ភ្នំពេញៈ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឱ្យ​ដឹងថា ភ្លើង​ឆេះ​ផ្ទះ​ស្តុក​ទំនិញ​មួយ​ល្វែង​នៅ​ភូមិ​ត្រពាំងល្វា​ ២ សង្កាត់​កាកាប​ ១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី-ភ្នំពេញ កាលពី​វេលា​ ១២:២០ ​នាទី​រសៀល ថ្ងៃទី​ ១៦ ខែធ្នូ ឆ្នាំ​ ២០២១ ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​។

លោក ម៉ន វុធី អធិការ​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អគ្គិភ័យ​នេះ​មិន​បង្ក​ឱ្យ​មាន​ពលរដ្ឋ​ណា​ម្នាក់​រងរបួស​ទេ ប៉ុន្តែ​បាន​ខូចខាត​ទាំងស្រុង​នូវផ្ទះ​ស្តុក​ទំនិញ​មួយ​ល្វែង​ទំហំ ៤១៦ ​ម៉ែត្រការ៉េ ដែលមាន​ម្ចាស់​ឈ្មោះ លី ឃុន អាយុ​ ៤០ ​ឆ្នាំ និង បាន​ប៉ះពាល់​ខូចខាត​ស្រាល​ដល់ផ្ទះ​អ្នកជិតខាង​នៅក្បែរនោះ​ ២ ​ល្វែង​។

លោក​ថ្លែងថា​៖ «​តាម​សម្ដី​របស់​បុរស​ម្ចាស់ផ្ទះ​ឈ្មោះ លី ឃុន អគ្គិភ័យ​នេះ​បង្កឡើង​មកពី​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី ចេញពី​ប្រអប់​បារ៉ែត​ភ្លើង​នៅក្នុង​ផ្ទះ​របស់គាត់​ហើយ​ឆេះ​រាល​ដល់​ទំនិញ​ជា​ប្រអប់​ស្នោ ដែល​គាត់​បាន​ស្តុក​ទុក​នៅក្នុង​ផ្ទះ​នោះ​»​។ លោក វុធី ថ្លែងថា មុនពេល​កម្លាំង​អន្តរាគមន៍ ពន្លត់​អគ្គិភ័យ ខណ្ឌ​ពោធិ៍សែនជ័យ និង អង្គភាព​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ទៅដល់​ម្ចាស់ផ្ទះ និង ក្រុមគ្រួសារ រួមទាំង​អ្នក​ជិតខាង​របស់​គាត់​បាន​ព្យាយាម​យក​បំពង់​ពន្លត់​អគ្គិភ័យ ទៅ​បាញ់​ពន្លត់​អស់​ជាច្រើន​បំពង់​ដែរ ប៉ុន្តែ​មិនអាច​ទប់ទល់​នឹង​កំសួល​ភ្លើង​បាន ព្រោះ​ទំនិញ​នៅក្នុង​ផ្ទះ​នោះ ភាគច្រើន​ជា​ជ័រ និង​ស្នោ​ដែល​ងាយ​នឹង​ឆេះ​។

ក្នុង​ឆ្នាំ​ ២០២១ គិត​ត្រឹម​ថ្ងៃទី ​១៦ ​ខែ​ធ្នូ​នេះ អគ្គិភ័យ​បាន​កើតឡើង​នៅ​ទូទាំង​ប្រទេស​ចំនួន​ ៦៨៥ ​លើក​បង្ក​ឱ្យ​មនុស្ស​ ២២ ​នាក់​ស្លាប់ និង ៤០ ​នាក់​ទៀត​រងរបួស​។ នេះ​បើ​យោងតាម​ទិន្នន័យ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ពី​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ក្រសួង​មហាផ្ទៃ​៕