ភ្នំពេញៈ «ចលនា​ទម្លុះ» ដែលជា​ក្រុម​មួយ ​បង្កើតឡើង​ដើម្បី​ចូលរួម​លើ​កម្ពស់​យែ​ន​ឌ័​រ ក្រោម​ការគាំទ្រ​របស់​អង្គការ UN Women បាន​រួមគ្នា​ ប្រារព្វ​ខួប​មួយឆ្នាំ បន្ទាប់ពី​បានធ្វើ​សកម្ម​ភាពជា​បន្តបន្ទាប់ ដើម្បី​ប​ញ្ឈ​ប់ រា​ល់​ការរំលោភបំពាន​លើ​ស្ត្រី និង​ក្មេងស្រី ជាពិសេស​ការ​លើ​កម្ពស់​សមភាព​យែ​ន​ឌ័​រ។

យ៉ាងហោចណាស់ តំណាង​អង្គការ​សង្គម​ស៊ីវិល និង​យុវជន​ប្រមាណ ៤០ នាក់ បាន​ចូលរួម​ខួប​លើក​ទី១ របស់​ចលនា​ទម្លុះ ដើម្បី​អបអរ និង​បង្ហាញ​ពី​សមិទ្ធផល​ នៃ​ចលនា​ទម្លុះ នៅ​ថ្ងៃទី ១៦ ធ្នូ ខណៈ​វេទិកានេះ ក៏បាន​ជជែក​ផងដែរ ជុំវិញ​ប្រធានបទ កា​របៀត​​បៀ​ន​ផ្លូវភេទ។

កញ្ញា ពៅ ស៊ីនួន សហ​ស្ថាបនិក​ចលនា​ទម្លុះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៦ ធ្នូ​ថា ចលនា​ទម្លុះ បាន​បង្កើតឡើង​កាលពី​ដើមខែ ធ្នូ ឆ្នាំ ២០២០ ដើម្បី​ធ្វើ​សកម្មភាព​នានា​ ក្នុងការ​ជំរុញ​សមភាព​យែ​ន​ឌ័​រ ដែល​កម្ពុជា​ នៅមាន​ផ្នត់គំនិត​នៃ​ការរើសអើង​ ចំពោះ​បញ្ហា​ទាំងនេះ។

ក្រៅពី​បង្ហាញ​សមិ​ទ្ធ​ផល​នានា​ ដែល​​ចលនា​ទម្លុះ បាន​បំពេញ​រយៈពេល១ ឆ្នាំ កញ្ញា បាន​បន្តថា វេទិកានេះ ក៏​បង្កើតឱ្យ​មាន​ការជជែក​ពិភាក្សាគ្នា​ ពាក់ព័ន្ធ​នឹង​ការ​បៀតបៀន​ផ្លូវភេទ​ផងដែរ ដើម្បី​រួមគ្នា​ទប់ស្កាត់​ អំពើ​ទាំងនេះ នៅក្នុង​សង្គម​កម្ពុជា។

កញ្ញា ​បញ្ជាក់ថា៖‍​«រយៈពេល ១ ឆ្នាំនេះ យើង​បានធ្វើ​សកម្មភាព​ជាច្រើន ដូចជា​ធ្វើ​វីដេ​អូ​អប់រំ​ជាច្រើន និង​ការចូល​រួម​ជាមួយ​អង្គ​ការ​ជា​ដៃគូ ក៏ដូចជា​ចលនាផ្សេងៗទៀត ដើម្បី​លើ​កម្ពស់​សិទ្ធិ​ស្ត្រី និង​ចូល​រួម​វេទិកា​នានា​ ផ្សព្វផ្សាយ​បន្តទៅ​កាន់​យុវជន។ យើង​ចង់ឃើញ​សមភាព​យែ​ន​ឌ័​រ​ នៅក្នុង​ប្រទេស​កម្ពុជា សមភាព​របស់​ស្ត្រី និង​បុរស​នៅក្នុង​ប្រទេស​នឹង អាច​ប្រើប្រាស់​សិទ្ធិ និង​សេរីភាព​របស់ខ្លួន​បាន​ពេញលេញ»។

ក្រៅពី​ការអបអរ​ខួប១ឆ្នាំ និង​បង្កើត​វេទិកា ​ដើម្បី​ជជែក​ពី​សមភាព​យែ​ន​ឌ័​រ និង​ការ​បៀតបៀន​ផ្លូវភេទ កញ្ញា ស៊ីនួន ក៏បាន​បញ្ជាក់ដែរថា ចលនា​ទម្លុះ ក៏បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ ​នូវ​វិ​ប​សាយ​​ ក្នុងពេល​ជាមួយគ្នា​​នេះ ដើម្បី​បន្ត​សកម្ម​ភាព​ផ្សព្វផ្សាយ និង​អប់រំ​នានា ដែល​បង្កើតឡើង​​ដោយ​​ចលនា​នេះ​​ផងដែរ។

លោកស្រី Sarah Knibbs តំណាង​អង្គការ UN Women ទទួលបន្ទុក​ផ្នែក​ស្ត្រី​ ប្រចាំ​តំបន់​អាស៊ី ប៉ា​ស៊ី​ហ្វិ​ច បាន​ចូល​រួម​សាទរ ​ចំពោះ​សកម្មភាព​របស់​ចលនា​ទម្លុះ ដែល​បានធ្វើ​សកម្មភាព​កន្លងមក ដើម្បី​ជ​ម្នះ និង​ជំរុញ​ស្ត្រី​ជំនាន់​ក្រោយ ឱ្យមាន​​ភាពក្លាហាន និង​ហ៊ាន​ជ​ម្នះ នូវ​ឧបសគ្គ​នានា។

លោកស្រី បាន​បញ្ជាក់ថា៖«ខ្ញុំ​ពិតជា​មាន​មោទនភាព​ ចំពោះ​ចលនា​ទម្លុះ ដែល​បង្កើតឡើង​ដោយ​ស្ត្រី ហើយ​បាន​បង្កើត​សមិទ្ធផល​នានា​ជាច្រើន។ យើង​ក៏​ទន្ទឹង​រងចាំ​នូវ​គំនិត​ថ្មី​របស់​ពួកគេ​បន្តទៀត ក្នុងការ​បន្តសកម្មភាព»។

កញ្ញា សុខ ម៉ូ​លីន​ណា ជាអ្នក​​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព និង​វេទិកា​របស់​ចលនា​ទ​ម្លុះ​នេះ បាន​និយាយថា ចលនា​ទម្លុះ គឺ​ជា​ចលនា​មួយ ​ដែលមាន​ឥ​ទ្ធ​ពល​ខ្លាំង ក្នុងការ​ធ្វើការ​សកម្ម​ភាពទាក់ទង​នឹង​សមភាព​យែ​ន​ឌ័​រ ស្រប​ពេលដែល​ស្ត្រី និង​ក្មេង​ស្រី​ ក៏បាន​ចូលរួម​យ៉ាងសកម្ម និង​បាន​ជ​ម្នះនូវ​បញ្ហា​ទាំងនេះ។

កញ្ញា បាន​បន្តថា៖«ការធ្វើការ​របស់​ចលនា​ទម្លុះ​រាល់ដង គឺជា​ការផ្សព្វផ្សាយ​មួយ​ដែល​ធ្វើឱ្យ​ក្មេងស្រី​ទាំងអស់នោះ ហ៊ាន​ទម្លុះ​ នូវ​ផ្នត់គំនិត​សង្គម និង​ឧបសគ្គ​ក្នុងសង្គម (social norm and social barrier) ដែល​ពួកគាត់ ជួបប្រទះ​រាល់ថ្ងៃនេះ»។

ជាមួយគ្នានេះ កញ្ញា សុខ ម៉ូ​លីន​ណា បាន​និយាយថា បញ្ហា​ដែល​វេទិកា​បាន​ពិភាក្សា​ ពាក់ព័ន្ធ​ការ​បៀតបៀន​ផ្លូវភេទ គឺ​ជា​ប្រធាន​បទ​មួយ​ ដែលមាន​ការលើកមក​​ជជែក​ មក​និយាយ​ជាច្រើន​ នៅក្នុង​សង្គម​ខ្មែរ ព្រោះថា បញ្ហា​ទាំងនេះ នៅ​តែ​មាន​មនុស្ស​មួយចំនួន យល់ច្រឡំ​ថា សកម្មភាព​នៃ​ការ​បៀតបៀន​មួយចំនួន​ គឺជា​រឿង​ធម្មតា​ទៅវិញ។

កញ្ញា​បន្តថា៖«ប្រធានបទ​យើង​ជជែក​គ្នា​នៅថ្ងៃនេះ គឺ​គេ​កំពុងនិយាយ​ច្រើន ហើយ​ការលើក​យកមក​ជជែក​នេះ គឺ​ដូចជា​ចូលរួម​លើកកម្ពស់​ ការយល់ដឹង ដែល​ឱ្យ​ពួក​ខ្ញុំ និងអ្នកផ្សេងៗទៀត គាត់​អាច​យល់ដឹង​បន្ថែម ដោយសារតែ​វាគ្មិន​យើង​សុទ្ធតែ​មានបទពិសោធ​ ជុំវិញ​ការ​បៀតបៀន​ផ្លូវភេទ។ ដូច្នេះ មិនមែន​មាន​តែ​ចលនា​ទម្លុះ​ទេ ដែល​អាច​ចូលរួម​​សកម្ម​ភាព​ទាំងនេះ គឺ​ទាំងអស់គ្នា​ ក៏​អាច​ចូល​​រួម​បាន​ដែរ​»៕