ភ្នំពេញៈ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ គ្រោង​បញ្ជូន​ជនសង្ស័យ​ជា​មេខ្លោង និង​បក្ខពួក ក្នុង​បទល្មើស​គ្រឿងញៀន​ជាង​ ២ ​តោន ទៅ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៧ ធ្នូ នេះ ដើម្បី​ចាត់វិធានការ​បន្តទៅ​តាម​នីតិវិធី​ច្បាប់​។

លោក​ អ៊ិន សុង អ្នកនាំពាក្យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ ក្រុមមន្ត្រី​នគរបាល​ជំនាញ​កំពុង​បន្ត​នីតិវិធី​ស៊ើបសួរ​ជនសង្ស័យ​នៅឡើយ ដោយសារ​សំណុំរឿង​គ្រឿងញៀន​ដ៏ធំ​នេះ​មាន​ជនសង្ស័យ​រហូតដល់​ ១៣ ​នាក់​។

លោក​ថ្លែងថា​៖ «​ករណីនេះ​ជា​ករណី​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដូច្នេះ​យើង​មិនអាច​សួរនាំ​ជនសង្ស័យ​ច្បោលៗ​បានទេ គឺ​ត្រូវ​សួរ​ដោយ​លម្អិត ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនពាក់ព័ន្ធ​មួយចំនួន​ទៀត​»​។

កាលពី​ថ្ងៃទី​ ១៥ ធ្នូ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើ​សំណើ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ពន្យារពេល​ ១ ​ថ្ងៃ​បន្ថែមទៀត សម្រាប់​ដំណើរការ​នីតិវិធី​នៃ​ការស៊ើបសួរ​ក្រុម​ជនសង្ស័យ​ក្នុង​សំណុំរឿង​គ្រឿងញៀន​ដ៏ធំ​មួយ​នេះ​ឱ្យ​បាន​លម្អិត​។ ព្រោះ​យោងតាម​នីតិវិធី​ក្រមព្រហ្មទណ្ឌ សមត្ថកិច្ច​នគរបាល​យុត្តិធម៌​មាន​សិទ្ធិ​ឃុំខ្លួន​ជនសង្ស័យ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ កម្រិតធ្ងន់​បាន​ដល់​ ៧២ ​ម៉ោង​។ លោក​ អ៊ិន សុង និយាយថា​សំណើ​នោះ​ត្រូវបាន​ស្ថាប័ន​អយ្យការ​អនុញ្ញាត​ឱ្យ​ហើយ​។

លោក​បញ្ជាក់ថា​៖ «​ទោះ​យ៉ាងណា​យើង​នឹង​ខិតខំ​ពន្លឿន​ការស៊ើបសួរ ដើម្បី​ធ្វើយ៉ាងណា​រៀបចំ កសាង​សំណុំរឿង​ជនសង្ស័យ​ទាំងនោះ បញ្ជូនទៅ​តុលាការ​រាជធានី​ភ្នំពេញ​នៅក្នុង​ថ្ងៃ​សុក្រ​ [​ទី​ ១៧ ធ្នូ​] ​នេះ​»​។

បើតាម​មន្ត្រី​នាំពាក្យ​រូបនេះ ជន​ពាក់ព័ន្ធ​ធំ​ក្នុង​សំណុំរឿង​គ្រឿងញៀន​ដ៏ធំ​នេះ គឺមាន​តែ​ ៤ ​នាក់​ប៉ុណ្ណោះ រួមមាន ឈ្មោះ Lee Tsung Han អាយុ​ ៣២ ​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ បាន​ស្លាប់​ក្នុងពេល​ប៉ះទង្គិច​ដោយ​អាវុធ​ជាមួយ​សមត្ថកិច្ច​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៤ ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់សិលា ខេត្ត​ព្រះសីហនុ​។ ឈ្មោះ LY Po Han អ្នកបើកបរ​រថយន្ត​ដឹក​គ្រឿងញៀន​ ១ ៤៨០ ​គីឡូក្រាម​។

ឈ្មោះ​ YE YONG អាយុ​ ៤៨ ​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​ជា​មេការ​គ្រប់គ្រង​ទីតាំង​កែច្នៃ​គ្រឿងញៀន​ក្នុង​រោងចក្រ​ផលិត​អាល់កុល ក្នុង​ភូមិ​ដំបងវេញ ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។ រោងចក្រ​នេះ​ជា​កម្មសិទ្ធិ​របស់​មេខ្លោង​ធំ ឈ្មោះ Ye Yan Shou អាយុ​ ៥៨ ​ឆ្នាំ ជនជាតិ​ចិន​មាន​សញ្ជាតិ​ខ្មែរ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន XIN YINFENG (CAMBODIA) INDUSTRY CO., LTD ​មាន​ទីតាំង ស្ថិតនៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

លោក​ អ៊ិន សុង បន្ថែមថា រីឯ​ជនសង្ស័យ​ ៩ ​នាក់​ផ្សេងទៀត គឺជា​កម្មករ​ជា​សន្តិសុខ និង​ជា​ចុងភៅ​។ ក្នុងចំណោម​ពួកគេ​ទាំងនេះ​មាន​អ្នកខ្លះ​អាច​នឹងមិន​ដឹង​រឿង​អំពី​រោងចក្រ ដែល​ពួកគេ​កំពុង​បម្រើ​ការងារ​នេះ​មាន​លួចលាក់​ផលិត​គ្រឿងញៀន​នោះទេ​។ រីឯ​មួយចំនួនទៀត​អាច​ដឹង​រឿង​ខ្លះ​ពី​ការនិយាយ​ខ្សឹបខ្សៀវ​របស់​ជនសង្ស័យ​ធំ​ទាំង​ ៤ ​នាក់​ខាងលើ​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា ដើម្បី​ពិចារណា​ទៅលើ​ភាពសង្ស័យ​របស់​ពួកគេ​មុនពេល​មាន​ចំណាត់ការ​នីតិវិធី បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​នៅ​ថ្ងៃ​សុក្រ​នេះ​»​។

គួររំឭកថា កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃទី​ ១២ ធ្នូ ឆ្នាំ​ ២០២១ សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​ចំនួន​ ៤ រួមមាន រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង បាន​បង្ក្រាប​ករណី​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ដោយ​រឹបអូស​វត្ថុតាង​គ្រឿងញៀន​ប្រភេទ Ketamine បាន​ជាង​ ២ ​តោន និង សារធាតុ​គីមី​ផ្សំ​ជាង​ ៨៤ ​តោន ព្រមទាំង​អាវុធខ្លី K54 ១ ​ដើម ម៉ាស៊ីន​កែច្នៃ​ផលិត​គ្រឿងញៀន ខ្នាត​ធំ​ចំនួន​ ២០ ​គ្រឿង និង​មធ្យោបាយ ដឹកជញ្ជូន​មួយចំនួនទៀត​៕