កណ្ដាលៈ មនុស្ស​ ៦​ នាក់​បាន​ស្លាប់ និង ​២ ​នាក់​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ​ជាច្រើន​គ្រឿង បុក​បញ្ច្រាសទិស​គ្នាលើ​កំណាត់​ផ្លូវ​លេខ​ ១១០ ក្នុងភូមិ​ព្រែក​​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀន​​ស្វាយ ខេត្តកណ្ដាល ​កាលពី​វេលា​ម៉ោង​ ១​ រំលង​អ្រ​ធា​ត្រ ឈានចូល​ថ្ងៃទី ​១៩ ខែ ធ្នូ ឆ្នាំ ​២០២១​។ នេះ​បើតាម​ការ​អះអាង​របស់លោក ព្រំ សំណាង អធិការ​ស្រុក​​កៀនស្វាយ​។​

​លោក​ថ្លែងថា មុនពេល​កើត​​ហេតុ​គេ​ឃើញ​បុរស​ ២ ​នាក់ បើករថយន្ត​ TUNDRA​ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BM-4386 ធ្វើដំណើរ​យ៉ាង​​លឿន តាម​បណ្តោយ​ផ្លូវ ​១១០ ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ មកដល់​ចំណុចកើតហេតុ ក៏មាន​ម៉ូតូ​ ៤ ​គ្រឿង ​មាន​គ្នា ​៨ ​នាក់ ជិះ​ប្រដេញ​គ្នា​យ៉ាង​លឿន​នៅលើ​ដងផ្លូវ​ដ៏​តូចចង្អៀត​នេះដែរ​។

​លោក​បាន​បញ្ជាក់ថា​៖ «​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន រថយន្ត​និង​ម៉ូតូ​ទាំងនោះ ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ក៏បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាលឱ្យ​ស្លាប់​នៅ​កន្លែង ​(​កើតហេតុ​) ៥​ នាក់​ភ្លាមៗ និង​ម្នាក់ទៀត​បាន​ស្លាប់​តាមផ្លូវ​ពេល​ដឹក​យកទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ ​ចំណែក​ ២ ​នាក់​ទៀត​រងរបួស​ធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព​ម្លិះ​»​។​

​យោងតាម​របាយការណ៍​របស់​​សមត្ថកិច្ច​នគរបាល​ជំនាញ​ផ្នែក​ចរាចរណ៍​ស្រុក​កៀនស្វាយ ដែល​ ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួលបាន​នៅ​រសៀល​ថ្ងៃទី ​១៩ ខែធ្នូ បានឱ្យដឹងថា យុវជន​រងគ្រោះ​ដែល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើត​​ហេតុ រួមមាន ឈ្មោះ​ រស់ ប៊ុន​​លី អាយុ​ ១៨ ​ឆ្នាំ វ៉ាត ផានិត អាយុ​ ២១ ​ឆ្នាំ ព្រំ មេសា អាយុ​ ១៧ ​ឆ្នាំ ផុន ភា​រ៉ា អាយុ​ ២១ ​ឆ្នាំ និង​ឈ្មោះ បូ ប្រុស​វីន អាយុ​ ១៩ ​ឆ្នាំ​។ អ្នក​ទាំង​ ៥ មាន​លំ​នៅក្នុង​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ រីឯ​យុវជន​ដែល​ស្លាប់​ក្នុងពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ឈ្មោះ សឿន មាន អាយុ ១៧​ ឆ្នាំ មាន​លំនៅ​ក្នុងស្រុក​កៀនស្វាយ​។

ចំណែក​យុវជន​ឈ្មោះ សុខ សុ​បញ្ញា អាយុ​ ២០​ ឆ្នាំ និង ឈ្មោះ ជិន សុជាតិ អាយុ​ ២០ ​ឆ្នាំ ដែល​រងរបួស​ធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ​នោះ ពួកគេ​ទាំង​ ២​ នាក់ មាន​លំនៅ​ក្នុងភូមិ​-​សង្កាត់​ព្រែក​ថ្មី ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ​។ ដោយឡែកអ្នកបើកបរ​រថយន្ត​ឈ្មោះ លី ចំណាន អាយុ​ ៣១ ​ឆ្នាំ មាន​លំនៅ​ក្នុង​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​និង អ្នករួមដំណើរ​ឈ្មោះ ណ​ម ប៊ុន​ថា​ន់ អាយុ​ ២២ ​ឆ្នាំ មាន​លំនៅ​ក្នុង​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​ផងដែរ​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រៀ​ន​ស្វាយ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

​លោក ហង្ស ផា​ណា​រ៉ា អធិការរង​ស្រុក​កៀនស្វាយ ទទួលបន្ទុក​ផ្នែក​ចរាចរណ៍ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​ករណី​គ្រោះ​​ថ្នាក់​ចរាចរណ៍​នេះ គឺ​បង្កឡើង​ដោយ​ភាព​ធ្វេសប្រហែស​របស់​អ្នកបើកបរ​រថយន្ត ដែល​មិន​ប្រកាន់​ស្ដាំ ​ឬ​មិន​គោរព​ចំណែក​ទ្រូងផ្លូវ​ជា​អាទិភាព និង​បើកបរ​ដោយ​ល្បឿន​លឿន​»​។​

​លោក​បាន​បន្ថែមថា​៖ «​ទោះយ៉ាងណា​ក៏ដោយ​នៅ​កន្លែង​កើត​​ហេតុ សមត្ថកិច្ច​យើង​ប្រមូលបាន​វត្ថុតាង ជា​អាវុធ​ដាវ​សាំ​មូ​រ៉ៃ​កែច្នៃ​ចំនួន ​៣ ​ដើម និង​កាំ​បិទ​ខ្វែវ ១ ​ដើម ដែលជា​របស់​ក្រុមយុវជន​រងគ្រោះ​ដែល​​ជិះ​ម៉ូតូ​»​។

​លោក សំណាង ថា ក្រុម​សមត្ថកិច្ច កំពុង​បន្ត​ស្រាវជ្រាវ​លើ​ករណី​អាវុធ​ដែល​ប្រមូលបាន​នៅ​កន្លែងកើតហេតុ ជា​វត្ថុតាង​ដូចជា ដាវ និង​កាំបិត ព្រមទាំង​រថយន្ត ​១ ​គ្រឿង និងម៉ូតូ​ ៤​ គ្រឿង ត្រូវបាន​សមត្ថកិច្ច នាំយកមក​រក្សាទុកនៅ​អធិការដ្ឋាននគរបាល​ស្រុក​កៀនស្វាយ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។ លោក​ថា​៖ «​តាម​ធម្មតា ពលរដ្ឋ​សាមញ្ញ មិនដែល​ជិះ​ម៉ូតូ​ពេលយប់​ជ្រៅ​បែបនេះ ហើយ​ដាក់​ដាវ​កាំបិត​ជាប់​ខ្លួន​នោះទេ​»៕

វីដេអូ៖