ភ្នំពេញៈ ប្រធាន​សាលាដំបូង​ខេត្ត​មណ្ឌលគីរី ​លោក​ ទៀង សុថា ​បាន​សរសេរ​លិខិត​សុំអភ័យទោស​ជា​សាធារណៈ ​ចំពោះ​លោក ​ហូ សិទ្ធី ​នាយក​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ បន្ទាប់ពី​លោក ​បានយក​ឈ្មោះ​លោក​នាយក​ខុទ្ទ​កាល័យ ​ទៅពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី ​ដែល​មាន​ទំនាស់​ផល​ប្រយោជន៍ ​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​លោក ​ហូ សិទ្ធី។

លិខិត​ចុះ​ថ្ងៃ​ទី ១៨ ​ធ្នូ ​សរសេរថា​៖«ខ្ញុំ​បាទ​សូម​អភ័យ​ទោស​ពី​ឯកឧត្តម​ ហូ សិទ្ធី ​នាយក​ខុទ្ទកាល័យ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ដែល​ខ្ញុំបាទ​បាន​យកឈ្មោះ​ឯកឧត្តម​មកប្រើ ​ដែលខ្ញុំ​បាទ​បាន​ប្រើ​ពាក្យ​មិន​គប្បីថា ​“ឯកឧត្តម​ហូ សិទ្ធី ​តេ​ទៅ​អភិបាល​ខេត្ត​មណ្ឌលគិរី"។ តាម​ពិត​ឯកឧត្តម ​ពុំបាន​តេ​ទូរស័ព្ទ​ទៅ​អភិបាល​ខេត្ត​មណ្ឌល​គិរី​នោះ​ទេ»។

លិខិត​បន្តថា​៖ «ដែលជា​កំហុស​ឆ្គង​នេះ ​ខ្ញុំបាទ​សូម​ទទួល​ស្គាល់​កំហុស​ទាំងនេះ ​និង​សូម​ឯកឧត្តម​ មេត្តា​អភ័យ​ទោស​ដល់​រូបខ្ញុំ​បាទ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ឯកឧត្តម ​ជានាយក​ខុទ្ទកាល័យ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា»។

ការចេញ​មុខ​សុំទោស​ជាសាធារណៈ​នេះ ​បន្ទាប់ពី​លោក ​ហូ សិទ្ធី ​កាលពី​ថ្ងៃទី ​១៧​ ខែធ្នូ ​បានចេញ​សេចក្តី​បំភ្លឺ​មួយ​ចំពោះ​ការផ្សព្វផ្សាយ​ថា ​មាន​ការយក​ឈ្មោះ​របស់​លោក​ទៅ​កៀប​សង្កត់​រឿង​ដីធ្លី​មួយ ​នៅ​ខេត្ត​មណ្ឌលគិរី។ ក្នុង​លិខិត​របស់​លោក​ ហូ សិទ្ធី ​លើកឡើង​ថា ​នៅ​ព្រឹក​ថ្ងៃទី ១៧ ​ខែធ្នូ​ ឆ្នាំ ២០២១ នេះ​ ចន្លោះ​ម៉ោង ៧ ​ដល់​ម៉ោង ​៨ ព្រឹក លោក​មាន​ការភ្ញាក់​ផ្អើល​ ដោយ​បានឃើញ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ ផែង វណ្ណៈ ​ដែលបាន​សរសេរ​អំពីរឿង​វិវាទ​ដីធ្លី​មួយ​ករណី​នៅ​ក្រុងសែន​មនោរម្យ ​ខេត្ត​មណ្ឌល​គិរី ​ដោយ​និយាយថា​ “ឈ្មោះ​ ទៀង សុថា ​ប្រធាន​តុលាការ​ខេត្ត​មណ្ឌលគិរី ​ដែលជា​ចៅក្រម​កាន់​សំណុំរឿង ​បានយក​ឈ្មោះ​លោក​ទៅដាក់​ការកៀប​សង្កត់​បង្ខំ​ឱ្យ​ម្ចាស់​ដី​ដែល​មាន​រឿង ​ចែកដី​ទៅឱ្យ​បក្ខពួក​របស់​ខ្លួន​ឈ្មោះ ​ស្រេង វុទ្ធា ​ព្រះរាជ​អាជ្ញារង​ខេត្ត​សៀមរាប ​ដើម្បី​ជាថ្នូរ​នឹង​ការបញ្ចប់​រឿង​ និង​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ។

តាម​រយៈ​លិខិត​បំភ្លឺ​នេះ​លោក​ ហូ សិទ្ធី ​បាន​បដិសេធ​ថា ​លោក​មិនដែល​ស្គាល់​មុខមាត់ ​និង​ឈ្មោះ​ ទៀង សុថា ​ឬ​ ស្រេង វុទ្ធា​ ហើយ​ក៏មិន​ដឹងថា​ម្ចាស់ដី ​ដែល​ត្រូវជាប់​ចោទ​នោះ ​ឈ្មោះ​អ្វី​ផងដែរ​ទេ។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​មាន​ការស្អប់ខ្ពើម​បំផុត​ចំពោះ​មនុស្ស​ទុច្ចរិត​ និ​ងស្មោកគ្រោក​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ថោកទាប​ ដោយ ​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​មនុស្ស​ដែល​គេ​មិនទាំង​ដែល​ស្គាល់​ខ្លួន​ទៀត​ផង ​និង​សូម​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អ្នក​ទាំងនេះ ​ហើយ​សូមឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ច្បាប់​ជាធរមាន​ចំពោះ​មនុស្ស​ថោកទាប​ធុន​នេះ​ឱ្យបាន​ម៉ឺង​ម៉ាត់»។

លោក អំ សំអាត ​នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល ​និង​ការពារ​សិទ្ធិមនុស្ស ​នៃ​អង្គការ ​(លីកាដូ) ​បានសម្តែង​ការហួស​ចិត្ត​ដែល​ក្នុង​នាមជា​មន្រ្តី​អនុវត្ត​ច្បាប់ ​ប៉ុន្តែ​បែរជា​ធ្វើ​អំពើ​មិនគប្បី​នឹង​មនសិការ​ខ្លួន​ឯង។​ ក្នុង​ករណី​នេះ​លោក​ថា ​វា​ជារឿង​បុគ្គល ​ប៉ុន្តែ​បង្ហាញ​គំរូ​អាក្រក់​សម្រាប់​អ្នកច្បាប់ ​ព្រោះ​ក្នុងនាម​ជា​ប្រធាន​ស្ថាប័ន​ច្បាប់​ទាំងមូល​ គឺ​ត្រូវ​អនុវត្ត​ច្បាប់ ​ ហើយ​ការកាត់​សេចក្តី ​ឬ​សម្រេច​សេចក្តី​ គឺ​សម្អាង​លើ​អង្គហេតុ ​និង​អង្គច្បាប់ ​មិន​អាច​យក​ឈ្មោះ​ថ្នាក់​ដឹកនាំ ​ឬ​ឈ្មោះ​មន្រ្តី​ថ្នាក់​ខ្ពស់​ទៅ​ដោះ​ស្រាយ​បញ្ហា​រឿង​ផ្លូវ​ច្បាប់​នៅ​តុលាការ​ទេ។

លោក​ថ្លែងថា​៖ «ទី ១​ ក្នុងនាម​ស្ថាប័ន​ច្បាប់​មិនអាច​ធ្វើ​អ៊ីចឹង​ទេ ​គឺ​ត្រូវ​អនុវត្ត​ច្បាប់។ ទី ២ ​ការអះអាង​នេះ ​វា​ប៉ះពាល់​ទៅ​ដល់​កិត្តិយស​ធ្ងន់ធ្ងរ​របស់​មន្រ្តី​ជាន់ខ្ពស់​ដែល​មិនបាន​ដឹង​រឿង​សោះ ​ហើយ​គេ​យក​ឈ្មោះ​ទៅ​ប្រើប្រាស់។ ដូច្នេះ​រឿង​នេះ ​អាស្រ័យ​លើ​សាមីខ្លួន ​ដែល​រង​ផលប៉ះពាល់​ថា ​គាត់​ត្រូវ​អនុវត្ត​តាម​ច្បាប់ ​ឬ​យ៉ាងណា ​ដើម្បី​បង្ហាញ​ពី​តម្លាភាព​និង​យុត្តិធម៌»។

លោក​បន្តថា​៖ «ខ្ញុំ​ហួស​ចិត្ត​ដែរ ​អ្នកច្បាប់ ​តែយក​កេរ្តិ៍​ឈ្មោះ​របស់​ថ្នាក់​ដឹកនាំ​ទៅ​ប្រើប្រាស់​ ក្នុង​ការដោះស្រាយ​ផ្លូវ​តុលាការ។ ព្រោះ​នេះ​ហៅថា​ យក​ឥទ្ធិពល​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​ច្បាប់ ​គឺ​ខុស​ឆ្ងាយ​ណាស់»។

លោក​ថា ​ក្រសួង​យុត្តិធម៌​ គួរតែ​មាន​វិធានការ ​ឬ​គោលការណ៍​ណែនាំ​ណា​មួយ ​ដើម្បី​កុំឱ្យ​ប៉ះ​ពាល់​ដល់​វិស័យ​យុត្តិធម៌​ទាំង​មូល ​ដោយ​សារ​បុគ្គល​ ១ ​ឬ​ ២ នាក់។

ជុំវិញ​ករណី​ភ្នំពេញ​ប៉ុស្តិ៍​មិនទាន់​អាច​សុំ​អត្ថាធិប្បាយ​បន្ថែម​ពី​លោក​ ហូ សិទ្ធី ​បាននៅ​ឡើយ​ទេ ​នៅ​ថ្ងៃទី ១៩​ ធ្នូ។

លោក​ជិន ម៉ាលីន ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ នា​ថ្ងៃទី ១៩ ​ធ្នូ​ ថា​ ជាគោល​ការណ៍ច្បាប់​ បុគ្គល​ដែល​រង​ផល​ប៉ះពាល់​អាច​ប្តឹង​ ដើម្បី​ការពារ​សិទ្ធិ​របស់​ខ្លួន​បាន។

លោក​ថ្លែងថា​៖ «ចំណែក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ក៏អាច​ធ្វើ​អធិការកិច្ច​បានដែរ ​ពាក់ព័ន្ធ​ការប្រព្រឹត្ត​កំហុស​របស់​ចៅ​ក្រម»។

កន្លង​ទៅ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក ​កើត រិទ្ធ ​តែងតែ​ក្រើន​រំឭក​ជាថ្មី​ដល់​ចៅក្រម​ ព្រះរាជអាជ្ញា ​មន្រ្តី​តុលាការ​ និង​មន្រ្តី​រាជការ​ទាំងអស់​នៃ​សាលា​ជម្រះក្តី​គ្រប់​ជាន់​ថ្នាក់ ​ត្រូវប្រកាន់​ខ្ជាប់​នូវ​ភាព​ម៉ឺងម៉ាត់​ក្នុង​ការអនុវត្ត​ច្បាប់ ​និង​គោរព​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ។ ជាងនេះ​ទៀត ​ត្រូវព​ង្រឹង​សមត្ថភាព​របស់​ខ្លួន​ជាប់ជានិច្ច​ស្រប​តាម​បរិបទ​នៃ​កំណែទម្រង់​ថ្មី ​ដើម្បី​ធានា​ឱ្យការ​ផ្តល់​សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ «លឿន ​ត្រឹមត្រូវ ​យុត្តិធម៌ ​និង​មិន​ពុក​រលួយ» ​និង​ដើម្បី​លើកកម្ពស់​កិត្តិយស ​និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គចៅក្រម​បន្ថែម​ទៀត៕