ភ្នំពេញៈ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ស្នើដល់អភិបាលរាជធានីខេត្តត្រូវផ្ដល់កិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី ២៧-២៨ ខែធ្នូ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លិខិតរបស់លោកស ខេង ចុះថ្ងៃទី ១៧ ខែធ្នូ បានបញ្ជាក់ថា ដើម្បីឱ្យកិច្ចដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី ២៧-២៨ ខែ ធ្នូ ឆ្នាំ ២០២១ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក ក្រសួងមហាផ្ទៃស្នើលោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានីខេត្ត ត្រូវផ្តល់កិច្ចសហការជាមួយក្រសួងអប់រំ ដោយមានការចូលរួមពីស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការចាំបាច់មួយចំនួនសម្រាប់បម្រើឱ្យការប្រឡង។
លោកបញ្ជាក់ថា វិធានការចាំបាច់សម្រាប់បម្រើឱ្យការប្រឡងទាំងនោះ រួមមានរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡងទូទាំងរាជធានី-ខេត្ត-ក្រុង-ស្រុកមួយចំនួន និងមណ្ឌលកំណែទាំង ១០ នៅរាជធានីភ្នំពេញ។ រក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការរក្សាទុកដាក់ហឹបប្រធានវិញ្ញាសា និងដុំកិច្ចការបេក្ខជន នៅតាមសាលារាជធានី-ខេត្ត-ក្រុង និងស្រុកមួយចំនួន។ រក្សាសន្តិសុខ និងសុវត្ថិភាពដល់គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់នៅគ្រប់ដំណាក់កាលនៃការប្រឡង។
លោកក៏បានស្នើឱ្យអភិបាលរាជធានី-ខេត្ដ ចាត់វិធានការទប់ស្កាត់ការថតចម្លងនូវសំណៅឯកសារផ្សេងៗពាក់ព័ន្ធ នឹងការប្រឡងតាមគ្រប់រូបភាព ជាពិសេសការផ្អាកអាជីវកម្មថតចម្លងឯកសារនៅជុំវិញបរិវេណមណ្ឌលប្រឡង។ លោកក៏បានប្រាប់ឱ្យអភិបាលរាជធានីខេត្ដ រក្សាសន្តិសុខ និងសុវត្ថិភាពដល់បេក្ខជន មាតាបិតា ឬអាណាព្យាបាល ដែលមកស្នាក់នៅទីរួមខេត្ត-រាជធានី ក្រុងនិងស្រុកមួយចំនួន ដែលមានមណ្ឌលប្រឡង ព្រមទាំងជួយអន្តរាគមន៍ដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋាន ដើម្បីកុំឱ្យដំឡើងថ្លៃសេវា។
រក្សាទុក និងប្រគល់ជូនបេក្ខជន ឬគណៈមេប្រយោគវិញនូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ដែលបានដកហូតក្នុងដំណើរការសំណេរ។ ផ្តល់រថយន្តសង្គ្រោះ និងបុគ្គលិកសុខាភិបាលប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីជួយសង្គ្រោះដល់បេក្ខជន និងគណៈមេប្រយោគដែលមានបញ្ហាសុខភាព។ ជួយសម្រួលចរាចរណ៍ដល់បេក្ខជន និងគណៈមេប្រយោគ ដើម្បីធ្វើដំណើរទៅមណ្ឌលប្រឡងឱ្យបានទាន់ពេលកំណត់។ ទប់ស្កាត់បាតុភាពមិនប្រក្រតីនានាដែលអាចកើតមានជាយថាហេតុ។
លោក ស ខេង ក៏ប្រាប់ឱ្យអភិបាល-រាជធានី ខេត្ត ណែនាំអភិបាល ក្រុង ស្រុក ខណ្ឌ ដែលមានមណ្ឌលប្រឡង និងប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទទួលខុសត្រូវ នៅចំពោះមុខរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លើការរក្សា នូវសុខសុវត្ថិភាពនៅតាមមណ្ឌលប្រឡងផងដែរ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងនៅថ្ងៃទី ១៩ ធ្នូថា សម្រាប់បច្ចុប្បន្នភាពនៃការប្រព្រឹត្តទៅនៃការប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងអប់រំនឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២៧ ធ្នូនេះ» នៅថ្ងៃទី ២០ ធ្នូនេះ ក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ជាវាគ្មិន នៅទីស្ដីការក្រសួងអប់រំ។
លោកថ្លែងថា៖ «តាមយន្តការឆ្នាំកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា ស្នើកិច្ចសហការពីក្រសួងមហាផ្ទៃ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ចូលរួមគ្រប់ដំណាក់កាលនៃដំណើរការប្រឡងបាក់ឌុបសម័យ ប្រឡង ២៧ ធ្នូ ២០២១ ដើម្បីបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព»។
លោកបញ្ជាក់ថា នៅទូទាំងប្រទេសដំណើរការរៀបចំប្រឡងបាក់ឌុបបាននិងកំពុងប្រព្រឹត្តទៅតាមការគ្រោងទុក។ ពិន្ទុដែលបេក្ខជនប្រឡងត្រូវធ្វើឱ្យបានដើម្បីប្រឡងជាប់គឺ ២៣៧ ពិន្ទុ នៃពិន្ទុសរុបចំនួន ៥០០ ពិន្ទុ។ បើតាមលោក សុវាចា តាមទិន្នន័យបឋម ចំនួនបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះមានចំនួន ១១៥ ១៣៩ នាក់ ក្នុងនោះមានបេក្ខនារីចំនួន ៦០ ៦៦១ នាក់។ មានមណ្ឌលប្រឡងចំនួន ២០៤ មណ្ឌល បន្ទប់ប្រឡង ៤ ៦៥២ បន្ទប់។ ក្រៅពីនេះ គណ:កម្មការអប្បមាទចំនួន ៦១២ នាក់ និងជំនួយការអប្បមាទ១ ៥៧៨ នាក់៕