ភ្នំពេញៈ នៅក្នុង​ឆ្នាំនេះ មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប) ​តាមរយៈ​ចុះ​ត្រួតពិនិត្យ​ភាពមិន​អនុលោម​ផ្នែក​គុណភាព​បរិមាណ និង​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ តាម​បណ្តា​ស្ថានីយ​ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ទូទាំងប្រទេស​បាន​រកឃើញ​ស្ថានីយ​ និង​ដេប៉ូ​ ៧៨៤ ​ទីតាំង ប្រកប​អាជីវកម្ម​មិន​ស្មោះត្រង់ និង​បាន​ពិន័យ​អន្តរការណ៍​ ៧៧៣ ​ករណី ព្រមទាំង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ ៧ ​ករណី​។

លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន (​ក.ប.ប.) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ខែធ្នូ​ថា ក្នុង​ឆ្នាំ​ ២០២១ ​នេះ​​មន្ត្រី​ (​ក.ប.ប.) ​បាន​ចុះ​ត្រួតពិនិត្យ​ភាពមិន​អនុលោម​ផ្នែក​គុណភាព​បរិមាណ និង​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​/​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ ១ ៨៩៦ ​ស្ថានីយ​/​ដេប៉ូ ក្នុងនោះ​​បាន​រកឃើញ ៧៨៤ ​ទីតាំង​បាន​​ប្រកប​អាជីវកម្ម​មិន​ស្មោះត្រង់​។

លោក​បានឱ្យ​ដឹងថា ចំពោះ​ដេប៉ូ​ប្រេង​ដែល​ត្រូវបាន​រកឃើញ​​ធ្វើ​អាជីវកម្ម​មិន​អនុលោម​ទៅ​​នឹង​ច្បាប់​ខាងលើ​ត្រូវបាន​មន្ត្រី​ (​ក.ប.ប.) ​អនុវត្ត​វិធានការ​ពិន័យ​អន្តរការណ៍​ទៅតាម​ប្រភេទ និង​ទំហំ​នៃ​បទល្មើស​នីមួយៗ​ចំនួន ៧៧៣ ​ករណី កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំនួន​ ៧ ​ករណី និង​បាន​​ព្រមាន​ជា​លាយ​លក្ខ​អក្សរ​ចំនួន​ ៤ ​ករណី​។

លោក ផាន អូន ថ្លែងថា​៖ «​អគ្គនាយកដ្ឋាន​ (​ក.ប.ប.) ​នឹង​បន្ត​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​ប្រេងឥន្ធនៈ​នៅតាម​បណ្តា​ស្ថានីយ និង​ដេប៉ូ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ឱ្យបាន​ការធ្វើ​អាជីវកម្ម​មិន​ស្មោះត្រង់​កិបកេង​យក​ផលចំណេញ​ពី​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​»​។

កាលពី​ថ្ងៃទី​ ១៥ ខែធ្នូ មន្ត្រី​ (​ក.ប.ប.) ​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​លើ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ២២ ផ្សេង​​ទៀត​នៅក្នុង​ខេត្តកំពត ឧត្តរមានជ័យ ព្រៃវែង ព្រះសីហនុ និង​ខេត្តកំពង់ស្ពឺ ដោយបាន​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ១០ ​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​។

អគ្គនាយកដ្ឋាន​ (​ក.ប.ប.) ​បានឱ្យដឹងថា ក្រោយពី​បាន​រកឃើញ​ដូចនេះ មន្ត្រី​ (​ក.ប.ប.) ​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​លើ​ម្ចាស់​ដេប៉ូ​ទាំងនោះ​ព្រមទាំង​បាន​ណែនាំ​ឱ្យ​ម្ចាស់​ដេប៉ូ​កែសម្រួល​ និង​បញ្ឈប់​ការប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ដែល​ធ្វើឱ្យ​​ខាតបង់​ដល់​អ្នកប្រើប្រាស់​ និង​សង្គមជាតិ​។

ជាមួយ​គ្នា​នេះ កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ​ ២០២១ មន្ត្រី​ (​ក.ប.ប.) ​ក៏បាន​បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ១៥ ស្ថិតក្នុង​ខេត្តកំពត កំពង់ស្ពឺ ព្រះសីហនុ​ និង​ខេត្តព្រៃវែង​ផងដែរ ក្នុង​បំណង​​ទប់ស្កាត់ ការប្រកប​អាជីវកម្ម​ដែល​មិន​សុចរិត និង​ដើម្បី​ការពារ​ផលប្រយោជន៍​ជូន​អ្នកប្រើប្រាស់​។

អគ្គនាយកដ្ឋាន​ (​ក.ប.ប.) ​បញ្ជាក់ថា «​ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​នេះ​មន្ត្រី​ជំនាញ​បាន​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ៦ ​មិន​អនុលោម​។ ​ក្រោយ​​ពី​បាន​រកឃើញ​ដូចនេះ​មន្ត្រី​ជំនាញ​បានធ្វើ​ការពិន័យ​អន្តរការណ៍​ និង​បាន​ណែនាំ​ដល់​ម្ចាស់​ដេប៉ូ​ឱ្យ​ប្រកប​អាជីវកម្ម​របស់ខ្លួន​ដោយ​គោរព​ទៅតាម​ច្បាប់​ជា​ធរមាន​»៕

វីដេអូ៖