កំពតៈ នគរបាលចរាចរណ៍ខេត្តកំពត បានកោះហៅភាគីរថយន្ត និងឪពុកម្តាយរបស់សពសិស្សប្រុស ៤ នាក់ ចូលខ្លួនទៅដោះស្រាយនៅស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី ១៩ ធ្នូ ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍នៅមុខវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស កាលពីថ្ងៃទី ១ ធ្នូ ឆ្នាំ ២០២១ ខណៈភាគីរងគ្រោះទាំង ៤ នាក់ ទារសំណងក្នុងសពម្នាក់ ២ ម៉ឺនដុល្លារអាមេរិក។
លោក ងឹម វេត ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ខេត្តកំពត ឱ្យដឹងនៅថ្ងៃទី ១៩ ធ្នូថា សមត្ថកិច្ចបានកោះហៅភាគីខាងរថយន្ត ឱ្យចូលខ្លួនមកដោះស្រាយនៅការិយាល័យចរាចរណ៍ ជាមួយឪពុកម្តាយរបស់សពសិស្សទាំង ៤ នាក់ នៅថ្ងៃទី ១៩ ធ្នូ។ ប៉ុន្តែការព្រមព្រៀងគ្នាយ៉ាងណានោះអាស្រ័យលើភាគីទាំង ២។ ករណីនេះសមត្ថកិច្ច កំពុងតែធ្វើការបន្តទៀត។ ប៉ុន្តែបើតាមច្បាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បែបនេះ មាន ២ ផ្នែក ដែលមួយផ្នែកជាការចេញជាសំណងដល់គ្រួសារជនរងគ្រោះ ដែលច្បាប់ហៅថា សំណងរដ្ឋប្បវេណី។ មួយផ្នែកទៀត គឺជាបណ្តឹងអាជ្ញា ដែលពាក់ព័ន្ធនឹងអ្នកបើកបរបង្កគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងទោសព្រហ្មទណ្ឌ។
លោកថា៖ «ហេតុដូច្នេះ គឺអ្នកបើកបរក្រៅពីចេញសំណងហើយ ត្រូវទទួលខុសត្រូវនឹងបទល្មើសព្រហ្មទណ្ឌទៀតដែលធ្វើឱ្យស្លាប់មនុស្ស។ រឿងនឹងទោះដោះស្រាយសំណងចប់ក្តីក៏បណ្តឹងអាជ្ញាត្រូវតែបញ្ជូនទៅតុលាការដែរ»។
លោក ជូន សុខណា ជាឪពុកមា ជនរងគ្រោះឈ្មោះឈៀង បរិញ្ញា អាយុ ១៦ ឆ្នាំ នៅភូមិឈើទាល ឃុំស្តេចគង់ខាងលិចថ្លែងថា លោក និងឪពុកម្តាយសពសិស្ស ៣ នាក់ទៀត បានជួបបុរស ២ នាក់ ដែលជាតំណាងឱ្យអ្នកបើកបររថយន្តនៅព្រឹកថ្ងៃទី ១៩ ធ្នូ។ ប៉ុន្តែការជួបចរចានេះ ពុំទទួលបានលទ្ធផលអ្វីឡើយ ហើយអ្នកតំណាងនោះបានពន្យារពេលដល់ថ្ងៃទី ២១ ធ្នូ។ នៅមុនជួបគ្នានៅថ្ងៃទី ១៩ ធ្នូ ឪពុកម្តាយសិស្សរងគ្រោះ បានជូនដំណឹងពីការទារសំណងក្នុងជនរងគ្រោះម្នាក់ ២ ម៉ឺនដុល្លារ។ «យើងមិនមែនថា ជាអ្នករងគ្រោះ ហើយចេះតែកាប់គេយកលុយទេ ប៉ុន្តែបើនិយាយពីទឹកចិត្តឪពុកម្តាយវិញ ទោះជាលុយហ្នឹង ១០០ ដងទៀត ក៏មិនស្មើនឹងការបាត់បង់ជីវិតកូនបានដែរ»។
លោក នាក់ ឌឹម អធិការនគរបាលស្រុក បន្ទាយមាសថ្លែងថា នៅម៉ោងប្រហែល ៧ យប់ថ្ងៃទី ១ ធ្នូ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ១ គ្រឿង បើកបុកម៉ូតូ ២ គ្រឿងរបស់សិស្សសាលាបណ្តាលឱ្យស្លាប់ ៣ នាក់ នៅមុខវិទ្យាល័យទូកមាស និងម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យស្រុកបន្ទាយមាស។ «ករណីនេះយើងក៏មិនដឹងថា ម្ចាស់ឡានស្រវឹង ឬមិនស្រវឹងដែរ ព្រោះក្រោយបង្កហេតុ អ្នកបើកបរគេចខ្លួន»៕