​ភ្នំពេញៈ សាលាដំបូង​រាជធានី​​ភ្នំពេញ មិន​ពិចារណា​សម្រេច​បណ្តឹង​របស់​មន្ត្រី​ហ្វុ​៊​ន​ស៊ិនប៉ិច​ ៤ ​រូប ពាក់​​ព័ន្ធ​នឹង​ការស្នើសុំ​ឱ្យចេញ​ដីកា​សម្រេច​ចាត់ចែង​កំណត់​ឋានៈ​ជា​បណ្តោះ​​អាសន្ន ដោយ​សុំ​រក្សា​សមាជិកភាព​បក្ស​របស់ខ្លួន នៅក្នុង​គណបក្សនយោបាយ​ដែល​កំពុងមាន​បញ្ហា​ផ្ទៃក្នុង​។ មន្ត្រី​បក្ស​ទាំង ​៤ ​រូបនោះ​ មាន លោក ចាប ញ៉ាលីវុធ លោក ហេង ចាន់ថា លោក សាយ ហាក់ និង លោក ផាន់ សិទ្ធី ត្រូវបាន​បណ្ដេញ​ចេញពី​គណ​បក្ស​។​

​យោងតាម​ដីកា​សម្រេច​រក្សា​ការពារ ដែល​ចុះហត្ថលេខា​ដោយ​លោក កូយ សៅ អនុប្រធាន​សាលា​​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ​២០២១ បានឱ្យដឹង​ថា ការប្តឹង​សុំឱ្យ​តុលា​ការចេញ​ដីកា​សម្រេច​ចាត់ចែង កំណត់​ឋានៈ​ជា​បណ្តោះអាសន្ន​របស់​បុគ្គ​ល​ទាំង ​៤ ​នោះ គឺ​តុលា​ការមិន​ពិចារណា សម្រេច​នោះឡើយ​។

​លោក កូយ សៅ ពន្យល់ថា ករណីនេះ ពាក់ព័ន្ធ​និង​ជា​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ស្របតាម​ច្បាប់​។ ដូចនេះ តុលាការសម្រេច​លើកចោល​ពាក្យសុំ​របស់​ម្ចាស់បំណុល ចុះ​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ​២០២១​។

​លោក ផាន់ សិទ្ធី ដែល​បាន​ប្តឹងទៅ​តុលាការ​ឱ្យ​រក្សា​ឈ្មោះ​នៅក្នុង​បញ្ជី​គណបក្ស​ហ្វុ​៊​ន​ស៊ិនប៉ិច​ឡើងវិញ​នោះ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​១៩ ​ខែ ធ្នូ ឆ្នាំ ​២០២១ ថា លោក​បាន​ទទួលយក​សេចក្តីសម្រេច​នេះ​រួចហើយ និង​បន្ត​ប្តឹងទៅ​ក្រសួងមហាផ្ទៃ​វិញ​នៅក្នុង​សប្តាហ៍​នេះ ព្រោះ​ក្រសួងមហាផ្ទៃ​ គឺជា​អាណាព្យាបាល​របស់​គណបក្ស​នយោបាយ​។

លោក​ថា នឹងដាក់ពាក្យ​បណ្តឹង​ទៅ​ក្រសួងមហាផ្ទៃ​បន្តទៀត ដើម្បីឱ្យ​ស្ថាប័ន​នេះ ពិនិត្យឡើងវិញ​នូវ​សមាជិកភាព​របស់លោក​និង​អ្នកផ្សេង​នៅក្នុង​សប្តាហ៍​នេះ និងរក​ដំណោះស្រាយ​បញ្ចប់​នៅមុន​ឆ្នាំ ២០២២ ខាងមុខនេះ ព្រោះ​ដំណើរ​ការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ កាន់​​តែ​ខិតជិត​ចូលមក​ដល់​ដែល​ត្រូវការ​​ពេល​ ដើម្បី​រៀបចំ​បេក្ខភាព​ក្រុមប្រឹក្សាឃុំ​សង្កាត់​។​

​ទោះជា​យ៉ាងណា​លោក​ថា លោកមិន​ចង់​ដាក់ពាក្យ​ឱ្យ​ពិនិត្យ​សមាជិក​ភាព​របស់ខ្លួន​ឡើងវិញ​នោះទេ ប៉ុន្តែ ភាគី​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ទេ ដែលមាន​ភាព​តឹងតែងដោយ​ព្រះ​អង្គ​តែងតែ​បញ្ឈប់ ឬ​បណ្តេញ​សមា​​ជិ​ក​ចេញពី​គណបក្ស​។ តាមពិត គឺ​មិនត្រូវ​បញ្ឈប់​នរណាម្នាក់​នោះទេ ព្រោះសមាជិក​ភាគច្រើន គឺ​មិនមែន​អ្នកថ្មី​នោះទេ គឺ​សុទ្ធតែ​អ្នកធ្វើការ​យូរណាស់​មកហើយ​។​

​លោក​ថ្លែងថា​៖ «​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ អត់​ប្រាប់​គេ​ពី​កំហុស​ទេ ដឹង​តែ​បញ្ឈប់​គេ​តែម្ដង ប៉ុន្តែ​បើ​ប្រាប់ថា វា​ខុស​នេះ ឬខុស​នោះ​សិន​ទៅ​អត់​? ដឹងថា ដក​តួនាទី បណ្តេញ​ចេញពី​បក្ស​។ លោក​ធ្វើ​នេះ ខុស​នីតិវិធី​រដ្ឋបាល​ទាំងស្រុង​»​។

​លោក ផាន់ សុ​ទ្ធី ថា លោក​ក៏មាន​បំណង​ស្វែងរក​ដំណោះស្រាយ​បញ្ចប់ ពី​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ប្រកបដោយ​សន្តិវិធី និង​ឯកភាពគ្នា ឱ្យបាន​កាន់តែ​ឆាប់​កាន់តែ​ល្អ ដើម្បី​ត្រៀម​រៀបចំ ដាក់​បេក្ខភាព​ក្រុមប្រឹក្សា​-​ឃុំ-សង្កាត់ សម្រាប់ធ្វើ​ការបោះឆ្នោត​នៅពេល​ខាងមុខ ប៉ុន្តែខាង​ភាគី​ព្រះអង្គម្ចាស់ ច​ក្រា​វុ​ឌ្ឍ ហាក់​មិនមាន​ឆន្ទៈ​នោះទេ​។

​លោក​ថ្លែងថា​៖ «​ដោះស្រាយបាន​កាន់តែ​ឆាប់​កាន់តែ​ល្អ បើ​អូសបន្លាយ​យូរ ការដាក់​បេក្ខភាព​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ គឺ​មិន​បានល្អ ព្រោះ​យើង​នៅ​បែក​គ្នា ពាសវាល ពាសកាល អ៊ីចឹង វា​មិនអាច​បន្ទោស​អ្នកណា​ទេ វា​ជា​កម្សោយ​របស់​គណបក្ស​»​។

​លោក ញឿ​ន រ៉ា​ដែន អ្នកនាំពាក្យ​គណបក្ស​ហ្វុ​៊​ន​ស៊ិនប៉ិច ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​១៩ ខែ ធ្នូ ឆ្នាំ ២០២១ ថា ការសម្រេច​លើកចោល​មិន​ចាត់ការ​របស់​សាលាដំបូង​រាជ​​ធានី​ភ្នំពេញ ​លើ​បុគ្គល​ទាំង ៤ ​រូបនោះ គឺអាច​ទទួលយកបាន និង​ត្រឹមត្រូវ​ស្របតាម​ច្បាប់​។ ចំពោះ​ការបន្ត​ប្តឹងទៅ​ក្រសួងមហាផ្ទៃ​ទៀត វា​ជា​សិទ្ធិ​របស់​អ្នក​ទាំង ​៤ ​រូបនោះ ប៉ុន្តែការ​សម្រេច​យ៉ាងណា វា​អាស្រ័យ​លើ​ក្រសួងមហាផ្ទៃ​។

លោក រ៉ា​ដែន បញ្ជាក់ថា ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុ​ឌ្ឍ ដែល​ធ្លាប់បាន​ដង្ហែ​អតីត​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ គឺ​ព្រះអង្គ​តែងតែ​បង្ហាញ​ការរួបរួម និង​មិន​ចង់​ឈ្លោះ​គ្នា​នោះទេ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​គណ​​បក្ស​មាន​ភាពរឹងមាំ និង​ឈានទៅរក ភាពជោគជ័យ​នៅពេល​ខាងមុខ​។

​លោក​ថ្លែងថា​៖ «​លោក ផាន់ សិទ្ធី និង​បក្ខពួក បាន​យល់ច្រឡំ​ដោយ​ខ្លួនឯង តាមពិត​គណបក្ស​ហ្វុ​៊​ន​ស៊ិនប៉ិច ដែលមាន​ព្រះអង្គម្ចាស់​ ច​ក្រា​វុ​ធ ដឹកនាំមិនមាន​បញ្ហា​នោះទេ ប៉ុន្តែ​មានតែ​លោក សិទ្ធី ទេ ដែល​មិន​សប្បាយចិត្ត​ខ្លួនឯង​។ លោក​គួរតែបញ្ឈប់​ការប្តឹង​​ប្ត​ល់ និង​មក​ថ្វាយបង្គំ​លោក ប្រាប់​ពី​មូល​​ហេតុ​វិញ​ទៅជា​ការ​ស្រេច​»៕