ព្រះសីហនុៈ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​កម្រិតស្ដង់ដា​នៅ​ខេត្ដ​ព្រះសីហនុ​គឺជា​សមិទ្ធផល​មួយ​ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន ៣៧ ​ខ្សែ អគារ​ខ្ពស់​រាប់ពាន់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជាច្រើន​ទៀត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិការដ្ឋ និង​ធនធាន​ក្នុង​ប្រទេស ប្រែក្លាយ​ខេត្ដ​នេះ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​ដ៏សំខាន់​នៅក្នុង​ប្រទេស​។

ស្ថានីយ​ប្រព្រឹត្ដិកម្ម​ទឹក​កខ្វក់​ចំនួន ៣ ត្រូវបាន​សាងសង់ឡើង​នៅក្នុង​ខេត្ដ​នេះ​។ ស្ថានីយ​នេះ​ធ្វើឡើង​ដោយ​បំពាក់​បច្ចេកវិទ្យា​ចុងក្រោយ MABR ដែលជា​បច្ចេកវិទ្យា​នវានុវត្ដន៍​របស់​អ៊ីស្រាអែល​។ ស្ថានីយ​នេះ​គឺជា​ផ្នែក​សំខាន់​មួយ​ដើម្បីឱ្យ​ក្រុងព្រះសីហនុ​ក្លាយជា​ទីក្រុង​ទំនើប (Smart- City) នៅក្នុង​ប្រទេស​ផងដែរ​។

ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ទី​ ១ ​មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ក្នុង​បរិមាណ ៥ ២០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​ទទួល​រងទឹក​កខ្វក់​ពី​តំបន់​ទី​ ៣ ​ដែលមាន​ផ្ទៃដី ៣៦៤ ​ហិកតា​ស្ថិតក្នុង​សង្កាត់​លេខ​ ៣​។ ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ទី​ ២ ​មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ក្នុង​បរិមាណ​ ៧ ២០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​ទទួល​រងទឹក​កខ្វក់​​ពី​តំបន់​ទី​ ៤ ​ដែលមាន​ផ្ទៃដី​ ៤៨៦ ​ហិកតា​ស្ថិតក្នុង​សង្កាត់​លេខ​ ៣​។ ​ចំណែកឯ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ទី​ ៣ ​ដែល​កំពុង​បើក​ការដ្ឋាន​សាងសង់​នោះ​មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ក្នុង​បរិមាណ ២០ ០០០ ​ម៉ែត្រគុប​ក្នុង ១ ​ថ្ងៃ​ទទួល​រងទឹក​កខ្វក់​ពី​តំបន់​ទី​ ៥ ​និង​តំបន់​ទី​ ៦ ​ដែលមាន​ផ្ទៃដី​ ២ ៦៩០ ​ហិកតា ស្ថិតក្នុង​សង្កាត់​លេខ​ ៤ ​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ X-WATER TECHNOLOGY CO.,LTD​។

ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​នេះ​គឺជា​ផ្នែក​មួយ​នៃ​ពាក្យស្លោក «​ខ្មែរ​ធ្វើបាន​» ដោយសារ​តែ​កូន​ខ្មែរ​មួយរូប គឺ​លោក លី រិទ្ធ វ័យ ៤១ ​ឆ្នាំ អតីត​និស្សិត​បរិញ្ញាបត្រ​វិស្វករ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​កាលពី​ឆ្នាំ​ ២០០៣ និង​បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​វិស្វករ​ពីសា​លា ENSAM នៅ Metz ​នៃ​ប្រទេស​បារាំង​កាលពី​ឆ្នាំ​ ២០០៩ ជា​អ្នកទទួលបាន​ឱកាស​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ដឹកនាំ​ក្រុមការងារ​រួមមាន​យុវជន​ខ្មែរ និង​បុគ្គលិក​កូន​ខ្មែរ រាប់រយ​នាក់​ទៀត​រួមគ្នា​ស្ថាបនា​ស្ថានីយ​ប្រព្រឹត្ដិកម្ម​ទឹក​កខ្វក់​ទាំង​ ៣ ​នេះ​ឡើង​។

មាន​ដើមកំណើត​នៅ​ភូមិ​ប្រាល ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្ដ​កំពត ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​នាយកប្រតិបត្ដិ​ក្រុមហ៊ុន X-WATER TECHNOLOGY CO.,LTD លោក រិទ្ធ បាន​អះអាងថា ទម្រាំ​លោក និង​ក្រុមការងារ​ទទួលបាន​ឱកាស​នេះ គឺ​លោក​បាន​ប្រឹងប្រែង​តស៊ូ​រៀនសូត្រ ប្រឡូក​ក្នុង​ការងារ ប្រមូលផ្ដុំ​ដៃគូ យុវជន​ជាច្រើន​ឆ្នាំ ទើប​អាចមាន​ឱកាស​ចូលរួម​ស្ថាបនា​ស្ថានីយ​ប្រព្រឹត្ដិកម្ម​ទឹកកខ្វក់​នេះ​ដែលជា​ស្នាដៃ​« ខ្មែរ​អាច​ធ្វើ​បាន​»​។

អាង​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ក្នុង​ខេត្ត​ព្រះសីហនុ​ស្ថាបនា​ឡើង​ដោយ​វិស្វករ​ខ្មែរ ក្រុម​លោក លី រិទ្ធ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក​បាន​លើកឡើងថា ទន្ទឹមនឹង​ការអភិវឌ្ឍ​ឥតឈប់ឈរ​ក្នុង​ខេត្ត​ព្រះសីហនុ នៅក្នុង​នោះ​ក៏បាន​ជួប​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ជាពិសេស​ការបញ្ចេញ​កាកសំណល់​ប្រើប្រាស់​ដែលមាន​ចំនួន​ច្រើន និង​មាន​សារធាតុពុល​អាច​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ជុំវិញ​ដូចជា​មនុស្ស​សត្វ រុក្ខជាតិ​ជីវចម្រុះ និង​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ​ជាដើម​។

ក្រោយ​ពិនិត្យឃើញ​ពី​បញ្ហា​ប្រឈម​ទាំងនេះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានសម្រេច​ផ្ដល់ឱកាស​ដល់​ក្រុមការងារ​របស់លោក សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ទាំងនេះ​ឡើង​ក្នុង​គោលបំណង​ ដើម្បី​បន្សុទ្ធ​ទឹក​កខ្វក់​ទឹកស្អុយ​ឱ្យក្លាយ​ជា​ទឹក​ដែល​ស្អាត​ស្របតាម​ស្តង់ដា​បរិស្ថាន​មុននឹង​បញ្ចេញ​ចោល​ទៅក្នុង​សមុទ្រ​ដោយ​ប្រើ​បចេ្ចកវិទ្យា​ MABR និង​ត្រូវបាន​ទទួលស្គាល់​ថា​ជា​បច្ចេកវិទ្យា​ដែលមាន​ស្ថិរភាព​ប្រសិទ្ធភាព​ខ្ពស់​សន្សំសំចៃ​ថាមពល​គ្មាន​សំឡេង​រំខាន និង​គ្មាន​ក្លិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ​ផងដែរ​។

លោក រិទ្ធ ថ្លែងថា ពាក្យ «​ខ្មែរ​ធ្វើបាន​» មិនមែន​មានន័យថា ឥឡូវ​ខ្មែរ​គ្មាន​សមត្ថភាព​ផលិត​ម៉ូទ័រ ខ្មែរ​ធ្វើ​មិន​បានទេ​។ ខ្មែរ​ធ្វើបាន គឺ​ខ្មែរ​មាន​សមត្ថភាព​រចនា​ឡើង​នូវ​ប្រព័ន្ធ​មួយ​ដែលមាន​ចង្វាក់​ផលិតកម្ម​ដោយ​ខ្លួនឯង ដោយ​ជ្រើសរើស​នូវ​ផលិតផល​ណាមួយ​ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ យកមកប្រើ​មក​ផ្គុំ​ចូលគ្នា​បង្កើត​បាន​ជា​ចង្វាក់​ប្រព័ន្ធ​ផលិតកម្ម​មួយ​បាន​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ផ្ដាំផ្ញើ​ដល់​វិស្វករ​ខ្មែរ​យើង យុវជន​ខ្មែរ​យើង​ថា យើង​ជា​វិស្វករ គឺ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការប្រើប្រាស់​របស់​ដែល​គេ​ផលិត​ឱ្យ​វិស្វករ​ប្រើ ហើយ​បើ​យើង​វិស្វករ​ប្រើ​មិន​បានទេ គឺ​មានន័យថា​រោងចក្រ​ផលិត​របស់​មក​នោះ គឺ​បរាជ័យ​ហើយ​។ ក្នុងនាម​ជា​វិស្វករ​ទើប​ចេញ​មកពី​សាលា​ថ្មីៗ​ក៏ដោយ កុំ​រួញរា កុំ​ភ័យ កុំ​បារម្ភ​ខ្លាច​ធ្វើ​មិនបាន គឺ​អត់​មានអី​ថា​យើង​ធ្វើ​មិន​បានទេ​។ យើង​រៀន​ដល់​វិស្វករ​ហើយ​គេ​ផលិត ផលិតផល​មក​រឿង​អី​យើង​ធ្វើ​មិនបាន​»​។

ការរចនា​ប្រព័ន្ធ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​នេះ គឺមាន​ការលំបាក​ជាង​ការរៀបចំ​ប្រព័ន្ធ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ទៅទៀត​។ ប៉ុន្ដែ​ក្រុមការងារ​របស់​លោក នៅតែ​មាន​មហិច្ឆតា​ធ្វើ​ការងារ​នេះ ដោយ​មិន​ភ័យខ្លាច ដោយសារ​តែមាន​ភាពជឿជាក់ថា ធ្វើ​ការងារ​នេះ​បាន​។ ​លោក​បាន​ឱ្យ​​ដឹងថា ក្នុងចំណោម​ប្រភេទ​ផលិតផល​រាប់រយ​មុខ រាប់រយ​កុងតឺន័រ ដែល​យកមក​ស្ថាបនា​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នេះ គឺមាន​កំហុស​ដែល​កើតមានឡើង​មិន​ដល់​មួយ​ភាគរយ​ទេ​។

លោក រិទ្ធ អះអាងថា ការអនុវត្ដ​ការងារ​ជាក់ស្ដែង​របស់​ក្រុមការងារ X-WATER ​ការងារ​វិស្វករ​កូន​ខ្មែរ ១ ​នាក់ អាច​ធ្វើការ​ស្មើនឹង​ការងារ​វិស្វករ​បរទេស ២ ​នាក់​ហើយ​វិស្វករ​ខ្មែរ​មាន​តម្លៃ​សេវា​តិចជាង​បរទេស​ទៅទៀត​។ ​តាមរយៈ​មហិច្ឆតា​ការងារ​ដែល​កូន​ខ្មែរ​ធ្វើបាន​នេះ លោក រិទ្ធ បាន​ប្ដេជ្ញាចិត្ដ​បន្ត​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​រួមគ្នា​ស្ថាបនា​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅតាម​រាជធានី​ខេត្ដ​ផ្សេងទៀត ក្នុង​ការចូលរួម​ថែរក្សា​បរិស្ថាន សមុទ្រ ទន្លេ​នៅក្នុង​ប្រទេស​កម្ពុជា​។

បើតាម​លោក គួច ចំរើន អភិបាលខេត្ដ ព្រះសីហនុ ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ដែល​សម្បូរ​ទៅដោយ​ធនធាន​ធម្មជាតិ​ដ៏សម្បូរបែប គ្របដណ្តប់​លើ​ផ្ទៃដី​សរុប ២ ៦៥៩ ​គីឡូម៉ែត្រ​ការ៉េ ដែល​ ២/៣ ជា​ដីព្រៃ​ភ្នំ និង​ខ្ពង់រាប​។ ខេត្ត​មាន​កោះធំ-តូច​ចំនួន ៣២ និង​ឆ្នេរសមុទ្រ​ប្រវែង ១៧៥,៨១ គីឡូម៉ែត្រ មាន​ប្រជាជន​សរុប ៣១០ ០៧២ ​នាក់ ដង់ស៊ីតេ​ប្រជាជន ១១៦ ​នាក់ ក្នុង​ ១ ​គីឡូម៉ែត្រការ៉េ​។

វិស័យ​ដែលមាន​សក្តានុពល រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ជាតិ​រួមមាន វិស័យ​សំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហកម្ម និង​មាន​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ជាងគេ​ក្នុងប្រទេស​កម្ពុជា​។ ខេត្ត​ព្រះសីហនុ​មាន​អត្រាកំណើន​សេដ្ឋកិច្ច ៦,៨% និង​ចំណូល​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ (GDP) នៅ​ឆ្នាំ​ ២០២០ មាន​ចំនួន ៤ ៣៧៨ ​ដុល្លារ​អាមេរិក​ក្នុង ១ ​ឆ្នាំ ដោយបាន​កាត់បន្ថយ​អត្រា​ភាពក្រីក្រ​ធ្លាក់​ចុះមក​នៅត្រឹម ២,៦៨% នៅ​ដើមឆ្នាំ ២០២១​។

ខេត្ត​ព្រះសីហនុ​បាន​ចូល​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដ៏ស្រស់ស្អាត​បំផុត​លើ​សកលលោក​ក្នុង​ចំណោម​ខេត្ត​តំបន់ឆ្នេរ​ចំនួន ៣ ទៀត​ក្នុងប្រទេស​កម្ពុជា​មាន​ខេត្ត​កែប ខេត្តកំពត និង​ខេត្តកោះកុង​។

រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុមប្រឹក្សា​រៀបចំ​ផែនការ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​ដែលមាន​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រធាន និង​គណៈកម្មាធិការ​ចំនួន​ ២ គឺ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរក្រសួង​រៀបចំ​ផែនការមេ ដឹកនាំ​ដោយ លោក អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​គណៈកម្មាធិការ​​បច្ចេកទេស​អន្តរក្រសួង​រៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី ដឹកនាំ​ដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រួម​​ជាមួយ​នឹង​ការបង្កើត​ក្រុមការងារ​បច្ចេកទេស​មួយចំនួន​ទៀត​។

ការបង្កើត​គណៈកម្មាធិការ​ទាំងនេះ​គឺ​ដើម្បី​ដឹកនាំ​សម្របសម្រួល​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុ​បំណង​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ ២០១៥-២០២៥ សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឈានទៅ​សម្រេច​បានជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៥០​។

ក្រោយពេល​ហេរដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​បាន​រីកឡើង​តាមរយៈ​ស្នាដៃ​ និង​ថវិកា​ខ្មែរ​ទាំងស្រុង​ដោយ​គ្មាន​បរទេស​ចូលរួម ដែលមាន​ពាក្យស្លោក​មួយ​ «​ខ្មែរ​ធ្វើបាន​» ត្រូវបាន​លោក​នាយករដ្ឋមន្ដ្រី​បកស្រាយ​នៅក្នុង​ពិធី​សំណេះសំណាល​នៃ​ដំណើរ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​ផ្លូវ ៣៤ ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ​ត្រង់ចំណុច​កន្លែង​ពុះ​ភ្នំ​ធ្វើ​ផ្លូវ​កាលពី​ថ្ងៃទី​ ១ ខែមិថុនា​ឆ្នាំ​ ២០២០​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែង​ពេលនោះ​ថា​៖ «​វា​មិនមែន​តែ​បច្ចេកទេស​ពុះ​ភ្នំ​ដើម្បី​កសាង​ផ្លូវ​ទេ វា​មានន័យ​ទៅ​ឆ្ងាយ​ពីនេះ​នៅត្រង់ថា ការគិត​ក៏​ខ្មែរ ការ​សាងសង់​ក៏​ខ្មែរ​។ បច្ចេកទេស​គូស​ប្លង់ និង​ការសាងសង់​ទាំងអស់​គឺ​បាតដៃ​កូន​ខ្មែរ​។ ប្រាក់​ទាំងអស់ គឺ​ខ្មែរ​ចេញ​ទាំងអស់​គ្មាន​បរទេស​ចូលរួម​តែ​បន្តិច​»​។

លោកនាយក​រដ្ឋមន្ដ្រី​បានបញ្ជាក់​លើ​អត្ថន័យ​ពាក្យ​នេះ​ទៀត​កាលពី​ថ្ងៃទី​ ១ ធ្នូ ២០២១​ពេល​ចុះ​ពិនិត្យ​សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ថា ពាក្យ «​ខ្មែរ​ធ្វើបាន​» ​គឺជា​ការបង្ហាញ​ពី​មោទនភាព​ជាតិ​ដែល​ខ្មែរ​គ្រប់​ជំនាន់​ធ្វើបាន​។ ​ខ្មែរ​ធ្វើ​អង្គរវត្ត​ និង​ប្រាសាទ​ដទៃទៀត​ហើយ​ពាក្យ «​ខ្មែរ​ធ្វើបាន​» នៅ​ខេត្ត​ព្រះសីហនុ​នេះ​គ្រាន់​ជា​ការបញ្ជាក់​ពី​សមិទ្ធផល​ជាតិ​ដែល​ខ្មែរ​ជំនាន់​ក្រោយ​ធ្វើបាន​ប៉ុណ្ណោះ​ហើយ​ទៅ​ថ្ងៃ​អនាគត​ក៏​ខ្មែរ​នៅតែ​ធ្វើបាន​ជានិច្ច​៕

វីដេអូ៖