​ភ្នំពេញៈ សកម្មភាព​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​បង្គោលព្រំ​តំបន់​៣​បាន​ចំនួន​៦៥៩​បង្គោល លើ​បង្គោល​សរុប​ចំនួន​៨០២​ដែល​ស្មើនឹង​៨២,២​ភាគរយ​គិត​មកដល់​ត្រឹម​ល្ងាច​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២១​នេះ​។ នេះ​បើ​យោងតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។

​ក្រសួង​ក៏បាន​ឱ្យដឹង​ផងដែរ​ថា ក្នុងចំណោម​បង្គោល ដែល​បាន​ពិនិត្យ​ជាក់ស្តែង​ចំនួន​៦៥៩​នោះ មាន​បង្គោល​ឈរ​ត្រង់​ចំនួន​២០៨​បង្គោល ដោយបាន​លាភ​ថ្នាំ​ពណ៌​លើ​ក្បាល​បង្គោល​, លើក​តម្រង់បង្គោល​ទ្រេត ឬ​ដួល​ចំនួន​២០២​បង្គោល​,​ដាំ​បង្គោល​ថ្មី​ចំនួន​៤១ និង​បង្គោល​ចំនួន​២០៨ ទៀត​ស្ថិតនៅក្នុង​ទឹក​។ ចំពោះ​បង្គោល​ដែល​ស្ថិតក្នុង​ទឹក​ទាំងនោះ ក្រុមការងារ​នឹង​រៀបចំ​នៅពេល​ទឹក​ស្រក​បន្តទៀត​។ ក្រៅពីនោះ ក្រុមការងារ​ក៏បាន​ដំឡើង​ប៉ាណូ​បាន​ចំនួន​១០​លើ​ផែនការ​ចំនួន​៥២​ប៉ាណូ​ផងដែរ​។​

​ក្រោយពី​មាន​បញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​មូលដ្ឋាន​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​, ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ និង​ដកហូត​ដី​ដែល​ទន្ទ្រាន​នៅ​បឹង​ទន្លេសាប​ក្នុង​ទាំង​៦​ខេត្ត ដូចជា​ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង បន្ទាយមានជ័យ និង​កំពង់ធំ​។ ក្រៅពីនោះ ពួកគេ​ក៏បាន​និង​កំពុងតែធ្វើកា​រ​ដាំ​ដើមឈើ​ឡើងវិញ​ជា​បន្តបន្ទាប់​ផងដែរ​។

​យោងតាម​ក្រសួង​ព័ត៌មាន​បានឱ្យដឹងថា អាជ្ញាធរ​ខេត្តកំពង់ធំ និង​ក្រសួង​ពាក់ព័ន្ធ​បាន​ចុះ​ដាំ​កូនឈើ​នៅ​ព្រៃ​លិច​ទឹក​ជិត​៤​ម៉ឺន​ដើម​លើដី​តំបន់​៣​នៅ​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន​កាលពី​ថ្ងៃទី​១៥​ខែធ្នូ​នេះ​។​

​លោក​ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ​បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា អាជ្ញាធរខេត្ត​បាន​សហការគ្នាជាមួយ​ក្រសួង​ពាក់ព័ន្ធ មន្ទីរ​ជុំវិញ​ខេត្ត សហភាព​សហព័ន្ធ យុវជន​កម្ពុជា​ក្រុង មន្ត្រីរាជការ​ជុំវិញ​ខេត្ត សិស្សានុសិស្ស និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​បាន​ដាំ​ដើមត្នោត ដើម​ឫស្សី និង​ដើម​រាំង​រាប់ម៉ឺន​ដើម​នៅ​លើដី​តំបន់​៣ ក្រោយពី​រដ្ឋបាលខេត្ត​បាន​ដក​រហូត ដើម្បី​រួមគ្នា​បង្កើន​ព្រៃ​លិច​ទឹក ថែរក្សា​អភិរក្ស​ព្រៃឈើ ដែលជា​ជម្រក​មច្ឆា​ជាតិ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ឱ្យ​សម្បូរ​ដូចដើម​ឡើងវិញ​៕