រតិបត្ដិការ​នេះ ​KOICA ​ចូល​រួម​លើក​កម្ពស់​ការកសាង​សមត្ថ​ភាពបច្ចេក​វិទ្យា​ព័ត៌​មាន​សម្រាប់​ការអប់រំ​កម្រិត​មធ្យម​សិក្សា​បឋម​ភូមិ​នៅ​កម្ពុជា​។

លោថ្លែងថា ​កិច្ច​សហ​ប្រតិបត្តិការ​នេះ​ផ្តោត​លើទី១​កែលម្អកម្ម​វិធី​បណ្តុះ​បណ្តាល​មុខ​វិជ្ជា​ ICT ​និង​ខ្លឹម​សារ​ ICT ទី ២ ​លើក​កម្ពស់​សមត្ថ​ភាព​គ្រូ​ឧទ្ទេស​មជ្ឈ​មណ្ឌល​គរុ​កោសល្យ​និង​គ្រូមធ្យម​សិក្សា​បឋម​ភូមិ​ក្នុង​គម្រោង​មុខវិជ្ជា ​ICT។ ​ទី ៣ ​កែលម្អ​បរិស្ថាន​សិក្សា​ផ្នែក ​ICT​ តាម​មជ្ឈ​មណ្ឌល​គរុកោសល្យ​ និង​គ្រូ​មធ្យម​សិក្សា​បឋម​ភូមិ​ក្នុង​គម្រោង។ ​ទី ៤​ រៀប​ចំសម្ភារ ​ICT ​តាម​សាលារៀន​ និង​ទី ៥​ ការពិ​និត្យ​លើ​ការ​អនុ​វត្ត​គម្រោង​។​ សមត្ថ​ភាព​បច្ចេក​វិទ្យាព័ត៌​មាន​សម្រាប់​ការអប់រំ​នៅ​មធ្យម​សិក្សា​បឋម​ភូមិ​នៅ​កម្ពុជា​នឹង​មាន​ការផ្លាស់​ប្តូរ​វិជ្ជមាន។

លោក​បញ្ជាក់​ថា​៖«​ក្រសួង​អប់រំ​សូម​ស្វាគមន៍ និង​ថ្លែង​អំណរ​គុណ​ក្រសួង-​ស្ថាប័ន​ ដៃគូអភិវឌ្ឍន៍​ដូចជា KOICA និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ដែល​បាន​និងប​ន្ត​គាំ​ទ្រការ​អនុ​វត្ត​ផែន​ការយុទ្ធ​សាស្ត្រ​ឆ្នាំ​ ២០១៩-២០២៣ ​របស់​ក្រសួងអប់រំ​។ ជាពិសេស​ចំពោះ​ការ​ចូល​រួម​ជំរុញ​ការអប់​រំ បែប​ឌីជីថល ​តាម​រយៈ​ការកសាង​សមត្ថ​ភាពប​ច្ចេក​វិទ្យា​ព័ត៌​មាន​ដើម្បី​ឆ្លើយ​តប​នឹង​គោល​នយោបាយ​និង​ទិស​ដៅ​នៃ​សេដ្ឋ​កិច្ច​ឌីជីថល​របស់​កម្ពុជា»។

បើ​តាម​លោក​សុវាចា ​ជារួម​យុទ្ធសាស្រ្ត​របស់​ក្រសួង​អប់រំ​ សម្រាប់​លើក​កម្ពស់​ការអប់រំ​ឌីជី​ថល​ គឺបញ្ជ្រាប​បច្ចេក​វិទ្យាព័ត៌​មាន ​និង​សារគមនា​គមន៍ ​(ប.ព.ស.)​ ឱ្យ​ក្លាយ​ជា​ឧបករណ៍​សម្រាប់​បង្រៀន ​និង​រៀន ​និង​ចែក​រំលែក​ចំណេះ​ដឹង​ក្នុង​វិស័យ​អប់រំ​ទាំងមូ​ល​សំដៅ​ឱ្យ​សិស្ស​និស្សិត​ទទួល​បាន​នូវ​ចំណេះ​​ដឹង​និង​បំណិន​ប.ព.ស. ​ដើម្បី​ធ្វើ​អន្តរ​កាល​ទៅ​រក​ពិភព​ការងារ​ក្នុង​សតវត្សរ៍​ទី ២១។

លោក​បន្តថា​ យុទ្ធសាស្រ្ដ​ក្រសួង​ គឺប្រើ​ប្រាស់​ដំណើរការ​គ្រប់គ្រង ​និង​បែប​បទ​ការងារ​ថ្មី ​ដើម្បី​ធ្វើ​ទំនើប​កម្មការ​អនុវត្ត​ការងារ ​និង​បង្កើន​ប្រសិទ្ធ​ភាព​ តម្លាភាព ​និង​ភាព​ស័ក្តិ​សិទ្ធិ​នៃ​អភិ​បាល​កិច្ច ​និង​ការពិនិត្យ​តាម​ដាន​លទ្ធ​ផល​ការងារ​ក្នុង​វិស័យអប់រំ​និង​ធានា​ឱ្យ​សិស្ស​និស្សិត​កម្ពុជា​គ្រប់​រូប​ បញ្ចប់​ការសិក្សា​ក្នុង​ប្រព័ន្ធ​មាន​ចំណេះ​ដឹង ​និង​បំណិន ​ប.ព.ស.​ ដើម្បី​មាន​លទ្ធ​ភាព​បន្ត​ការ​សិក្សា ​និង​បំពេញ​ការងារ​វិជ្ជា​ជីវៈ​។

លោក​សុវាចា ​លើកឡើង​ថា ​តាម​យុទ្ធ​សាស្រ្ដ​ក្រសួង​អប់រំ​នេះ​ ក៏​បង្កើន​ប្រសិទ្ធ​ភាព​ និង​ភាព​ស័ក្តិ​សិទ្ធិ​នៃការ​បង្រៀន ​និង​រៀន​នៅ​តាម​សាលា​គរុកោ​សល្យ ​សាលា​រៀន​ និង​គ្រឹះស្ថាន​សិក្សា​ដទៃ​ទៀត​ តាម​រយៈ​ការប្រើ​ប្រាស់​ឧបករណ៍ ​ប.ព.ស. ​និង​ធន​ធាន​អប់រំ​អេឡិច​ត្រូនិក។​ ប្រើប្រាស់​ការរៀនសូត្រ​តាម​ប្រព័ន្ធ​​អេឡិច​ត្រូនិក​ ដើម្បី​គាំទ្រ​ឱ្យ​មាន​ការ​ផ្តល់​សេវា​អប់រំ​ដល់​គ្រប់​អនុវិស័យ ​(រួម​ទាំង​អនុ​វិស័យ​ឧត្តម​សិក្សា)​ នៃ​វិស័យ​អប់រំ​សម្រាប់​សិស្ស និស្សិត ​និង​ការអភិ​វឌ្ឍ​សមត្ថ​ភាព​ស្ថាប័ន​ ក៏ដូច​ជា​ការ​រៀន​ពេញ​មួយ​ជីវិត​។

តាម​យុទ្ធសាស្រ្ដ​នេះ ​ក៏បង្កើន​ប្រសិទ្ធ​ភាព​ក៏ដូច​ជា​សមត្ថ​ភាព​របស់​ខ្លួន​ ក្នុង​ការធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ផ្អែក​តាម​ភ័ស្តុតាង ​និង​ការចែករំលែក​ចំណេះ​ដឹង តាម​រយៈ​ការ​ប្រើ​ប្រាស់​ព័ត៌​មាន​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ​ ក្នុង​ពេល​តែ​មួយ​ជា​មួយ​គ្នា​ដើម្បី​បង្កើន​សមត្ថ​ភាព​របស់​ខ្លួន​ក្នុង​ការងារ​រដ្ឋ​បាល​អប់រំ​ ប្រតិ​បត្តិការ និង​ការ​ប្រមូល​ទិន្នន័យ​តាម​ប្រព័ន្ធ​ឌីជីថល​។ ​បង្កើត​ស្តង់​ដា​សម្រាប់​ហេដ្ឋារចនា​សម្ព័ន្ធ​ ការភ្ជាប់​ទំនាក់​ទំនង​បណ្ដាញ​អង្គ​ភាព​នៅ​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ​ទាំង​អស់​ទៅ​ក្នុង​ប្រព័ន្ធ​តភ្ជាប់​ផ្ទៃ​ក្នុង​។ ​ផ្ដល់​ធន​ធាន​ហិរញ្ញ​វត្ថុ​ចាំ​បាច់​ ដើម្បី​គាំទ្រ​ដល់​ការ​ប្រើ​ប្រាស់​ ប.ព.ស.​ ក្នុង​វិស័យ​អប់រំ​ ដោយ​ប្រើ​ប្រាស់​ថវិកា​របស់​រដ្ឋាភិ​បាល​ និង​ធ្វើ​ការ​សម្រប​សម្រួល​ភា​ព​ជា​ដៃ​គូ រវាង​វិស័យ​ឯក​ជន ​និង​វិស័យ​សាធារណៈ ​និង​ការគាំទ្រ​របស់​ដៃគូ​អភិវឌ្ឍ​នានា​សម្រាប់​រ៉ាប់រ​ង​ចំណាយ​មូល​ធន ​និង​ចំណាយ​ចរន្ត​។

រដ្ឋមន្រ្តី​ក្រសួង​អប់រំ លោក​ហង់ជួន ​ណារ៉ុន ថ្លែង​បាឋក​ថា ​ក្រោមប្រធានបទ «យុវ​ជន​ត្រូវ​មាន​ជំនាញ​សត​វត្សរ៍​ទី ​២១ ​ដើម្បី​ជោគ​ជ័យ​ក្នុង​អាជីព»​កាល​ពីថ្ងៃ​ទី​ ៥ ​ខែធ្នូ ​ថា​ យុវ​ជន​ត្រូវ​មាន​ជំនាញ​សត​វត្សរ៍​ទី​ ២១ ​ដើម្បី​ជោគ​ជ័យ​ក្នុង​អាជីព​របស់​ខ្លួន។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ជំនាញ​ទាំង​នេះ​ក្រសួង​អប់រំ​ សាលា​រៀន​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សាត្រូវ​ផ្លាស់​ប្ដូរវិធី​សាស្រ្ដ​បង្រៀន​ហើយ​យុវជន​ត្រូវ​ចូល​អនុវត្ដ​កម្ម​វិធី​សិក្សា ​និងធ្វើ​សកម្ម​ភាព​សង្គម​ជាដើម។​

លោក​​ថ្លែង​ថា បច្ចេក​វិទ្យា​ដើរលឿន ហើយ​បើ​តាម​ការ​វិភាគ​របស់​វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក ក្នុង​រយៈ​ពេល​ ១០ ​ទៅ ២០ ឆ្នាំ​​ខាងមុ​ខ បច្ចេក​វិទ្យា​នឹងដើរ​​លឿន​យ៉ាង​ខ្លាំង។ ក្នុង​នោះ​​ជំនាញ​មួយ​ចំនួន​ដែល​មនុស្ស​​កំពុង​ប្រើ​ប្រាស់​នា​បច្ចុប្បន្ន ​តាមការ​ធ្វើ​ស្វ័យ​ប្រវត្ដិ​ភាវូបនីយ​កម្ម ​មុខ​វិជ្ជាមួយ​ចំនួន ​គឺទីផ្សារ​ការងារ​លែង​ត្រូវ​ការ ហើយ​ជំនាញ​ថ្មីៗនឹង​លេច​ឡើង​ដែល​ទាម​ទារ​ឱ្យ​យុវជន​ត្រូវ​តែចេះ​ចាប់​យក​និង​រៀន​នូវ​ជំនាញថ្មី​ដើម្បី​ទទួល​បាន​ការងារ​។​​

បើតាម​លោក​ណារ៉ុន បំណិ​ន​សត​វត្សរ៍​ទី​២១ គឺផ្ដោត​ទៅលើ ​១-បំណិន​ត្រិះរិះ​ពិចារណា ២- បំណិន​នវានុ​វត្ដន៍និង​ដោះស្រាយ​បញ្ហា​ ៣-បំណិន​សហការ ​៤-បំណិន​ជាអ្នក​ដឹកនាំ​និង​ប្រាស្រ័យ​ទាក់​ទង ៥-​បំណិន​អក្ខរ​កម្ម​ព័ត៌មាន ​៦-បំណិន​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ៧-បំណិន​អក្ខរកម្ម​បច្ចេក​វិទ្យា ​៨-បំណិន​​នៃ​ភាព​ទន់​ភ្លន់ ៩-ភាព​ជា​អ្នក​ដឹក​នាំ​ ១០-ត្រូវមាន​ការ​ចេះផ្គួ​ច​ផ្ដើម​គំនិត ១១-ត្រូវ​មាន​ផលិត​ភាព ​និង ១២-​បំណិន​សង្គម៕