ពោធិ៍សាត់ៈ មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ចាត់ទុក​បុគ្គល​ម្នាក់​ឈ្មោះ ឱក ពុទ្ធី មាន​ស្វាមី​ជា​ជនជាតិ​អូស្ត្រាលី​មាន​លំនៅ នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ទាមទារ​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ទំហំ​ ៥០ ​ហិកតា​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស ត្រង់ចំណុច​ស្រែពាំង ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​គឺ​រឿង​ខុសច្បាប់​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​នៅ​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ ២០២១ បានឱ្យដឹងថា ថ្មីៗ​នេះ បុគ្គល​ឈ្មោះ ឱក ពុទ្ធី បាន​ចេញមក​ទាមទារ​កាន់កាប់​ដីធ្លី ថែមទាំង​បានធ្វើ​សកម្មភាព​លក់ដូរ​ដីធ្លី និង​រៀបចំ​លិខិត​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ក្នុង​តំបន់​អភិរក្ស​ដោយ​ខុសច្បាប់​ដែល​ទីតាំង​ដី​នេះ​គឺជា​ដីព្រៃ​របស់​រដ្ឋ​ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស ដែល​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ០១ ខែវិច្ឆិកា ឆ្នាំ​ ១៩៩៣ ហើយ​បានផ្តល់​សមត្ថកិច្ច​ជូន​ក្រសួងបរិស្ថាន​គ្រប់គ្រង និង​អភិរក្ស​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា នៅ​ឆ្នាំ​ ២០០៦ អ្នកស្រី ឱក ពុទ្ធី បាន​ទិញ​ដីព្រៃ​ឈើ​ដោយ​ខុសច្បាប់ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស គ្រប់គ្រង​អភិរក្ស​ដោយ​ក្រសួងបរិស្ថាន​និង​ដី​គម្រប​ព្រៃឈើ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ហើយ​បច្ចុប្បន្ន​ផ្ទៃដី​នេះ​​ត្រូវបាន​ផ្ទេរ​ការគ្រប់គ្រង​មក​ក្រសួងបរិស្ថាន​វិញ​ស្ថិតក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​មាន​ទំហំ​ ៥០ (​ហាសិប​) ​ហិកតា​នៅ​ចំណុច​​ស្រែពាំង​ភូមិសាស្ត្រ​ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។

មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​បន្តថា ជា​រៀង​រហូតមក រដ្ឋបាល​ខេត្តពោធិ៍សាត់ ក៏ដូចជា​មន្ទីរ​បរិស្ថាន​ខេត្ត ដែលមាន​​កាតព្វកិច្ច​ការពារ​ដី​រដ្ឋ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តំបន់​​ការពារ​ធម្មជាតិ តែងតែ​ចុះមក​ហាមឃាត់ ការធ្វើសកម្មភាព​លើ​ទីតាំង​នេះ​ជាច្រើនលើក​ច្រើនសា​។ ជាមួយ​គ្នា​នេះ រដ្ឋបាលខេត្ត​ពោធិ៍សាត់ ក៏បាន​ចេញ​ដីកា​ដកហូត​ដី​នេះ​កាលពី​ខែ​​កក្កដា ឆ្នាំ​ ២០០៩ ហើយ​ក្រសួង​បរិស្ថាន​ក៏​បាន​ចេញ​លិខិត​​លេខ​ ៤៣៦ សជណ ចុះ​ថ្ងៃ​​ទី​ ១៥ ខែ​កក្កដា ឆ្នាំ​ ២០១១ បដិសេធ​ការទាមទារ​នេះដែរ​។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ការទាមទារ​កាន់កាប់​ដី​ស្ថិត​​នៅ​ចំណុច​ស្រែពាំង ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ របស់​ឈ្មោះ ឱក ពុទ្ធី និង​ស្វាមី​ជនជាតិ​អូស្ត្រាលី​ពុំ​ស្របតាម​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១ ​និង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​ឆ្នាំ​ ២០០៨ ​ឡើយ​។ ដី​ទាំងនេះ​ក៏​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ដែល​ការប្រើប្រាស់​ដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ ត្រូវតែ​មាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ដីសម្បទាន​សង្គមកិច្ច ដី​ប្រទានកម្ម ឬ​ដី​ដែល​ត្រូវបាន​កំណត់ថា ជា​តំបន់​សហគមន៍​ផ្អែក​តាម​មាត្រា ១១ ជំពូក​ទី​ ៤ នៃ​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។

មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​សរសេរថា «​យោងតាម​ផ្លូវច្បាប់ បុគ្គល​ឈ្មោះ ឱក ពុទ្ធី គ្មាន​សិទ្ធិ​ទាមទារ​ដី​នេះ​មកវិញ​ឡើយ ហើយក៏​គ្មាន​សិទ្ធិ​លក់ដូរ ឬ​ផ្ទេរកម្មសិទ្ធិ​ដីព្រៃ​របស់​រដ្ឋ​ទៅ​បុគ្គល​ណា​ម្នាក់​ឡើយ​។ ទង្វើ​របស់​បុគ្គល ឱក ពុទ្ធី និង​ស្វាមី ដែល​បាន​ព្យាយាម​ម្តង​ហើយ​ម្តងទៀត ក្នុង​ការកាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ហើយ​ថែមទាំង​បាន​​ប្រើប្រាស់​ការគំរាមកំហែង​មក​​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ថែមទៀត គឺជា​ទង្វើ​ខុសច្បាប់​ទាំងស្រុង និង​ប្រមាថ​លើ​មន្ត្រីរាជការ​សាធារណៈ​»​។

លោក ផាន់ សុភារីន នាយក​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០២១ ថា លោក​មិន​យល់​ពី​បុគ្គល​ឈ្មោះ ឱក ពុទ្ធី ដែលមាន​ស្វាមី​ជា​ជនជាតិ​អូស្ត្រាលី​ចំពោះ​ការទាមទារ​ដី​រដ្ឋ​យក​ទៅ​ធ្វើជា​កម្មសិទ្ធិ​នេះ​ទេ​។

លោក​បាន​បន្តថា ថ្នាក់ដឹកនាំ​ក្រសួង​មួយចំនួន​ដែល​បានដឹង​រឿងនេះ ប្រាប់ថា​ពី​ដើមឡើយ បុគ្គល ឱក ពុទ្ធី នេះ​បាន​ស្នើសុំ​ដី​នេះ​សម្រាប់​ចិញ្ចឹមសត្វ​គោ ដោយ​ប្រវាស់​ជាមួយ​នឹង​ប្រជាជន​នៅក្នុង​មូលដ្ឋាន ប៉ុន្តែ​ក្រោយមក បែរជា​ចង់បាន​ដី​នេះ​យក​ទៅ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទៅវិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រោយមក ក្រសួង​បរិស្ថាន​បាន​ធ្វើ​លិខិត​មួយ​ទៅ​រដ្ឋបាល​ខេត្តពោធិ៍សាត់ ដែល​ពេលនោះ រដ្ឋបាលខេត្ត​ក៏បាន​ចេញ​ដីកា​ដកហូត​យក​ដី​នោះ ធ្វើជា​ដី​របស់​រដ្ឋ​វិញ​។ តាមច្បាប់​គ្មាន​បុគ្គល​ណាមួយ​មាន​សិទ្ធិ​យក​ដី​រដ្ឋ​ទៅ​លក់ដូរ​នោះទេ​»​។

បើតាម​លោក ផាន់ សុភារីន ក្រសួង​បរិស្ថាន​ក៏ដូចជា​មន្ទីរ​បរិស្ថាន​នឹង​ចាត់វិធានការ​តាម​​ផ្លូវច្បាប់ ប្រសិនបើ​បុគ្គល ឈ្មោះ ឱក ពុទ្ធី នៅតែ​ទាមទារ​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ និង​មិន​ស្តាប់​ការណែនាំ​របស់​ក្រសួង​។

ទាក់ទង​នឹង​ករណីនេះ ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​អ្នកស្រី ឱក ពុទ្ធី សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០២១៕