កណ្ដាលៈ ក្នុង​រយៈពេល​ ១ ​ថ្ងៃ ​មាន​ទំនិញ​ខូចគុណភាព​ប្រមាណ​ ៦០០​ គីឡូក្រាម ​និង​អាល់កុល​ក្លែងក្លាយ ​(​មេ​តា​ណុល​) ​ជិត ​១ ​ពាន់​លីត្រ ត្រូវ​បាន​មន្ត្រី​អគ្គនាយកដ្ឋាន​ការ​​ពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួត​​ប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) សាខា​ខេត្ត​ចំនួន​ ៤ បាន​រកឃើញ និង​ដកហូត កម្ទេច​ចោល​។​

​ក្នុង​យុទ្ធនាការ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​សំដៅ​ធានា​ការពារ​នូវ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​និង​ការពារ​សិទ្ធិ​ជូន​អ្នកប្រើប្រាស់​កាលពី​ថ្ងៃទី ​១៧ ​ខែ ធ្នូ ឆ្នាំ ​២០២១ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តបាត់ដំបង កណ្ដាល កំពង់ចាម និង​ខេត្តកំពង់ធំ បាន​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូច​គុណ​​ភាព​ចំនួន​ ៥៦៨,៥​ គីឡូក្រាម​

​និង​អាល់កុល​ក្លែងក្លាយ​ (​មេ​តា​​ណុល​) ​ចំនួន ៩៧៨ ​លីត្រ​។

​ក្រោយ​រកឃើញ ទំនិញ​ទាំង​​នោះ​ត្រូវបាន​មន្ត្រី​ជំនាញ​ដក​​ហូត​យកមក​កម្ទេចចោល រីឯ​ម្ចាស់​ទំនិញ​ត្រូវបាន​ពិន័យ​អន្តរ​​ការណ៍​តាម​នីតិវិធី​ផងដែរ​។​

​កាលពី​ថ្ងៃទី​ ១៦ ខែធ្នូ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ភាពមិន​អនុលោម​លើ​ទំនិញ​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ​ និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ស្ដីពី​ផលប៉ះពាល់​នៃ​សារធាតុ​អាស​បេ​ស្ដុ​ស (ASBESTOS) តាម​ហាង​លក់​គ្រឿងសំណង់​ផងដែរ​។

​តាម​លទ្ធផល​ត្រួតពិនិត្យ​មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​ខូចគុណភាព​ និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ​៥,៨ ​គីឡូក្រាម ​ដែល​បានដាក់​ចរាចរ​លក់​លើ​ទីផ្សារ​ហើយ​បាន​ដក​ហូត​មក​រក្សាទុក ដើម្បី​បន្ត​នីតិ​វិធី និង​ពិន័យ​អន្តរការណ៍​។

​ចំណែក​កាលពី​ថ្ងៃទី​ ១៥ ខែ​​ធ្នូ មន្ត្រី​ក​.​ប​.​ប​.​បាន​បន្ត​ចុះ​ពិនិត្យ​ទីផ្សារ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហនុ ខេត្តតាកែវ និង​រាជធានី​​ភ្នំពេញ ដោយ​រកឃើញ​ទំនិញ​ខូចគុណភាព និង​ទំនិញ​ក្លែងក្លាយ ឬ​ទំនិញ​គ្មាន​ស្លាក​សញ្ញា​ត្រឹម​​ត្រូវ​នៅលើ​ទីផ្សា​ចំនួន ៤៥១ ​គីឡូក្រាម ផងដែរ​។

​តាម​ការចុះផ្សាយ​របស់​មន្ត្រី ​ក​.​ប​.​ប បានឱ្យដឹងថា គិត​ក្នុង​រយៈពេល ​៥ ​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី ​១៣ ​ដល់​ថ្ងៃទី ​១៧ ធ្នូ ទំនិញ​ខូចគុណភាព​ដែល​រឹបអូស​បាន​មាន​ជាង​ ១​ តោន​កន្លះ​។

​ដោយឡែក​ពាក់ព័ន្ធ​ស្ថានីយប្រេងឥន្ធនៈ​វិញ​ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ ​២០២១​ នេះ មន្ត្រី​អគ្គនាយកដ្ឋាន ​(​ក​.​ប​.​ប​) ​តាម​រយៈ​ការចុះ​ត្រួតពិនិត្យ​ភាពមិន​អនុលោម​ផ្នែក​គុណភាព​បរិ​​មាណ និង​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​តាម​បណ្តា​ស្ថានីយ​និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ទូទាំង​ប្រ​ទេស​បាន​រកឃើញ​ស្ថានីយ និង​ដេប៉ូ ៧៨៤​ ទីតាំង ប្រកប​អាជីវកម្ម​មិន​ស្មោះត្រង់ និង​បាន​ពិន័យ​អន្តរការណ៍ ៧៧៣​ ករណី ព្រមទាំង​បាន​កសាង​​សំណុំរឿង​បញ្ជូនទៅ​តុលា​​ការ ​៧ ​ករណី​។​

​ក្រោយពី​បាន​រកឃើញ​ដូច​នេះ មន្ត្រី​ ក​.​ប​.​ប​. ​បាន​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​កែ​​សម្រួល និង​បញ្ឈប់​ការប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ដែល​ធ្វើឱ្យ​ខាត​​បង់​ដល់​អ្នកប្រើប្រាស់ និង​សង្គមជាតិ​៕