ព្រះសីហនុៈ មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះសីហនុ ​បានបង្ក្រាប​ចាប់​ជនសង្ស័យ​ក្នុង​បទល្មើ​សព្រៃ​ឈើ​ និង​ជលផល​យ៉ាង​ហោច​ណាស់ ​១២ នាក់​ បញ្ជូន​ទៅ​តុលាការ ​ដើម្បី​ចាត់វិធានការ​ទៅតាម​នីតិវិធី ​ក្នុង​ឆ្នាំ ​២០២១ នេះ​ ខណៈ​ជន​សង្ស័យ​មួយ​ចំនួន​ត្រូវបាន​ចាប់​ផាក​ពិន័យ​អន្តរការណ៍​និង​អប់រំ​ណែនាំ ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​បទល្មើស​គ្រប់​ទម្រង់។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះសីហនុ។

លោក​ នេន ចំរើន ​ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់​និង​នេសាទ ​ខេត្ត​ព្រះសីហនុ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ល្ងាច​ថ្ងៃ​ទី ១៩​ ខែធ្នូ​ ថា ​ក្នុង​រយៈពេល​ជិត​ពេញ ​១ ឆ្នាំ ​២០២១ ​នេះ ​ក្រុម​មន្ត្រី​ជំនាញ ​ខណ្ឌ​រដ្ឋបាល​ជល​ផល ​ខេត្ត​ព្រះសីហនុ ​បាន​ចុះល្បាត​ស្រាវ​ជ្រាវ ​និង​បង្ក្រាប​បទល្មើស​បាន​ចំនួន ​៥៧ លើក។ ក្នុង​នោះ​បានប្រទះ​ឃើញ​និង​បង្ក្រាប​បទល្មើស​បានចំនួន ​៣០ លើក ​ដោយ​បាន​រុះរើ ​និង​ដុតបំផ្លាញ​ចោល​នូវ​ខ្ទម ​និង​ខ្យូស​ខុសច្បាប់​ចំនួន​ ៦ ខ្នង ​រនាស់​ឈឹប​សម្រាប់​អូស​ចាប់​ក្រែង​ឈាម​ចំនួន​ ១៦ ​គ្រឿង ​បង្គោល​ថ្ម​ចំនួន ១៥៩ បង្គោល ​លប​ពោះ​វៀន​ជ្រូក ​[លូស្បៃមុង] ​ចំនួន​ ១ ១២២ គ្រឿង ​មាន​ប្រវែង​ ៨ ៨៨៦ ម៉ែត្រ ។

លោក​ថ្លែងថា​៖ «ទន្ទឹម​នឹងនេះ ​ជនសង្ស័យ​ចំនួន​ ២ [នាក់] ​ត្រូវបាន​សមត្ថកិច្ច​រដ្ឋបាល​ជលផល​យើង ​ចាប់បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​ព្រះសីហនុ ​ដើម្បី​ចំណាត់ការ​តាម​នីតិវិធីច្បាប់ ​ខណៈ ​២ នាក់​ទៀត ​ត្រូវបាន​មន្ត្រី​ជំនាញ​យើង​ធ្វើការ​ផាក​ពិន័យ​អន្តរការណ៍​ទៅតាម​ច្បាប់​ស្ដីពី​ជលផល»។

លោក​ចំរើន​ឱ្យដឹង​ទៀត​ថា ​ក្នុង​រយៈពេល​ដូចគ្នា​នេះ​ផងដែរ ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ ​បានចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ​និង​សត្វព្រៃ​បានចំនួន​ ១៥៣ លើក។ ក្នុង​នោះ​បានជួប​ប្រទះ ​និង​បង្ក្រាប​បទល្មើស​បានចំនួន​ ៧៧ លើក ​ដោយ​បាន​រុះរើ ​និង​កាប់​បំផ្លាញ​ចោល​បង្គោល​របង​ឈើ​គ្រាក់ ​ចំនួន​ ៨០ ដើម ​ខ្ទម​ចំនួន​ ៦៦ ខ្នង ​វាយ​បំផ្លាញ​ចោល​បន្ទប់​ទឹក​ ១ ល្វែង​មាន ​៥ បន្ទប់ ​និង​បំផ្លាញ​ចោល​នូវ​សម្ភារ​សំណង់​មួយចំនួន​ទៀត។

លោក​បញ្ជាក់ថា​៖ «ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​សត្វព្រៃ​នេះ​ផងដែរ ​សមត្ថកិច្ច​យើង​បានចាប់​ខ្លួនជន​សង្ស័យ​សរុប ​១៣ នាក់ ​ក្នុង​នោះ ​១០ នាក់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​និង​៣នាក់​ទៀត ​ត្រូវបាន​អប់រំ​ណែ​នាំ ​និង​ផាក​ពិន័យ​អន្តរការណ៍»។

បើ​តាម​លោក​ នេន ចំរើន ​នៅពេល​នេះ ​ក្រុមមន្ត្រី​ជំនាញ​កំពុង​បន្ត​កិច្ចខិតខំ​ប្រឹង​ប្រែង ​អនុវត្ត​ការងារ ​ទៅតាម​តួនាទី ​និង​ភារកិច្ច​របស់​ខ្លួន ​ក្នុង​ការចុះ​ផ្សព្វផ្សាយ​អប់​រំ​បន្ថែម​ទៀត ​អំពី​ច្បាប់​ជលផល ​និង​ព្រៃឈើ​ ដល់​ប្រជានេសាទ ​និង​ ប្រជា​កសិករ​ នៅតាម​មូលដ្ឋាន ​ដើម្បី​ឱ្យ​ពួកគាត់​ចូលរួម​ការពារ​ធនធាន​ជលផល ​ព្រៃឈើ​ និង​សត្វព្រៃ​នៅ​កម្ពុជា។ ព្រោះ​ការងារ ​ការពារ​ធនធាន​ជលផល ​ព្រៃឈើ ​និង​សត្វព្រៃ​ គឺ​ទាមទារឱ្យ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ពិសេស​ពីប្រជា​សហ​គមន៍​ក្នុង​មូលដ្ឋាន​តែ​ម្ដង៕