ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ចិន​ ៣ ​នាក់ នៅ​ល្ងាច​ថ្ងៃទី​ ២០ ខែធ្នូ ដោយ​ចោទប្រកាន់​ក្នុង​ម្នាក់ៗ​ ២ ​បទល្មើស ទាក់ទង​ក្នុង​បទល្មើស​គ្រឿងញៀន​ជាង​ ២ ​តោន​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១២ ខែធ្នូ​។ នេះ​បើតាម​មន្ត្រី​នាំពាក្យ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។

លោក អ៊ិន សុង អ្នកនាំពាក្យ នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនសង្ស័យ ឈ្មោះ YE YAN SHOU អាយុ​ ៥៨ ​ឆ្នាំ​ជា​មេក្លោង​ក្នុង​បទល្មើស​គ្រឿងញៀន​ដ៏ធំ​នេះ និង បក្ខពួក​ ២ ​នាក់​ទៀត រួមមាន​ឈ្មោះ​ YE YONG អាយុ​ ៤៨ ​ឆ្នាំ​ជា​មេការ​គ្រប់គ្រង​រោងចក្រ​កែច្នៃ​គ្រឿងញៀន​ក្នុង​ខេត្តកំពង់ស្ពឺ និង ឈ្មោះ Ly Po Han អាយុ​ ៣២ ​ឆ្នាំ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃស​។

លោក​បាន​ប្រាប់​ឱ្យដឹង​ទៀតថា ចំណែក​ជនសង្ស័យ​ ៩ ​នាក់​ផ្សេងទៀត ដែលជា​កម្មករ សន្តិសុខ និង ជា​អ្នកបើកបរ​រថយន្ត ហើយ​ជា​ជនជាតិ​ខ្មែរ​នោះ​ត្រូវ​បាន​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ ប៉ុន្តែ​ក្នុង​ចំណោម​ពួកគេ​ទាំង​ ៩ ​នាក់ មាន​ ៣ ​នាក់ ដែល​បានដឹង​រឿង​ខ្លះៗ ពី​ការខ្សឹបខ្សៀវ​របស់​ជនសង្ស័យ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចាត់ទុក​ឱ្យធ្វើជា​សាក្សី នៅក្នុង​សំណុំរឿង​គ្រឿងញៀន​ដ៏ធំ​នេះ​។

លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​ ២០ ​ខែធ្នូ ឆ្នាំ​ ២០២១ ថ្លែងថា ជនសង្ស័យ​ឈ្មោះ​ YE YAN SHOU និង បក្ខពួក ឈ្មោះ​ YE YONG និង​ ឈ្មោះ Ly Po Han ត្រូវបាន​លោក សេង ហៀង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការស៊ើបសួរ​តាំងពី​ថ្ងៃទី​ ១៨ ខែធ្នូ ឆ្នាំ​ ២០២១​។

លោក សុផល បាន​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ទាំង​ ៣ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ផលិត ដឹកជញ្ជូន ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បទ​សម្អាត​ប្រាក់ តាម​មាត្រា ៤០ មាត្រា ៤៧ មាត្រា ៤៨ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន និង​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​»​។

កាលពី​ថ្ងៃទី​ ១២ ខែធ្នូ​ឆ្នាំ​ ២០២១ កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​រាជធានី-ខេត្ត​ចំនួន​ ៤ រួមមាន រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង ខេត្តកោះកុង បង្ក្រាប​ករណី​បទល្មើស​គ្រឿងញៀន​ចំនួន​ ២ ​ធំៗ លើ​គោលដៅ​ ៣ ​ទីតាំង​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ​។ ក្នុងនោះ​ករណី​ទី​ ១ គឺ​ករណី​ដឹកជញ្ជូន​គ្រឿងញៀន មាន​ ២ ​គោលដៅ​ដោយ​គោលដៅ​ទី​ ១ ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​ ៤ ក្នុង​ភូមិសាស្ត្រ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ សមត្ថកិច្ច​បង្ក្រាប​ចាប់បាន​​ជនសង្ស័យ​ម្នាក់ ឈ្មោះ Ly Po Han ជាមួយ​ថ្នាំញៀន ប្រភេទ Ketamine ចំនួន​ ១ ៤៨០ ​គីឡូក្រាម ខណៈ​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ​ LEE TSUNG HAN បានសម្លាប់​នៅ​កន្លែង បន្ទាប់ពី​ជននេះ​បាន​បើក​រថយន្តបុក​បារ៉ាស់​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច ហើយ​បាញ់ប្រហារ​លើ​សមត្ថកិច្ច ធ្វើឱ្យ​សមត្ថកិច្ច​តបត​ដោយ​អាវុធ​។

បន្ទាប់មក​នៅ​គោលដៅ​ទី​ ២ គឺ នៅ​រោងចក្រ​ផលិត​អាល់កុល​ ១ ​កន្លែង ក្នុង​ភូមិសាស្ត្រ​ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​មេការ​ម្នាក់ទៀត ឈ្មោះ YE YONG និង​រឹបអូស​បាន​គ្រឿងញៀន ប្រភេទ Ketamine ចំនួន​ជាង​ ៧៥៣ ​គីឡូក្រាម​បន្ថែមទៀត រួមទាំង​សារធាតុ​គីមី​ផ្សំ​ចំនួន​ជាង​ ៨៤ តោន ព្រមទាំង​ស្រាវជ្រាវ ចាប់​ឃាត់ខ្លួន​កម្មករ សន្តិសុខ និង អ្នកបើកបរ​រថយន្ត​ជនជាតិ​ខែ្មរ សរុប​ ៩ ​នាក់​បន្ថែមទៀត​។

ចំណែក​មេខ្លោង​ធំ ឈ្មោះ​ YE YAN SHOU ត្រូវបាន​ចាប់ខ្លួន​ក្នុង​ភូមិសាស្ត្រ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ក្នុង​ករណី​ទី​ ២ គឺ​ការដឹកនាំ​ការផលិត​គ្រឿងញៀន​នៅ​កម្ពុជា ព្រោះ​រោងចក្រ​ផលិត​អាល់កុល​នោះ ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន XIN YINFENG (CAMBODIA) INDUSTRY CO., LTD ដែលមាន​ជននេះ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​។

នៅ​ថ្ងៃទី​ ១៨ ខែធ្នូ​ឆ្នាំ​ ២០២១ នគរបាល​ជំនាញ​ខេត្ត​កំពង់ស្ពឺ​ក៏បាន​ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​មនុស្ស​ម្នាក់ និង​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ Methamphetamine ​ជាង​ ១,៣ ​គីឡូក្រាម ក្នុងករណី​ផ្សេង​៕