​រតនគិរី​/​ស្ទឹងត្រែងៈ រូប​ភាពជា​លើកដំបូង​បង្អស់​នៃ​សត្វ​ឈ្លូស​យក្ស​ដែលជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​នៅ​ប្រទេស​កម្ពុជា​ ​ត្រូវបាន​ក្រសួងបរិស្ថាន​បង្ហាញ​ដល់​សាធារណជន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃ​សៅរ៍​ទី​១៨​ខែធ្នូ​នេះ ក្រោយពី​ត្រូវបាន​ថត​កាលពី​ខែមីនា​កន្លងមកនេះ​។​

​យោងតាម​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ការសិក្សា​ស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន និង​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ​(FFI) បាន​ផ្តិត​យក​រូប​ភាពជា​លើកដំបូង​បង្អស់​នៃ​សត្វ​ឈ្លូស​យក្ស​ដែលជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដែល​ស្ថិតក្នុង​ខេត្តរតនគិរី និង​ស្ទឹងត្រែង​។ រូបថត​ទាំងនោះ​ត្រូវបាន​ថត​ដោយ​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ​តាមរយៈ​គម្រោង​ចុះ​សិក្សា​ស្រាវជ្រាវ​ជីវៈចម្រុះ​របស់​ក្រសួងបរិស្ថាន និង​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ​។

​ក្រសួង​បាន​បញ្ជាក់ថា​៖«​ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​គោលបំណង​បង្ហាញ​ពី​អច្ឆរិយៈ​នៃលក្ខណៈ​ជីវសាស្ត្រ​របស់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ហើយ​លទ្ធផល​ទាំងនេះ​នឹង​ផ្ដល់​ជា​ទិន្នន័យ​សម្រាប់​ផែនការ​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​របស់​ឧទ្យាន​ជាតិ​»​។ ក្រៅពីនេះ ក្រុមការងារ​របស់​ក្រសួង និង​អង្គការ​ជា​ដៃគូ​នេះ​ក៏បាន​កត់ត្រា​នូវ​រូបភាព​កូន​ឈ្លូស​យក្ស​ដែលជា​ប្រភេទ​សត្វ​ដ៏​កម្រ​បំផុត​ជា​លើកដំបូង​បង្អស់​ក្នុងប្រទេស​កម្ពុជា​។ រូបភាព​ទាំងនេះ​បញ្ជាក់​ឱ្យឃើញថា ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ជា​ប្រភព​នៃ​មោទនភាព​ជាតិ​និង​ត្រូវការ​ការពារ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​លាតសន្ធឹង​លើ​ផ្ទៃដី​៣.៣២៥​គីឡូម៉ែត្រ​ការ៉េ ស្ថិតក្នុង​ស្រុក​តា​វែង និង​ស្រុក​វើ​ន​សៃ របស់​ខេត្តរតនគិរី ហើយ​បន្ត​ភ្ជាប់​ទៅដល់​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង និង​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៦០​គីឡូម៉ែត្រ ខាងជើង​ក្រុង​បាន​លុង ទី​រួម​ខេត្តរតនគិរី​។ ឧទ្យាន​នេះ គឺ​ឧទ្យាន​ដ៏​ធំជាងគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​ធំ​ជាង​នៅ​ទូទាំង​តំបន់​រួមទាំង​ប្រទេស​ឡាវ និង​វៀតណាម​។ នេះ​បើ​យោងតាម​រដ្ឋបាលខេត្តរ​ន​គិរី​។​

​ប្រភព​ដដែល​បាន​លើកឡើងថា ឧទ្យាន​នេះ​ត្រូវបាន​គេ​រាប់បញ្ចូល​ថា ជា​តំបន់​អភិរក្ស​ធំជាងគេ​នៅ​ទ្វីបអាស៊ី​ផងដែរ​។ ទីនេះ គឺជា​កន្លែង​តែមួយគត់​ដែល​បន្សល់ទុក​នូវ​ទ្រង់ទ្រាយ​ដើម​នៃ​ប្រព័ន្ធ​ជីវចម្រុះ​។ ក្នុង​តំបន់​នោះ មាន​ដើមឈើ​ខ្លះ​ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ វាលស្មៅ និង​បក្សាបក្សី​រាប់រយ​ប្រភេទ និង​ពពួក​ថនិកសត្វ​ជាច្រើន​ប្រភេទ​ទៀត​៕