ភ្នំពេញៈអ្នកជំនួញ​លក់​ឡេ​ម្នាក់​ ត្រូវ​ក្រុមចោរ​ប្រដាប់អាវុធ សម្រុក​ចូលភ្ជង់​កាំភ្លើង​​ប្លន់​ក្នុង​ផ្ទះ​កាលពី​វេលា​ម៉ោង​ជាង ១០ ​ព្រឹក​​ថ្ងៃទី ១៩ ធ្នូ ឆ្នាំ ២០២១ យក​គ្រឿងអលង្ការ និង​ប្រាក់​​សរុប​អស់​ជាង ៩ លាន​ដុល្លារ​ ក្នុង​ផ្ទះ​នៅ​បុរី​មូ​ន​ថោ​ន​ ក្នុង​ភូមិ​ចំបក់ សង្កាត់​ចោមចៅ​ទី១ ខណ្ឌ ពោធិ​សែន​ជ័យ។

លោក ម៉ន វុ​ធី អធិការនគរបាល ខណ្ឌ ពោធិ​សែន​ជ័យ ប្រាប់​នៅ​រសៀល​ថ្ងៃទី​ ១៩ ធ្នូ ថា ស្ត្រី​ជា​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ អ៊ា​ន សៀវ​ម៉ី ជា​អ្នកជំនួញ​លក់​ឡេ។

លោក​ថ្លែងថា​៖ «អំពើ​ប្លន់​ប្រដាប់អាវុធ​នេះ ម្ចាស់ផ្ទះ​ មិន​រងគ្រោះ​អី​ដល់​អាយុជីវិត​ទេ ហើយសមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើការ​ងារ​នេះ»។

ទោះយ៉ាង​ណា​ លោក​ ម៉ន វុ​ធី មិន​បាន​បញ្ជាក់​លម្អិត​ ពាក់​ព័ន្ធ​នឹង​ហេតុការណ៍​នេះ​ទេ​។

ប៉ុន្តែ​បើ​យោង​មន្ត្រីនគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ​មួយរូប​ សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី ១៩ ធ្នូ​នេះ​ថា​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ចន្លោះ​ម៉ោង ១០ ទៅ​ម៉ោង ១១ ព្រឹក​ថ្ងៃទី ១៩ ធ្នូ ស្ថិតនៅ​ផ្ទះ​វីឡា​មួយ ក្នុងភូមិ​គោក​ចំបក់ សង្កាត់ ចោមចៅ​ទៅ១ ខណ្ឌ សែន​សុខ។

ក្នុង​ហេតុការណ៍​​នេះ ​ក្រុម​ជនសង្ស័យ​ មាន​គ្នា​ប្រមាណ​ជាពី​ ៣ ទៅ ​៤ នាក់​ ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​បាន​ជិះ​រថយន្ត​ចូលទៅក្នុង​បុរី​ឈ្មោះ មូ​ន​ថោ​ន ​ដែលជា​ទីតាំង​ផ្ទះ​របស់​ជនរងគ្រោះ​ ហើយ​ធ្វើ​សកម្មភាព​ប្លន់​តែម្តង។ ​

មុន​ឈាន​ដល់​ការ​ប្លន់ ​គឺ​ក្រុមចោរ ​បាន​ក្លែង​ធ្វើជា​សមត្ថកិច្ច​នគរបាល​ ចុះ​អនុវត្ត​សាលដីកា​ ខណៈ​ក្រុមគ្រួសារ​របស់​ជនរង​គ្រោះ​រៀបចំ​ចេញ​ដំណើ​រ​ទៅ​ខេត្ត​កំពង់​ស្ពឺ។

មន្ត្រីនគរបាល​ដដែល​បញ្ជាក់ថា ជនរងគ្រោះ​ មិនដឹង​ច្បាស់​ថា ក្រុមចោរ​មាន​គ្នា​ប៉ុន្មាន​នាក់​ឱ្យ​ប្រាដកនោះ​ទេ ​ក៏ប៉ុន្តែ​នៅពេល​ធ្វើ​សកម្មភាព​ប្លន់​នោះ គេ​បានឃើញ​បុរសពី ​៣ ទៅ ៤ នាក់​ បាន​យក​កាំភ្លើងខ្លី​ភ្ជង់​ម្ចាស់ផ្ទះ​ ឱ្យ​នាំ​ទៅ​រក​កន្លែង​ទូដែក​ ហើយ​បង្ខំ​ឱ្យ​បើក​យក​គ្រឿងអលង្ការ។ ពេល​ប្លន់​បានទ្រព្យ​សម្បត្តិ​ហើយ​ ក្រុមចោរ​នាំគ្នា​ឡើង​រថយន្ត​បើក​គេច​ខ្លួន​បាត់​អស់។

មន្ត្រី​​រូប​នេះ​បញ្ជាក់​ថា៖ «ករណីនេះ​ ម្ចាស់ផ្ទះ​រងគ្រោះ ​គាត់​មិន​ហ៊ាន​ទូរស័ព្ទ​ទេ ព្រោះ​មនុស្ស​នៅក្នុង​ផ្ទះ​ប្រហែល ៦-៧​ នាក់​ត្រូវបាន​ក្រុមចោរ​ភ្ជង់​កាំភ្លើង​មិនឱ្យ​កម្រើក​ខ្លួន​ទេ»៕