ភ្នំពេញៈ សមាជិក​គណបក្ស​បេះដូង​ជាតិ​បាន​ស្នើសុំ​ពន្យារពេល​ចូល​បំភ្លឺ ករណី​ «​ក្លែងបន្លំ​» ​តាម​ដីកា​កោះហៅ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៦ ធ្នូ​ឆ្នាំ​ ២០២១ ​ដោយ​សំអាង​ទៅលើ​ការទទួល​បាន​ដីកា​កោះហៅ​ក្នុង​រយៈពេល​ខ្លី ខណៈ​ពួកគេ​រស់នៅ​ខេត្ត​ឆ្ងាយ មិនអាច​ធ្វើដំណើរ​មក​ភ្នំពេញ​ទាន់ពេល​។

លោក សំ សុខគង់ មេធាវី​ការពារ​ក្តី​ឱ្យ​គណបក្ស​បេះដូង​ជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ​ធ្នូ​ថា មកទល់​ពេល​នេះ​មាន​សមាជិក​គាំទ្រ​គណបក្ស​បេះដូង​ជាតិ ប្រមាណ​ពី​ ៦ ​ទៅ​ ៧ ​នាក់​ហើយ​ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ករណី​ផ្តិត​ស្នាមមេដៃ គាំទ្រ​គណបក្ស ដើម្បី​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​។ មាន​សមាជិក​គាំទ្រ​ខ្លះ​ទើប​ទទួលបាន​ដីកា​កោះហៅ​នៅ​ថ្ងៃទី​ ១៥ ​ធ្នូ​ ១៦ ​ធ្នូ និង​ ២ ​ឬ​ ៣ ​ថ្ងៃមុន ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ពួកគាត់​ពិបាក​ក្នុងការ​ចូលមក​បំភ្លឺ​តាម​កាលបរិច្ឆេទ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បាន​ស្នើសុំ​ពន្យារពេល ដើម្បី​ចូលទៅ​បំភ្លឺ​នៅ​ថ្ងៃក្រោយ ដោយសារ​ការទទួល​ដីកា​មាន​ភាពយឺតយ៉ាវ​រស់នៅ​ឆ្ងាយ និង​ស្វែងរក​មេធាវី ដើម្បី​ការពារ​ក្តី​មិនទាន់បាន​។

លោក​ថ្លែងថា​៖ «​នៅ​ព្រឹក​មិញ​ (១៦ ​ធ្នូ​) ពួកគាត់​អត់​បាន​ចូលទៅ​បំភ្លឺ​ទេ ដោយសារ​តែ​ការទទួល​ដីកា​ហ្នឹង មាន​រយៈពេល​ខ្លី​ពេក គាត់​មិនអាច​ត្រៀមខ្លួន​ក្នុង​ការរក​ជំនួយ​ផ្នែក​ច្បាប់​ ឬ​មេធាវី ការពារ​ក្តី​របស់គាត់​»​។

លោក​ សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​លោក​បាន​ស្នើសុំ​ទៅ​លោក​មេធាវី សំ សុគង់ ដើម្បី​ពន្យារពេល​ចូល​តាម​ការកោះហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយសារ​សមាជិក​ម្នាក់​នៅ​ខេត្តព្រៃវែង​មាន​ជំងឺ និង​អ្នក​ខ្លះទៀត​រស់នៅ​ឆ្ងាយ​។

តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​រហូត​មក​ទល់​ពេលនេះ មាន​សមាជិក​ចំនួន ៦ ​នាក់​ហើយ​ក្នុង​នោះ ៣ ​នាក់​នៅ​ខេត្តព្រៃវែង និង​ ៣ ​នាក់​នៅ​ខេត្តសៀមរាប ត្រូវ​បាន​លោក សេង ហៀង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឱ្យ​ចូលទៅ​បំភ្លឺ​ក្នុងករណី «​ក្លែងបន្លំ​» ​នេះ​។ ទោះជា​យ៉ាងណា លោក​ចាត់ទុក​ការកោះហៅ​នេះ គឺជា​រូបភាព​គំរាមកំហែង បំភិតបំភ័យ បំបាក់ស្មារតី ប្រជាពលរដ្ឋ​ក្នុង​បរិយាកាស​នយោបាយ​ជាក់ស្តែង​ដែល​គួរឱ្យ​ព្រួយបារម្ភ​។

លោក ផ្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្លែង​នៅ​ថ្ងៃទី​ ១៦ ធ្នូ​ថា អយ្យការ​កំពុង​ស្ថិតនៅ​ក្នុង​នីតិវិធី​ដើម្បី​ស៊ើបអង្កេត​ដូច្នេះ​រាល់​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​ត្រូវ​ស្ថិតនៅ​ជា​ការសម្ងាត់​ហើយ​ចំណាត់ការ​ចុងក្រោយ​របស់​អយ្យការ​នឹង​មាន​ក្រោយពី​បាន​ស៊ើបអង្កេត​ចប់សព្វគ្រប់​។

លោក សេង ហៀង ព្រះរាជអាជ្ញារង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ៦ ​ធ្នូ ឆ្នាំ​ ២០២១ ​បាន​កោះហៅ អ្នកស្រី ស៊ីម ធាំ ភេទ​ស្រី អាយុ ៦១ ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រាវបាក់ ឃុំ​តាយ៉ែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​លោក ជា អ៊ាន ភេទ​ប្រុស អាយុ ៦២ ឆ្នាំ រស់នៅ​ភូមិ​ងែកងក ឃុំ​បន្ទាយចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ឱ្យចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ១៦ ​ធ្នូ ករណី «​ក្លែងបន្លំ​» ​ស្នាម​មេដៃ​ពាក់ព័ន្ធ​គណបក្ស​បេះដូង​ជាតិ​៕