ភ្នំពេញៈ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​ប្រកាស​ជំហរ​សារជាថ្មី​ថា ​នឹង​ខិត​ខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​សម្រេច​ក្រម​ប្រតិបត្តិ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​ (COC)​ ឱ្យបាន ​នៅ​ពេលដែល​លោក​ធ្វើ​ជាប្រធាន​អាស៊ាន​ឆ្នាំ​ក្រោយ ​និង​ជំរុញ​ឱ្យ​ប្រទេស​ដែល​ពាក់ព័ន្ធ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ធ្វើការ​ចរចា​គ្នា។

ការប្រកាស​ជំហរ​បែប​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក​ហ៊ុន សែន ​និង​លោក​ ដន ប្រាម៉ាត់វីណៃ ​(Don Pramudwinai)​ រដ្ឋមន្រ្តី​ការបរទេស​ថៃ​នៅ​ថ្ងៃ​ទី ១៧ ​ខែធ្នូ ​នៅ​វិមាន​សន្តិភាព។ លោក​ ហ៊ុន សែន ​សរសេរ​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃ​ដដែល​នោះ ​ថា​ គោលដៅ​សំខាន់​ដែល​ត្រូវធ្វើ​ក្នុង​នាម​ជាប្រធាន​អាស៊ាន​នោះ ​គឺ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩ ​ធ្វើ​យ៉ាងណា​បើក​សេដ្ឋកិច្ច​ សង្គមកិច្ច ​និង​តភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​នៅ​អាស៊ាន​និង​ពង្រឹង​មិត្តភាព ​សាមគ្គីភាព ​និង​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​អាស៊ាន។

ហ្វេសប៊ុក​លោក​បញ្ជាក់​ដែរ​ថា​៖ «ជំហរ​របស់​កម្ពុជា ​ពាក់ព័ន្ធ​នឹង​សមុទ្រចិន​ខាងត្បូង​នោះ ​គឺ​ជំរុញ​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម ​DOC ​[សេចក្តី​ប្រកាស​ស្តីពី​ក្រម​ប្រតិបត្តិ​សមភាគី​សមុទ្រ​ចិន​ខាងត្បូង] ​និង​ឱ្យ​ប្រទេស ​ដែល​មាន​ពាក់ព័ន្ធ​ធ្វើការ​ចរចា​គ្នា ​និង​ខំ​ប្រឹងប្រែង​ធ្វើយ៉ាង​ណា ​សម្រេច ​COC ​ឱ្យ​បាន»។

ហ្វេសប៊ុក​លោក​ ហ៊ុន សែន ​លើកឡើង​ដែរ​ថា ​លោក​ ដន ប្រាម៉ាត់វីណៃ ​ក៏បាន​អបអរសាទរ​ដល់​លោក​ផ្ទាល់​ ដែលបាន​ទប់​ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ ​បាន​យ៉ាង​ជោគ​ជ័យ។ ជាពិសេស ​បាន ​«ចាក់ស្រោច» ​វ៉ាក់សាំង​កូវីដ ១៩​ដល់​ប្រជាជន​កម្ពុជា​បានជាង​ «៩០ ភាគរយ» ​និង​អបអរសាទរ​ផង​ដល់​លោក​ដែល​បានអភិវឌ្ឍន៍​កម្ពុជា ​«យ៉ាង​ឆាប់​រហ័ស»។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​រូប​នេះ​ បានស្វែងយល់​ពី​លោក​ ហ៊ុន សែន ​អំពី​គោលដៅ ​នៃ​ការដឹកនាំ​អាស៊ាន​នៅ​ឆ្នាំ ២០២២ ខាង​មុខ។

ស្ថានទូត​ថៃ​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃទី ១៧ ​ធ្នូ ​ថា ​លោក​ហ៊ុន សែន ​និង​លោក ​ដន ប្រាម៉ាត់វីណៃ ​បាន​ត្រៀមខ្លួន​ពង្រឹង​ទំនាក់​ទំនង​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង ២។ ថៃ​ក៏​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្ររបស់​ខ្លួន​ចំពោះ​កម្ពុជា​ក្នុង​ការធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ ២០២២។

លោក ​ដន ប្រាម៉ាត់វីណៃ​ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​និង​ធ្វើជា​សហប្រធាន​ជាមួយ​លោក ​ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី ១១ ​នៃ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​(JC)​ រវាង​កម្ពុជា​ និង​ថៃ​ចាប់ពី​ថ្ងៃទី ១៦-១៨​ ខែធ្នូ ​នៅ​រាជធានី​ភ្នំពេញ។ ​លោក​បាន​​ជួប​ជាមួយ​លោក ​ហ៊ុន សែន ​និង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន ​ដើម្បី​ពិភាក្សា​អំពី​ចំណង​ទំនាក់ទំនង​ទ្វេភាគី ​និង​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់​ និង​អន្តរជាតិ​ដែល​ជា​កង្វល់​រួម ​នាពេល​បច្ចុប្បន្ន ​ក៏ដូចជា​តួនាទី​របស់​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ ឆ្នាំ​ ២០២២ ​ផងដែរ។

លោក ​ប្រាក់ សុខុន ​សរសេរ​នៅ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ១៨​ ធ្នូ​ ថា ​លោក ​និង​លោក​ ដន ប្រាម៉ាត់វីណៃ ​បានជួប​ប្រជុំ​ទ្វេភាគី​និង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-ថៃ ​លើក​ទី ១១ ​ប្រកប​ដោយ​ផ្លែផ្កា។ ផ្អែក​លើ​ផល​ប្រយោជន៍ ​និង​ទស្សនវិស័យ ​រួម​ជាច្រើន ​មិត្តភាព ​និង​ទំនាក់​ទំនង​ រវាង​ប្រទេស​ទាំង២​ រមែង​បន្ត​លូត​លាស់ ​និង​រីកចម្រើន​ជា​លំដាប់។

លោក​សរសេរថា​៖ «ខ្ញុំ​បានឆ្លៀត​ឱកាស ​ជូនពរ​ប្រទេស​ថៃ ​ទទួលបាន​ជោគជ័យ ​ក្នុង​ការធ្វើ​ជាម្ចាស់ផ្ទះ​កិច្ចប្រជុំ​កិច្ចសហ​ប្រតិ​បត្តិការ​សេដ្ឋកិច្ច​អាស៊ី​-ប៉ាស៊ីហ្វិក ​ឆ្នាំ ២០២២»។

លោក​ ហេង គីមគង់ ​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នា​ថ្ងៃទី ១៩​ ធ្នូ​ ថា ​វា​ពិត​ជា​ល្អណាស់​ដែល​លោក ​ហ៊ុន សែន ​មាន​ការប្តេជ្ញា​ចិត្ត ​និង​ឆន្ទៈ​ «យ៉ាង​មុតមាំ»​ ក្នុង​ការសម្រប​សម្រួល​ដល់​ការបញ្ចប់​ COC។

លោក​ថ្លែងថា​៖ «ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ​[ឆ្នាំ ២០២២] ​និង​ជា​រដ្ឋ​មិន​ទាមទារ​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ​កម្ពុជា​មាន​ជំហរ​ល្អ​ក្នុង​ការធ្វើ​ជា​អ្នក​សម្រុះសម្រួល​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»៕