ភ្នំពេញៈ ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បញ្ជា​ឱ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ក្រុង និង​ស្រុក ចុះ​ពិនិត្យ និង​ចាត់វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ចំពោះ​ជន​ប្រព្រឹត្ត​ល្មើសច្បាប់​ព្រៃឈើ ជលផល តំបន់​ការពារ​ធម្មជាតិ និង​រំលោភច្បាប់​ភូមិបាល​ដែល​បាន​ធ្វើការ​រំលោភបំពាន​កាន់កាប់​ដី​រដ្ឋ​។

តាមរយៈ​លិខិត​ជូនដំណឹង​ដែល​បង្ហាញ​ទិដ្ឋភាព​ច្បាប់​ព្រៃឈើ ជលផល តំបន់​ការពារ​ធម្មជាតិ​ និង​ច្បាប់​ភូមិបាល​កាលពី​ថ្ងៃ​ទី​ ១៥ ធ្នូ លោក គួច ចំរើន បាន​បញ្ជា​ឱ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្រុង ស្រុក​​ត្រូវតែ​ចុះ​ពិនិត្យ និង​ចាត់វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​​ជន​ប្រព្រឹត្ត​ល្មើសច្បាប់​ទាំងនោះ​។

ក្នុង​លិខិត​បញ្ជាក់ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ជូនដំណឹង​ដល់​បុគ្គល​ពាក់ព័ន្ធ​រួមមាន អ្នកផ្តើម​គំនិត​អ្នកសមគំនិត​អ្នកប្រព្រឹត្ត និង​អ្នក​ញុះញង់​ដែល​បាន និង​កំពុង​រុករាន​ទន្ទ្រាន​កាន់កាប់ កាប់ឆ្ការ ឈូសឆាយ ដុត ហ៊ុមព័ទ្ធ​សាងសង់​សំណង់​មិន​រៀបរយ ស្នាក់នៅ​ដាំ​ដំណាំ​ផ្សេងៗ នៅក្នុង​ដី​គម្រប​ព្រៃឈើ ដីព្រៃ​លិចទឹក ដី​ព្រៃកោងកាង ដី​តំបន់​អភិរក្ស​។ លិខិត​ជូនដំណឹង​បាន​ប្រាប់​ទៅ​អ្នក​នៅលើ​ដី​ស្ថានីយ​ដាំឈើ​អូរថ្ម ដី​ឧទ្យានជាតិ ដី​ឧទ្យានជាតិ​សមុទ្រ របៀង​អភិរក្ស ជីវចម្រុះ ដី​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ព្រែក​ទឹកសាប ក្បាលឆាយ និង​ដី​កម្មសិទិ្ធ ឯកជន ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ឱ្យ​បាន​ដឹងថា សកម្មភាព​ទាំងអស់នោះ គឺជា​បទល្មើស ដែល​មានចែង​ក្នុង​ក្រមរដ្ឋប្បវេណី ក្រម​ព្រហ្មទណ្ឌ ច្បាប់​ស្តីពី​រដ្ឋបាល​ព្រៃឈើ ច្បាប់​ស្តីពី​ជលផល ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ និង​ច្បាប់​ភូមិបាល​ដែល​នៅ​ជា​ធរមាន​។ ហេតុនេះ​រដ្ឋបាលខេត្ត​ព្រះសីហនុ អំពាវនាវ​ជាថ្មី​ឱ្យ​ចាកចេញ និង​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​បើ​មិន​ដូច្នេះ​ទេ​នឹង​ប្រឈមមុខ​ផ្លូវច្បាប់​។

លិខិត​លោក​ គួច ចំរើន បញ្ជាក់ថា​៖ «​ក្នុងន័យនេះ ដើម្បី​ចៀសវាង​ការប្រឈម​ទោសទណ្ឌ​តាម​ផ្លូវច្បាប់ រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​អំពាវនាវ ជាថ្មី​ម្តងទៀត ដល់​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បញ្ឈប់​​រាល់​សកម្មភាព​ទាំងឡាយ​ដូច​មាន​រៀបរាប់​ខាងលើ​ដោយ​ធ្វើ​ការរុះរើ​សំណង់​ផ្សេងៗ ហើយ​ចាកចេញ​ពី​ទីតាំង​ដី រួច​ប្រគល់​ជូន​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ និង​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​»​។

លោក គួច ចំរើន បាន​បង្ហាញ​ទិដ្ឋភាព​ច្បាប់​ទាំងនោះ​ដែលមាន​ដូចជា មាត្រា​ ៩៧ និង​មាត្រា ៩៨ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ ដែល​ចែងថា ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ដូចជា​ក្លែងបន្លំ​លិខិត​សាធារណៈ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ព្រៃឈើ ឬ​សត្វព្រៃ បំផ្លាញ លាក់បាំង លក់ ឬ​លួច​វត្តុតាង​ព្រៃឈើ កម្ទេច ផ្លាស់ប្តូរ លុបបំបាត់​ ឬ​ធ្វើឱ្យ​ខាត​ដល់​ព្រំសីមា​នៃ​តំបន់​ព្រៃឈើ កាន់កាប់​រាន​ព្រៃ ឈូស​ឆាយដី ព្រៃ​ហ៊ុមព័ទ្ធ​កាន់កាប់​ព្រៃ គ្រៀវ បំពុល កាប់បំផ្លាញ ផ្តួលរំលំ​ដើមឈើ ឬ​គាស់​រំលើង​ប្រមូល​គល់ឈើ បង្ក​ឱ្យ​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា​ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​ ១ ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី ៥ ឆ្នាំ ទៅ ១០ ​ឆ្នាំ និង​ត្រូវ​រឹបអូស​វត្ថុតាង​ទាំងអស់​មក​ជា​សម្បត្តិ​រដ្ឋ​។ ករណី​ជន​ប្រព្រឹត្ត​បទល្មើស​មិន​រាងចាល​ត្រូវ​ផ្តន្ទាទោស​ទ្វេដង​នៃ​ទោស​ខាងលើ​។

ដោយឡែក​មាត្រា ៩៨ នៃ​ច្បាប់​ស្តីពី​ជលផល​បាន​ចែងថា ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ជលផល​ថ្នាក់​ទី ១ ​ដែល​ត្រូវដាក់​ពន្ធនាគារ​ពី ៣ ទៅ ៥ ​ឆ្នាំ និង​វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ បំផ្លាញ​ចោល​ និង​ដកហូត​កិច្ចព្រមព្រៀង​ ឬ​លិខិតអនុញ្ញាត ចំពោះ​ជន​ណា​ដែល​កាប់ឆ្ការ​គាស់​រាន ឈូសឆាយ ព្រៃ​លិចទឹក និង​ព្រៃកោងកាង ឬ​ហ៊ុមព័ទ្ធ​កាន់កាប់​ព្រៃ​លិច​ទឹក​ និង​ព្រៃកោងកាង​។ ចំពោះ​ជន​ណា​ប្រព្រឹត្ត​បទល្មើស​ជលផល​ថ្នាក់​ទី ១ ចាប់ពី ២ ដង​ឡើង​ទៅ​ត្រូវ​ផ្តន្ទាទោស​ទ្វេដង​នៃ​បទល្មើស​ជលផល​ថ្នាក់​ទី​ ១ ​នៃ​មាត្រា​នេះ​។

លោក វ៉ាន់ លី មន្ត្រី​អង្គការ​លីកាដូ​ប្រចាំខេត្ត​ព្រះសីហនុ​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។ ទន្ទឹម​នោះ លោក​ស្នើសុំ​ដល់​ពលរដ្ឋ​ដែល​បាន​ទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ប្រញាប់​ចាកចេញ​ចៀសវាង​ការទទួល​ទោស​តាមច្បាប់​។ ជាមួយគ្នា​នោះ​លោក​ក៏​ស្នើសុំ​ឱ្យ​រដ្ឋបាលខេត្ត អាជ្ញាធរខេត្ត មេត្តា​ពិនិត្យ​ និង​ចុះ​អនុវត្ត​ឱ្យមាន​សមភាព​រវាង​អ្នក​បំពាន​ដែល​ជា​ពលរដ្ឋ​ក្រីក្រ និង​អ្នកមាន​លុយ​មានអំណាច​។ លោក​ថ្លែងថា៖ «​សូម​អាជ្ញាធរ​ចុះ​អនុវត្ត​ឱ្យមាន​ភាពស្មើគ្នា​កុំឱ្យ​ពេលដែល​​អ្នកក្រីក្រ​គាត់​ទៅ​នៅមាន​ការអនុវត្ត​ផ្លូវច្បាប់ ប៉ុន្តែ​ដល់ពេល​ដែល​អ្នកមាន​លុយ​មាន​អំណាច​បែរជា​អាច​ទៅធ្វើ​ទីតាំង​ហ្នឹង​ពាក់ព័ន្ធ​ការរំលោភ​ខុសច្បាប់​ហើយ គ្រាន់តែ​ឱ្យ​ចាកចេញ​ ឬ​មិន​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ពួកគាត់​នោះ​»​។ លោក​ថា ការមិន​អនុវត្ត​ចំពោះ​អ្នកមាន​លុយ​មានអំណាច​គឺជា​គំរូ​មិនល្អ សម្រាប់​អ្នក​ផ្សេងទៀត នឹង​ហ៊ាន​ប្រព្រឹត្តល្មើស​បន្ថែម ប្រសិនបើ​គេ​មើលឃើញថា ការរំលោភ​លើដី​របស់​រដ្ឋ ហើយ​មិនមាន​ការដាក់ទោសទណ្ឌ​។ យ៉ាងណាក៏ដោយ លោក​ វ៉ាន់ លី បញ្ជាក់​ថា អាជ្ញាធរ​គួរតែ​ពិនិត្យមើល​ឱ្យបាន​ច្បាស់លាស់​ប្រសិន​ពលរដ្ឋ​បាន​រស់នៅ​លើ​ដីរដ្ឋ​យូរ​ឆ្នាំ​មកហើយ គួរតែ​កាត់​ឆ្វៀល​ប្រគល់​ដី​នោះ​ជូន​ពួកគាត់​៕

វីដេអូ៖