កណ្ដាលៈ មនុស្ស​ ៦ ​នាក់​បាន​ស្លាប់ ​និង ​២ ​នាក់​ទៀត​រង​របួស​ធ្ងន់​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ និង​ម៉ូតូ​ជាច្រើន​គ្រឿង លើ​កំណាត់​ផ្លូវ​លេខ ​១១០ ​ក្នុង​ភូមិ​ព្រែក​ដូង ឃុំ​កំព​ង់​ស្វាយ​ ស្រុក​កៀនស្វាយ ​ខេត្ត​ក​ណ្ដា​ល​កាលពី​វេលា​ម៉ោង ​១ ​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ​១៩ ខែធ្នូ​ឆ្នាំ ​២០២១​។ នេះ​បើតាម​ការអះអាង​របស់​លោក​ ព្រំ ​សំណាង​ អធិការ​ស្រុក​កៀន​ស្វាយ​។​

លោក​ថ្លែងថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ពីរ​នាក់ ​បើក​រថយន្ត​TUNDRA ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2BM.4386 ​ធ្វើ​ដំណើរ​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​ ១១០ ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​។ ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏មាន​ម៉ូតូ​៤​គ្រឿង​ជិះ​ប្រដេញ​គ្នា​យ៉ាង​លឿន​ផងដែរ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​ជាមួយនឹង​រថយន្ត​​។

លោក​បាន​បញ្ជាក់ថា​៖«​ដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ទាំងសង​ខាង ​និង​ក្នុង​ល្បឿន​លឿន​ដូចគ្នា គ្រា​ដែល​ផ្លូវ​យើង​មាន​ភាព​តូចចង្អៀត​ ធ្វើ​ឲ្យ​ភាគី​ទាំង​សងខាង [​រថយន្ត ​និង​ម៉ូតូ​]​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​នៅនឹង​កន្លែង​ ៥​ នាក់​ភ្លាមៗ​និង​ម្នាក់ទៀត​បាន​ស្លាប់​តាមផ្លូវ​ពេល​ដឹក​យកទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​។ ចំណែក ​២​ នាក់​ទៀត​រងរបួស​ធ្ងន់ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កៀន​ស្វាយ​»​។​

លោក​បាន​បន្ថែមថា ​នៅ​ពេលនេះ​ក្រុម​សមត្ថកិច្ច​ជំនាញ ​កំពុង​ស្រាវជ្រាវ​ វាស់វែង​នៅ​កន្លែង​កើតហេតុ ​ខណៈ​ភាគី​ខាង​រថយន្ត​ ​កំពុង​ត្រូវបាន​ឃាត់ខ្លួន​ ​និង​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​ចាត់វិធាន​ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕