​ព្រះសីហនុៈ លោក គួច ចំរើន អភិ​​បាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់ ឬ​រក្សាទុក អាវុធ​​ខុសច្បាប់​នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​ព្រះ​សីហនុ ត្រូវ​ប្រញាប់​យក​អាវុធ​ទៅ​ប្រគល់ជូន​សមត្ថកិច្ច បើ​មិន​ដូច្នោះ​ទេ​នៅពេលដែល​សមត្ថកិច្ចរ​ក​ឃើញ​នឹងត្រូវ​ផ្តន្ទា​ទោស​តាមច្បាប់ ​ហើយ​បើជា​ជនបរទេស​ក្រោយ​អនុវត្ដ​ទោស​តាមច្បាប់​រួចហើយ​នឹងត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា​។​

​លោក ​គួច ចំរើន ថ្លែង​បែបនេះ ក្នុងពេល​ជួប​សំណេះសំណាល និង​នាំយក​ប្រេងសាំង ប្រេង​ម៉ា​ហ្ស៊ូ​ត ព្រមទាំង​ថវិកា​របស់​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ឧបត្ថម្ភ​ដល់​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​ ១៨​ ធ្នូ​។​

​កន្លងមក មាន​សកម្ម​ភាពមិនប្រក្រតី​មួយចំនួន​នៅក្នុង​ទឹកដី ខេត្ត​ព្រះសីហនុ ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន ការ​បង្ខាំង​មនុស្ស​ខុសច្បាប់ ​និង​បញ្ហា​អាវុធជាតិផ្ទុះ និង​ការប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ នៅតាម​ដងផ្លូវ​សាធារណៈ​ និង​តាម​កន្លែង​មួយចំនួនទៀត​។

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ បើ​អ្នក​ទាំងនោះ​នៅ​បន្ត​ប្រើ​​ប្រាស់​អាវុធ ការកាន់កាប់​អាវុធ​ខុស​​ច្បាប់​បែបនេះ​ជា​បន្តទៀត ចង់ឱ្យ​រួច​ទោស​ត្រូវ​ប្រញាប់ប្រញាល់​យ​ក​អាវុធ​នេះ​មក​ប្រគល់ជូន​សមត្ថកិច្ច​ពិសេស​ស្នង​ការ​នគរបាល​ខេត្ដ​ព្រះសីហនុ​របស់​យើង​»​។ បើ​លាក់ទុក​អាវុធ ទោះបី​នៅក្នុង​ផ្ទះ នៅក្នុង​ឡាន​ឬមួយ​នៅជាប់​ខ្លួន នៅពេលណា​ដែល​សមត្ថកិច្ច​រកឃើញ​នឹង​ត្រូវតែ​ធ្វើការ​ផ្ដន្ទាទោស​ដាច់ខាត​។ បើជា​ជនបរទេស​ក្រៅពី​ជាប់ទោស​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួចហើយ នឹង​ត្រូវតែ​ធ្វើការ​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​មិន​អនុញ្ញាត​ឱ្យចូល​មកវិញ​ទៀត​ទេ​។

​លោក គួច ចំរើន បាន​ឯកភាព​ឱ្យ​កង​​កម្លាំង​ធ្វើ​សកម្មភាព​ល្បាត​នៅពេល​យប់ ដើម្បី​ស្វែងរក​អ្នក​ដែល​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។ ក្នុងនោះ​ស្នងការ​នគរបាល​ខេត្ដ​ដឹកនាំ​កម្លាំង ​១ ​ក្រុម កង​រាជ​អាវុធ​​ហត្ថ​ដឹកនាំ ១ ​ក្រុម ដោយ​ការបែងចែក​ភារកិច្ច​គ្នា​។​

​លោក​បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានធ្វើ​ការងារ​ពិត​ជាមាន​ប្រសិទ្ធភាព ដោយបាន​ធ្វើ​ការដក​​ហូត​នូវ​អាវុធជាតិផ្ទុះ​ពី​ជនបរទេស​មួយចំនួន ដែល​បាន​ប្រើប្រាស់​ជាក់ស្តែង​ក្នុង​ក្រុងព្រះសីហនុ​។ ចំណែក​កម្លាំង​អាវុធហត្ថ​ក៏បាន​ដឹកនាំ​បេសកកម្ម ល្បាត និង​គ្រប់គ្រង​សភាពការណ៍​បានល្អ​។​

​លោក​បញ្ជាក់ថា​៖ «​ពិត​ហើយ​ថ្នាំញៀន​និង​ការ​ទិញដូរ​ពលកម្ម​មិនចាំបាច់​ប្រើការ​ល្បាត​នោះទេ​។ ក៏ប៉ុន្តែ​ទាក់ទង​នឹង​បញ្ហា​អាវុធ យើង​ត្រូវ​ប្រើប្រាស់​ការ​ល្បាត​នេះ ក្នុងករណី​មានការ​សង្ស័យ កម្លាំង​យើង​អាច​ឃាត់​សួរនាំ ដោយ​ធ្វើ​របៀបនេះ​ គឺ​ពិត​ជាមាន​ប្រសិទ្ធភាព​ណាស់​»​។

​លោក ជួន ណា​រិន្ទ ស្នងការ​នគរ​​បាល​ខេត្ត​ព្រះសីហនុ​ថ្លែង នៅ​ថ្ងៃទី​ ១៩ ​ធ្នូ​ថា លោក​អភិបាលខេត្ដ​ព្រះសីហនុ​បាន​អំពាវនាវ​ដល់​អ្នក​ដែល​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ត្រូវ​ស្ម័គ្រចិត្ដ​ប្រគល់​អាវុធ​មកដល់​សមត្ថកិច្ច​។ បើ​ក្នុងករណី​មិន​ប្រគល់​ហើយ​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​នឹង​ចាត់វិធានការ​ច្បាប់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​មួយរយៈ​​នេះ​ គឺ​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្ត​បានចេញ​ទប់ស្កាត់ ឃាត់​ឆែកឆេរ​។ យើង​ឃើញ​មាន​បញ្ហា​កាន់កាប់​អាវុធ​ខុស​​ច្បាប់​មួយចំនួន​។ អ៊ីចឹង​បាន​ឯកឧត្ដម​អភិបាលខេត្ដ​អំពាវនាវ បើសិន​អ្នក​ដែលមាន​រក្សា ឬ​លាក់ទុក​អាវុធ​ដោយ​ខុសច្បាប់​គឺ​ត្រូវ​ប្រគល់ឱ្យ​សមត្ថកិច្ច​នៃ​​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះសីហនុ​។ បើ​មិន​ហ៊ាន​យកមក​ទេ គ្រាន់តែ​ចង្អុល​ទីតាំង​មក​»​។

​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​​ខេត្ដ​ព្រះសីហនុ បាន​ចុះ​ប្រតិ​ប​ត្ដិ​ការត្រួតពិនិត្យ​នៅតាម​ដង​ផ្លូវ​និង​តាម​តំបន់​​គោលដៅ​ដែល​បានកំណត់ ក្នុង​ផែន​​ការត្រួតពិនិត្យ​ចល័ត​ផង និង​វាយឆ្មក់​ផង​។

​លោក ជួន ណា​រិន្ទ បាន​បញ្ជាក់ថា​៖ «​បើសិនជា​អ្នកកាន់កាប់​អាវុធ​ ឬ​រក្សា​ទុក​អាវុធ​ខុសច្បាប់ មានការ​ភ្ញាក់រឭក​យកមក​ប្រគល់ជូន​សមត្ថកិច្ច​នោះ​នឹងមិន​មានការ​ដាក់ទោស​ទណ្ឌ​ឡើយ ព្រោះ​យើង​ត្រូវ​រួមគ្នា​ធ្វើ​ចលនា​បែបនេះ​ទាំង​​អស់​គ្នា​។ ប៉ុន្ដែ​ការ​អនុវត្ដ​ច្បាប់​ចំពោះ​​ជនល្មើស​ពួក​ខ្ញុំ​នៅតែ​ប្រឹងប្រែង​បន្ត​អនុវត្ដ ​និង​បង្កើន​ការ​អនុវត្ដ​បន្ថែមទៀត​ ដើម្បី​គ្រប់គ្រង​មនុស្ស​ និង​អាវុធជាតិផ្ទុះ​នេះ​ឱ្យបាន​»៕

វីដេអូ៖