ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយធនាគារកណ្តាលប្រទេសឡាវ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងធនាគារកណ្តាលនៃប្រទេសទាំងពីរ។
ពិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ដោយមានការចូលរួមពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Sonexay Sitphaxay ទេសាភិបាលធនាគារកណ្តាលឡាវ។ កិច្ចប្រជុំទ្វេភាគីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។
ក្នុងកិច្ចប្រជុំនោះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងច្រើន និងបានកំណត់ការងារដែលនឹងត្រូវបង្កើនកិច្ចសហប្រតិបត្តិការនៅឆ្នាំបន្ទាប់ ក្នុងនោះរួមមាន ការអភិវឌ្ឍប្រព័ន្ធទូទាត់ និងនវានុវត្តន៍, ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងព្រំដែន, ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យ និងការបន្តចែករំលែកបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជាលើការងារការអភិវឌ្ឍការបោះពុម្ពរូបិយវត្ថុជាតិ ជាដើម។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានថ្លែងអំណរគុណចំពោះលោក Sonexay Sitphaxay ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំនេះដោយផ្ទាល់ និងតែងគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ។ បន្ថែមពីលើនេះលោកក៏បានលើកឡើងថា វត្តមានរបស់គ្រឹះស្ថានធនាគារកម្ពុជាដែលកំពុងធ្វើប្រតិបត្តិការនៅប្រទេសឡាវ ពិតជាបានរួមចំណែកពង្រឹងការវិនិយោគរវាងប្រទេសទាំងពីរ។
លោក Sonexay Sitphaxay បានឱ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំធនាគារកណ្តាលឡាវ លោកសូមវាយតម្លៃខ្ពស់ចំពោះវិធានការដែលធនាគារជាតិនៃកម្ពុជាបានដាក់ចេញប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ ១៩ និងសម្រេចបានសមិទ្ធផលល្អក្នុងការរក្សាបានវឌ្ឍនភាព និងស្ថិរភាពប្រព័ន្ធធនាគារ ព្រមទាំងរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអតិផរណា។
បច្ចុប្បន្ន ធនាគារពាណិជ្ជរបស់កម្ពុជាចំនួនពីរ (អេស៊ីលីដា និងកាណាឌីយ៉ា) កំពុងធ្វើប្រតិបត្តិការនៅប្រទេសឡាវ ហើយធនាគារពាណិជ្ជឡាវចំនួន ១ មានវត្តមាននៅកម្ពុជា៕