សៀមរាបៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​បាន​ដាស់តឿន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចៀសវាង​ការចាញ់ល្បិច​ជនឆបោក ដែល​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​អូសទាញ ឱ្យ​ចូល​អន្ទាក់​របស់​ពួកគេ និង​សូមកុំ​ឆ្លងដែន​ខុសច្បាប់ ពីព្រោះ​វា​អាច​ចូល​អន្ទាក់​ជនខិលខូច​ដែល​រង់ចាំតែ​ឆ្លៀតឱកាស​​ ដើម្បី​ធ្វើការ​កេងប្រវ័ញ្ច និង​ធ្វើការ​ជួញដូរ​មនុស្ស​។

ក្នុង​ពិធី​បើក​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​លើក​ទី​ ១៥ ឆ្នាំ​ ២០២១ ​នៅ​ខេត្ត​សៀមរាប​នៅ​ថ្ងៃទី​ ១៥ ​ធ្នូ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​លោកស្រី​ ​ជូ ប៊ុនអេង ថ្លែងថា ស្របពេល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​បញ្ហា​កូវីដ​ ១៩ មាន​ជន​ឆ្លៀតឱកាស​បាន​ប្រើល្បិច​គ្រប់បែបយ៉ាង ដើម្បី​កេងប្រវ័ញ្ច និង​ជួញដូរ​មនុស្ស​តាម​គ្រប់​រូបភាព​។

លោកស្រី​បាន​ដាស់តឿន​ប្រជាពលរដ្ឋ​ឱ្យមាន​ស្មារតី​ប្រុងប្រយ័ត្ន​កុំ​ចាញ់បោក​កលល្បិច និង​ការអូសទាញ​របស់​ជនខិលខូច​ឱ្យ​ផ្សងព្រេង​រក​លាភសក្ការៈ ប្រាក់ចំណូល​ដែល​មិន​សមហេតុផល​។ លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​ជាពិសេស​ការឆ្លងដែន​ខុសច្បាប់​ទៅ​បរទេស ដែល​មិនមាន​សុវត្ថិភាព និង​ចូល​អន្ទាក់​ជនល្មើស ដែល​តែងតែ​ឆ្លៀតឱកាស យក​ភាពប្រឈម ការលំបាក របស់​ប្រជាពលរដ្ឋ ជា​ឱកាស​កេងប្រវ័ញ្ច ក្នុង​ការជួញដូរ​មនុស្ស តាម​គ្រប់​រូបភាព ដោយ​មិន​លើកលែង​ទាំង​ទារក កុមារ និង​អនីតិជន​»​។

លោកស្រី​បន្តថា បច្ចុប្បន្ននេះ​មាន​ការកេងប្រវ័ញ្ច​ផ្លូវភេទ​មួយបែប​ទៀត​ដែលជា​ការកេងប្រវ័ញ្ច​យក​ផលប្រយោជន៍​ដល់​មនុស្ស គ្រប់​វិស័យ ជាពិសេស​ទៅលើ​កុមារ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​ការអូសទាញ​ឱ្យ​ឆ្លងដែន​ប្រថុយប្រថាន​រក​ការងារ មុខរបរ គូស្រករ​នៅក្រៅ​ប្រទេស និង​ទាក់ទាញ​ឱ្យ​ពពោះ​ជំនួស ដើម្បី​លក់ ទិញ នាំ​ទារក​ឆ្លងដែន និង​ការលក់​ទិញ​សរីរាង្គ​ជាដើម​។ លោកស្រី​ថា​៖ «​យើង​កំពុង​បារម្ភ​ថា កុមារ​កំពុង​ត្រូវបាន​អូសទាញ ឬ​ការគាបសង្កត់​ណាមួយ​ពី​អ្នក​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អនឡាញ​ដែល​ធ្វើឱ្យ​កុមារ​គ្មាន​ជម្រើស ធ្វើឱ្យ​កុមារ ហាក់​គ្មាន​ដំណោះស្រាយ ឈានដល់​ការធ្វើ​អត្តឃាត​ហើយ​ករណីនេះ​មិនមែន​មាន​តែ​ប្រទេស​កម្ពុជា​ទេ​»​។

ក្នុង​ន័យ​នេះ​លោកស្រី ជូ ប៊ុនអេង បាន​លើក​ជា​ឧទាហរណ៍​ថា​៖ «​ករណី​ទាក់ទាញ​តាម​អនឡាញ ដំបូង​ជនល្មើស​សុំ​ធ្វើជា​មិត្ត ដល់​ពេល​ទាក់ទង​ជិតស្និទ្ធ ពេលនោះ​ហ៊ាន​ដោះដូរ​នូវ​រូបភាព​អាក្រាតកាយ ដែល​ចំណុច​នេះ គឺជា​ចំណាប់ខ្មាំង បានន័យថា គេ​មាន​រូបភាព​ក្នុង​ដៃ គេ​ណាត់​ជួប​ខាងក្រៅ ពេលនោះ​គេ​យក​យើង​ទៅ​ជួញដូរ តាម​អំពើ​ចិត្ត ដោយសារ​យើង​មាន​ចំណុច​ខ្សោយ​»​។ ពាក់ព័ន្ធ​ចំណុច​នេះ លោកស្រី​បាន​ផ្តល់​អនុសាសន៍​ដល់​អាណាព្យាបាល​គ្រប់រូប​នៅពេល​មានកូន ឬ​សាច់ញាតិ​ជួប​បញ្ហា​នេះ ត្រូវ​នៅក្បែរ លើក​ទឹកចិត្ត និង​ផ្តល់​កម្លាំងចិត្ត​ដល់​ក្មេងរងគ្រោះ​ចៀសវាង​ទុក​ក្មេង​​ចោល​។

យ៉ាងណា​ក៏ដោយ លោកស្រី បាន​គូសបញ្ជាក់​ថា ស្ថិត​នៅក្នុង​ដំណាក់កាល​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​បន្ត​តាមដាន​បង្ក្រាប​អំពើ​ទុច្ចរិត​បង្ក​វិនាសកម្ម រួមទាំង​អំពើ​ជួញដូរ និង​កេងប្រវ័ញ្ច​គ្រប់​រូបភាព និង​ឧក្រិដ្ឋកម្ម​ដ៏សាហាវឃោរឃៅ​ដទៃទៀត​ឱ្យ​មាន​ប្រសិទ្ធភាព និង​បាន​ព្រមាន​ដល់​ជនល្មើស​ថា រាជរដ្ឋាភិបាល​នឹងមិន​អត់ឱន​ដល់​អ្នកប្រព្រឹត្ត​បទល្មើស​ជួញដូរ​មនុស្ស​ទេ​។

អភិបាលខេត្ត​សៀមរាប​លោក ទៀ សីហា ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ​បាន​ថ្លែងថា រូបភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​មិន​ត្រឹមតែ​ជា​ការជួញដូរ ឬ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ផ្លូវភេទ​ប៉ុណ្ណោះ​ទេ ដែល​កន្លងទៅ​ក៏មាន​លេចចេញ​នូវ​បាតុភាព​មួយចំនួន​ដែលមាន​ទំនោរ​ទៅរក​អំពើ​ជួញដូរ​សរីរាង្គ និង​បទល្មើស​រត់ពន្ធ ឬ​ជួញដូរ​ទារក​ឆ្លងដែន​ផងដែរ​។

លោក អំ សំអាត នាយករង​អង្គការសិទ្ធិមនុស្ស​លីកាដូ​បាន​កត់សម្គាល់​ផងដែរ​ថា ដោយសារ​តែ​ការរីកចម្រើន​ខាង​បច្ចេកវិទ្យា​ធ្វើឱ្យ​ការកម្ចី​ឥណទាន​តាម​ប្រព័ន្ធ​អនឡាញ​ក៏​ជា​ផ្នែក​មួយ​នៃ​ការជួញដូរ​វីដេអូ​អាសអាភាស​កុមារ​ផងដែរ ដើម្បី​ជា​ថ្នូរ​នឹង​ការផ្តល់​ប្រាក់កម្ចី​។

លោក​ថា ថ្មីៗ​នេះ​មាន​ការរីករាលដាល​ជាច្រើន ទាក់ទិន​នឹង​កម្ចី​អនឡាញ​ហើយ​ការកម្ចី​តាម​ប្រព័ន្ធ​អនឡាញ​មួយចំនួន​ជា​ការរំលោភបំពាន​ទៅលើ​សិទ្ធិ​ស្ត្រី ឬ​កុមារ ពីព្រោះ​ការឱ្យ​កម្ចី​ខ្លះ​មាន​ការឱ្យ​ថតរូប​អាក្រាតកាយ​ជា​ថ្នូរ​ផ្តល់​ប្រាក់កម្ចី​។

អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ខេត្តសៀមរាប​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ លោកស្រី យូ សុភា បានឱ្យដឹងថា ផ្អែក​តាម​របាយការណ៍​សង្ខេប​ស្តីពី​លទ្ធផល​ការងារ​របស់​គណៈកម្មការ​ឆ្នាំ​ ២០២១ សមត្ថកិច្ច​ជំនាញ​ខេត្ត បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​សរុប ចំនួន ៣៤ ​ករណី​។ លោកស្រី​បញ្ជាក់ថា​៖ «​ក្នុងនោះ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន ៣៥ ​នាក់​ (​ស្រី​ ៣ ​នាក់​) ​ជនជាតិ​ខ្មែរ ៣៣ នាក់ (​ស្រី ៣ ​នាក់​) និង​ជនជាតិ​បរទេស ២ ​នាក់ ភេទ​ប្រុស​។ រីឯ​ជនរងគ្រោះ ៦៩ នាក់ (​ស្រី​ ៥០ ​នាក់​) ក្នុងនោះ​អនីតិជន​ក្រោម​ ១៥ ​ឆ្នាំ ២៧ ​នាក់ (​ស្រី ២៥) និង​អនីតិជន ១៥ ឆ្នាំ ឡើង​​ ១១ ​នាក់ ស្រី​ ៤ ​នាក់​។

លោកស្រី​បន្តថា ក្នុងនោះដែរ មាន​ករណី​រំលោភ​សេពសន្ថវៈ ចំនួន ១៦ ​ករណី ករណី​ទិញ​ពេស្យាចា​កុមារ ៣ ​ករណី ករណី សច្ចាកម្ម​ ៣ ​ករណី ករណី​រួមភេទ​ជាមួយ​អនីតិជន​ក្រោម ១៥ ​ឆ្នាំ ៥ ​ករណី និង​ករណី​ប្រឆាំង​អនីតិជន​ក្រោម​ ១៥ ​ឆ្នាំ​ ១ ​ករណី​៕