
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធវិមានកីឡដ្ឋាន កាលពីថ្ងៃទី ១៨ ធ្នូ ២០២១។ ហុង មិនា
ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទបញ្ចប់ជាផ្លូវការនូវ «ព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភៈ» ដែលព្រឹត្តិការណ៍នេះអូសបន្លាយអស់រយៈពេល ១០ ខែមកហើយៗកម្ពុជាបានចាត់ទុកថា ជាព្រឹត្តិការណ៍សោកនាដកម្មសម្រាប់ប្រទេសជាតិ ដោយសារជំងឺកូវីដ ១៩ បានចម្លង និងសម្លាប់ប្រជាពលរដ្ឋជាច្រើននាក់។
ការប្រកាសបិទនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងឡើងតាមរយៈសារពិសេសនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ ដោយលោកបានបញ្ជាក់ថា ចាប់តាំងពីព្រឹត្តិការណ៍ ២០ កុម្ភៈរហូតមកដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ គឺមានរយៈពេល ១០ ខែហើយដែលវីរុសកូវីដ ១៩ បានធ្វើឱ្យប្រជាពលរដ្ឋឆ្លងជំងឺ ១២០ ៤២៣ នាក់ និងបាត់បង់ជីវិតចំនួន ៣ ០០៥ នាក់។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ថ្ងៃនេះ (២០ ធ្នូ) ជាលើកដំបូងក្នុងរយៈពេល ១០ ខែ ដែលព្រះរាជាណាចក្រកម្ពុជាយើង មិនមានមនុស្សស្លាប់ ហើយអត្រាឆ្លងក៏មានត្រឹមតែ ៧ នាក់ប៉ុណ្ណោះ។ នេះចាត់ទុកថា ជាជោគជ័យមួយដែលជាជោគជ័យក្នុងការទប់ស្កាត់មិនឱ្យយើងធ្លាក់ទៅក្នុងជ្រោះមរណៈ ឬអាចថាជាការកាត់បន្ថយនៃបរាជ័យដោយសារកូវីដ ១៩»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា៖ «ថ្ងៃនេះ ខ្ញុំប្រកាសបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ មិនមែនមានន័យថា ប្រកាសបញ្ចប់ការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ ១៩ នោះទេ។ យើងគ្រាន់តែប្រកាសបញ្ចប់នូវព្រឹត្តិការណ៍ ២០ កុម្ភៈ ប៉ុន្តែការប្រយុទ្ធជាមួយនឹងកូវីដ ១៩ នៅតែជាកិច្ចការបន្តតទៅទៀត ដែលកិច្ចការនេះមិនអាចធ្វេសប្រហែសបានទេ»។
ប្រមុខរាជរដ្ឋាភិបាលបានបន្តថា ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាការពារតាមរយៈការខិតខំរបស់ប្រជាជនម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍នីមួយៗ អនុវត្តនូវវិធានការសុខាភិបាលជាមួយនឹងការខិតខំរបស់ផ្នែកសុខាភិបាលក្នុងការចាក់វ៉ាក់សាំងបន្តសម្រាប់អ្នកដែលមិនទាន់បានចាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «សុំកុំឱ្យកើតមានព្រឹត្តិការណ៍ដទៃៗទៀត សុំឱ្យការធ្លាក់ចុះនៃការឆ្លង ធ្លាក់ចុះនៃការស្លាប់ និងឈានទៅដល់អត្រាសូន្យនៃការស្លាប់នេះឱ្យនៅបន្តទៀត ហើយខ្ញុំសុំអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារជីវិតរបស់ខ្លួនឯង ការពារជីវិតក្នុងក្រុមគ្រួសារ និងរួមចំណែកការពារចំពោះសហគមន៍ក៏ដូចជាការពារនៅក្នុងប្រទេសរបស់យើងធ្វើឱ្យដំណើរការបើកសេដ្ឋកិច្ចសង្គមឡើងវិញប្រព្រឹត្តទៅដោយរលូនដូចរយៈពេលកន្លងទៅ»។
ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលបានជូនដំណឹងពីការចាប់ផ្តើមការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៣ ឬដូសជំរុញដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ទៅដល់កុមារ និងយុវវ័យអាយុពី ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំដែលនឹងត្រូវចាប់ផ្តើមមុនគេពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្ត ព្រះសីហនុ និងខេត្តកោះកុង នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ ខាងមុខ។
ក្រសួងសុខាភិបាលបានបន្ថែមថា សម្រាប់ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តស្វាយរៀង នឹងចាប់ផ្តើមនៅថ្ងៃទី ១០ ខែមករា។
ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តកែប និងខេត្តរតនគិរី ចាប់ផ្តើមនៅថ្ងៃទី ១៧ ខែមករា។
ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ចាប់ផ្តើមថ្ងៃទី ១៨ ខែមករា និងចាប់ពីថ្ងៃទី ១៩ ដល់ទី ២៥ ខែមករា ហើយនឹងចាប់ផ្តើមជាបន្តបន្ទាប់សម្រាប់ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ ខេត្តកំពត និងខេត្តស្ទឹងត្រែង។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកដែលមានអាយុពី ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ១ និងដូសទី២ រួចរាល់ ហើយគម្លាតចាប់ពី ៤ ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ដោយអនុវត្តនូវយុទ្ធសាស្ត្រផ្ការីករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ នេះដែរ លោក ហ៊ុន សែន ក៏បានស្នើឱ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអនុប្រធានប្រចាំការ និងជាប្រធានគណៈប្រចាំការ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងសហការី ពិនិត្យលទ្ធភាពជំរុញលទ្ធភាពកិច្ចការទាំងឡាយទាក់ទងនឹងវ៉ាក់សាំងក្នុងនោះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវធ្វើការខិតខំសហការជាមួយនឹងបណ្តាខេត្ត ដើម្បីបន្តជំរុញចាក់ដូសទី ៣ នេះទៅតាមការកំណត់។
លោកបានថ្លែងថា៖ «យើងបន្តការខិតខំទាំងអស់គ្នា ដើម្បីជោគជ័យ និងដើម្បីការរស់រានមានជីវិតរបស់ជាតិយើង និងយើងទាំងអស់គ្នា។ នេះជាដំណាក់កាលរៀនរស់ជាមួយនឹងកូវីដ ១៩ ដំណាក់កាលនេះជាដំណាក់កាលសំខាន់ជាមួយនឹងការទទួលបានវ៉ាក់សាំងពេញលេញ និងដូសជំរុញបូកបន្ថែមជាមួយនឹងវិធានការសុខាភិបាល យើងពិតជាយកឈ្នះជាមួយនឹងមេរោគបំប្លែងថ្មីដូចជាអូមីក្រុងដែលបានចូលមកប្រទេសយើងរួចជាស្រេចទៅហើយ»។
វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer ប្រមាណជា ២,៣ លានដូសនឹងត្រូវដឹកមកដល់ប្រទេសកម្ពុជានាយប់ថ្ងៃទី ២៦ និងទី ២៨ ខែធ្នូខាងមុខនេះ ដែលជាការផ្តល់ជូនកម្ពុជាពីប្រទេសអូស្ត្រាលី។ នេះបើតាមការបញ្ជាក់ពីលោក ហ៊ុន សែន ហើយលោកក៏បានថ្លែងអំណរគុណទៅដល់បណ្តាប្រទេសមួយចំនួនដែលបានផ្តល់វ៉ាក់សាំង កូវីដ ១៩ មកដល់ប្រទេសកម្ពុជា ដែលមានដូចជាសហរដ្ឋអាមេរិក ប្រទេសជប៉ុន ប្រទេសអង់គ្លេស និងប្រទេសហូឡង់ ជាដើម។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១៩ ខែឆ្នូ ឆ្នាំ ២០២១ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ ចាក់បានចំនួន ៨៨,៩១ ភាគរយហើយ៕