ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ធ្វើ​ប្រតិភូកម្ម និង​ផ្ទេរ​មុខងារ​ទៅ​ថ្នាក់ក្រោម​ជាតិ​ដោយ​ផ្សព្វផ្សាយ​​អំពី​បែបបទ និង​នីតិវិធី​នៃ​ការគ្រប់គ្រង និង​ការផ្តល់សេវា​រដ្ឋបាល​ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក​ទៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ពលរដ្ឋ​នាពេល​ខាងមុខ​ក្នុង​ការទទួល​សេវាសាធារណៈ​ក្នុង​វិស័យ​ដឹកជញ្ជូន​ដែល​នៅ​ជិត​មូលដ្ឋាន​។

លោក ហៀង សុធាយុទ្ធ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​នៅ​ថ្ងៃទី​ ១៦ ខែធ្នូ​ថា ក្នុង​នាម​ក្រសួង​ជំនាញ​ត្រូវតែ​បណ្តុះបណ្តាល​ធ្វើ​ប្រតិភូកម្ម​ និង​ផ្ទេរ​មុខងារ​ជូនទៅ​ថ្នាក់ក្រោម​ជាតិ ហេតុនេះ​កម្មវិធី​ផ្សព្វផ្សាយ​បណ្តុះបណ្តាល​នឹង​​ធ្វើ​ឡើងជា​បន្តបន្ទាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​កម្មវិធី​នេះ​មាន​ជា​បន្តបន្ទាប់ ព្រោះ​​ថា មួយពេល​យើង​មិន​អាចធ្វើ​ទាំងអស់​បាន​ទេ ដំបូង​យើង​ផ្សព្វផ្សាយ ផ្សព្វផ្សាយ​ហើយ​យើង​បំពាក់​សម្ភារ បំពាក់​សម្ភារ​រួចហើយ​យើង​បណ្តុះបណ្តាល ហើយ​ចាប់ផ្តើម​អនុវត្ត​បន្តបន្ទាប់ ព្រោះ​ការងារ​ថ្នាក់ក្រោម​ជាតិ​នេះ បើ​ដំណើរការ​ទាំងអស់​គឺមាន​ច្រកចេញចូល​ប្រមាណ​ជាង​ ២០០ បើ​ប្រៀបធៀប​ជាមួយ​​ចំនួន​ស្រុក​»​។

លោក សុធាយុទ្ធ បាន​បន្តថា ការងារ​នេះ​ជា​ការងារ​ធំ​មួយ​ដែល​ត្រូវធ្វើ​ជាមួយ​នឹង​គ្រប់​អង្គភាព​ថ្នាក់ក្រោម​ជាតិ ដើម្បី​រុញ​សេវាសាធារណៈ​ក្នុង​វិស័យ​ដឹកជញ្ជូន​ឱ្យទៅ​ជិត​ប្រជាពលរដ្ឋ​​ និង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​​រក​សេវាសាធារណៈ​ក្នុង​វិស័យ​មួយ​នេះ​បាន​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ លោក​បញ្ជាក់ថា​​ពលរដ្ឋ​អាច​ទទួល​សេវា​សាធារណៈ​ក្នុង​វិស័យ​ដឹកជញ្ជូន​កាន់តែ​ទូលំទូលាយ​តាមរយៈ​អង្គភាព​ច្រកចេញចូល​តែមួយ និង​​ការិយាល័យ​ច្រកចេញចូល​តែមួយ​។

លោក​ថ្លែងថា​៖ «​ការិយាល័យ​ច្រកចេញចូល​តែមួយ​គឺ​សំដៅ​នៅ​ស្រុក ចំណែក​អង្គភាព​ច្រកចេញចូល​តែមួយ គឺ​សំដៅ​នៅ​ខេត្ត អ៊ីចឹង​គេ​ធ្វើ​មាន​ ២ ​កម្រិត​ហ្នឹង ហើយ​មាន​សេវា​មួយចំនួន​​គេ​ធ្វើ​នៅ​ក្រសួង​ទៅតាម​ប្រភេទ​។

បើ​សេវា​ណា​មាន​ភាពងាយស្រួល​ហើយ​តម្រូវការ​ប្រជាពលរដ្ឋ​ច្រើន​គេ​រុញ​ទៅដល់​ស្រុក ហើយ​ថ្ងៃក្រោយ​គេ​រុញ​ទៅដល់​ថ្នាក់ក្រោម​ហ្នឹង​ទៀត​ដើម្បី​កាន់តែ​ងាយស្រួល​»​។

នៅ​ថ្ងៃទី​ ១៤ និង​ទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២១ នៅ​សាលមហោស្រព​ខេត្តក្រចេះ លោក សួន រចនា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​លើក​ទី​ ៤ លើ​សេចក្តី​ណែនាំ​អំពី​បែបបទ និង​នីតិវិធី​នៃ​ការគ្រប់គ្រង និង​ការផ្តល់សេវា​រដ្ឋបាល​ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក​ដល់​ប្រធាន​ និង​មន្ត្រី​អនុវត្ត​មុខងារ​នេះ​មកពី​ខេត្ត​ចំនួន​ ៦ រួមមាន ខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង និង​ខេត្តកំពង់ធំ និង​មាន​រដ្ឋបាល​ស្រុក​ចំនួន​ ៣១ ដែល​មិនទាន់​ទទួល​បាន​ការផ្សព្វផ្សាយ​ដល់​មន្ត្រី​អនុវត្ត​មុខងារ​នៅ​ថ្នាក់ក្រុង ស្រុក ខណ្ឌ មាន​សមាសភាព​សរុប ១៥៣ ​នាក់ ស្រី​ ២០ ​នាក់​។

ការផ្សព្វផ្សាយ​លើ​បែបបទ​​ និង​នីតិវិធី​ការគ្រប់គ្រង​លើ​ការអនុវត្ត​មុខងារ​ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក​នេះ​មាន​​មុខងារ​ចំនួន​ ៤ រួមមាន ការគ្រប់គ្រង​ការចុះបញ្ជី និង​ការផ្តល់​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​យានដ្ឋាន​ជួសជុល កែច្នៃ​ដំឡើង ទោចក្រយានយន្ត សេវា​ចុះបញ្ជី​ទោចក្រយានយន្ត សេវា​ចុះបញ្ជី​ត្រីចក្រយានយន្ត និង​រ៉ឺម៉ក​ទោចក្រយានយន្ត និង​​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រីចក្រយានយន្ត និង​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ។

លោក សុខ ភាក់ ប្រជាពលរដ្ឋ​នៅ​បន្ទាយមាស ខេត្ត​​កំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ខែធ្នូ​ថា វិស័យ​សាធារណការ និង​ដឹកជញ្ជូន ប្រសិនបើ​មាន​ការផ្ទេរ​មុខងារ​ទៅ​ដល់​ថ្នាក់ស្រុក​នោះ គឺជា​រឿង​ល្អ ហើយ​មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ព្រោះ​បង្ក​ការងាយស្រួល​ក្នុង​​ការស្វែងរក​សេវា មិន​ចំណាយ​ពេលវេលា​ច្រើន​។

លោក​បាន​ថ្លែងថា​៖ «​វា​ល្អ​ត្រង់​ថា​ទី​ ១ គឺ​ប្រជាពលរដ្ឋ​​អត់​ត្រូវការ​ចំណាយពេល​វេលា​ធ្វើដំណើរ​ដើម្បី​ទៅ​ធ្វើការ​​ចុះបញ្ជី​ចុះ​បណ្ណ​យានយន្ត​ ឬ​​ក៏​អី​អ៊ីចឹង​ទៅណា បើ​គាត់​ធ្វើ​នៅ​​មូលដ្ឋាន​អ៊ីចឹង​វា​ជិត​។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​ដែល​ធ្វើ​កិច្ចការ​ហ្នឹង​គឺ​គាត់​អាច​ដឹង​ព័ត៌មាន​ច្បាស់លាស់​ជាង​ថា នៅ​​ភូមិ​ណា ឃុំ​ណាខ្លះ មាន​ឡាន​ម៉ូតូ​ប៉ុន្មាន អី​ប៉ុន្មាន​»៕