ភ្នំពេញៈ លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ព្រះពុទ្ធសាសនា​ទាំងអស់​សូម​បន្ត​ការប្រកាន់ខ្ជាប់​នូវ​ការយោគយល់​គ្នា គោរព​គ្នា​តាម​ឋានានុក្រម​សំដៅ​ធ្វើឱ្យ​មាន​ការឯកភាព សាមគ្គីភាព ក្នុង​ស្ថាប័ន​ព្រះពុទ្ធសាសនា ខណៈ​ដែល​លោក​លើកឡើងថា វិស័យ​ព្រះពុទ្ធសាសនា នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​។

ក្នុង​ពិធី​បើក​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​ ២៩ ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​ ២០ ធ្នូ ឆ្នាំ​ ២០២១ នៅឯ​សាលសន្និសីទ​ចតុមុខ​ក្នុង​រាជធានី​ភ្នំពេញ លោក ហេង សំរិន បាន​ថ្លែងថា ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​តម្លៃ​ខ្ពស់​លើ​ការអភិវឌ្ឍ​វិស័យ​សាសនា ដែល​ក្នុងនោះ មាន​ការគោរព​សេរីភាព​ខាង​ជំនឿ និង​សាសនា ការលើកស្ទួយ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ និង​ការគាំទ្រ​ការគោរព​ប្រតិបត្តិ​សាសនា​ដទៃទៀត​ ដើម្បី​សាមគ្គីភាព​ និង​សុខដុមរមនា​នៃ​សង្គមជាតិ​។ រាជរដ្ឋាភិបាល​បាន​ខិតខំ​ធ្វើឱ្យ​វត្តអារាម និង​វិហារ​សាសនា​ផ្សេងៗ​ទៀត ក្លាយ​ជា​មជ្ឈមណ្ឌល​ជីវភាព​ខាង​ស្មារតី ដែល​ជា​សកម្មភាព​ដ៏សំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គមជាតិ ខាង​ផ្នែក​វប្បធម៌ អប់រំ និង​សីលធម៌​សង្គម​។

លោក​បាន​បញ្ជាក់ថា​៖ «​ស្រប​ទៅ​នឹង​ការរីកចម្រើន​ទាំងនេះ យើង​ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​បង្កឡើង​ពី​កង្វះ​ការយល់ដឹង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​។ បើ​យើង​មាន​ការយល់ដឹង​ច្បាស់​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​ចេះ​ទាញ​ប្រយោជន៍​ពី​បច្ចេកវិទ្យា នោះ​នឹង​នាំ​ប្រយោជន៍​ដល់​វិស័យ​សាសនា និង​សង្គមជាតិ​របស់​យើង​»​។

នៅក្នុង​ឱកាស​នោះ​លោក ហេង សំរិន ​ក៏បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ព្រះពុទ្ធសាសនា​ទាំងអស់​សូម​បន្ត​ការប្រកាន់ខ្ជាប់​នូវ​ការយោគយល់​គ្នា គោរព​គ្នា​តាម​ឋានានុក្រម សំដៅ​ធ្វើឱ្យមាន​ការឯកភាព សាមគ្គីភាព ក្នុង​ស្ថាប័ន​ព្រះពុទ្ធសាសនា និង​សូម​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ បន្ត​យកចិត្តទុកដាក់​ស្វាធ្យាយ​រៀនសូត្រ​ព្រះធម៌ វិន័យ និង​ប្រតិបត្តិ​ឱ្យ​សម​ជា​ស្រែបុណ្យ​សម្រាប់​ជា​ទីសក្ការៈ​របស់​ពុទ្ធបរិស័ទ​។ ទន្ទឹមនឹងនេះ ពុទ្ធសាសនិកជន​ទាំងអស់ សូម​រួមគ្នា​ប្រតិបត្តិ​តាម​ព្រះពុទ្ធ​ឱវាទ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន​។ លោក​ថ្លែងថា​៖ «​ព្រះពុទ្ធសាសនា​យើង​រីកចម្រើន ឬ​ចុះ​អន់ថយ គឺ​អាស្រ័យ​លើ​យើង​ទាំងអស់​គ្នា​»​។

ដោយសារ​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស ជា​វេទិកា​ជួបជុំ​ដ៏សំខាន់​មួយ ដើម្បី​ផ្តល់នូវ​កាលានុវត្តភាព​ក្នុង​ការពិគ្រោះ ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​បច្ចុប្បន្នភាព ដែលជា​កត្តាចាំបាច់​សម្រាប់​អនុវត្ត​នា​ឆ្នាំ​បន្តបន្ទាប់​នោះ លោក ហេង សំរិន បាន​ជំរុញ​លើកទឹកចិត្ត​ដល់​សម្តេចព្រះ​សង្ឃនាយក សម្ដេចព្រះ​សង្ឃនាយករង ព្រះរាជាគណៈ​ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​ថ្នាក់ដឹកនាំ​ក្រសួង​ធម្មការ​ និង​សាសនា ព្រមទាំង​សមាជិក សមាជិកា​នៃ​អង្គមហាសន្និបាត​ទាំងអស់ ចូលរួម​ពិភាក្សា ចែករំលែក ផ្លាស់ប្តូរ​យោបល់ ផ្តល់​ចំណេះដឹង បទពិសោធ រកឱ្យឃើញ​នូវ​ចំណុចខ្លាំង ចំណុច​ខ្សោយ ដើម្បី​សម្រេច​បាន​នូវ​ផែនការ និង​គោលការណ៍​រួម ដែល​មហាសន្និបាត​ចង់បាន​។

ទោះយ៉ាងណា​នៅពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​វិស័យ​សាសនា ក៏ដូចជា​វិស័យ​ផ្សេងៗ​ទៀត បាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន​។ នេះ​បើតាម​ព្រះតេជព្រះគុណ ជា សំអាង ព្រះមេគណ​ខេត្តកណ្ដាល​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា វិបត្តិ​ជំងឺ​កូវីដ​ ១៩ ព្រះសង្ឃ​ក្នុង​វត្តអារាម​មួយចំនួន​ក្នុង​តំបន់​ជនបទ​ដាច់ស្រយាល បាន​ជួប​ប្រឈម​កង្វះ​ស្បៀងអាហារ ព្រោះ​ប្រជាពុទ្ធបរិស័ទ ក្នុង​តំបន់​ជនបទ​ដាច់ស្រយាល​ទាំងនោះ​មាន​ជីវភាព​ក្រីក្រ​។ ភាពខ្វះខាត​នេះ​បាន​ធ្វើឱ្យ​មាន​អធិករណ៍​ខ្លះ​កើតមាន​រវាង​ព្រះសង្ឃ​និង គណៈកម្មការ​អាចារ្យវត្ត ហើយ​អធិករណ៍​ភាគច្រើន​កើតឡើង​ទាក់ទង​ទៅនឹង​បច្ច័យ ដែល​ប្រើ​មិនបាន​សមស្រប​នេះឯង​។

ព្រះតេជព្រះគុណ បន្តថា​៖ «​ប៉ុន្តែ​ករណី​អធិករណ៍​តូចតាច​បែបនេះ វា​មិន​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធសាសនា​យើង​នោះទេ ព្រោះ​បញ្ហា​ត្រូវបាន​ដោះស្រាយ ក្រោយពី​មាន​ការពន្យល់​ណែនាំ​ពី​គណៈធម្មសភា​សង្ឃ និង​មន្ត្រី​ធម្មការ​ និង​សាសនា​»​។ ព្រះអង្គ​បន្ថែមថា​៖ «​ការរាតត្បាត​​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ពុទ្ធបរិស័ទ កើតមាន​សទ្ធា​ជ្រះថ្លា​​កាន់តែខ្លាំង​ពេល​ដឹងថា វត្ត​ណា​​មាន​ព្រះសង្ឃ​ខ្វះ​ចង្ហាន់​គឺ​លេចចេញ​អ្នកមាន​សទ្ធា​ជ្រះថ្លា​កាន់តែច្រើន​ទៅ​ជួយឧបត្ថម្ភ​គាំទ្រ ដល់​វត្ត​នោះ​។ អ៊ីចឹង​ទេ​អាត្មា​យល់ឃើញថា ជំងឺ​កូវីដ​ ១៩ មាន​ភាពអាក្រក់​ផង និង​ល្អ​ផង​»​។

ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព្រះតេជ​ព្រះគុណ ជា សំអាង មាន​សង្ឃ​ដីកា​ថា ការពិត ព្រះសង្ឃ​មួយ​ចំនួន​នៅ​មិនទាន់​យល់ដឹង​ពី​​ការប្រើ​សម្ភារ​បច្ចេកវិទ្យា​ទំនើប​នោះទេ​។ ទោះយ៉ាងណា កិច្ចការ​នេះ មន្ត្រី​សង្ឃ ដែលមាន​ជំនាញ​បច្ចេកទេស​ខាង​ប្រើប្រាស់​បច្ចេកវិទ្យា បាន​ធ្វើការ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​សង្ឃ នៅ​តាម​វត្ត​អារាម​មួយចំនួន​ជា​បន្តបន្ទាប់​ច្រើន​វគ្គ​មកហើយ សង្ឃឹម​ថា បច្ចុប្បន្ន មន្ត្រី​សង្ឃ​គ្រប់​ព្រះអង្គ​នឹង​បាន​យល់ច្បាស់​ពី​វិធី​ប្រើប្រាស់​សម្ភារ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​សមស្រប​ទៅ​តាម​ធម្មវិន័យ​ព្រះពុទ្ធសាសនា និង​បាន​សមស្រប​តាម​គោលការណ៍​នៃ​ច្បាប់​ជាតិ​។

នៅក្នុង​ឱកាស​នេះដែរ លោក ឈិត សុខុន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បាន​ថ្លែងថា ក្រោយ​ថ្ងៃ​ ៧ ​មករា​ឆ្នាំ​ ១៩៧៩ វិស័យ​សាសនា​នៅ​កម្ពុជា​បាន​រស់​ឡើងវិញ​ និង​មាន​វឌ្ឍន​ភាពជា​បន្តបន្ទាប់​រហូតដល់​បច្ចុប្បន្ន​។ គ្រប់​សាសនា​នៅ​កម្ពុជា​ត្រូវបាន​ប្រតិបត្តិ​ដោយ​សុខដុមរមនា ដោយ​ប្រកាន់ខ្ជាប់​នូវ​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ​ស្មោះត្រង់ ឈរលើ​គោលការណ៍​គោរព​គ្នា​អធ្យាស្រ័យគ្នា យោគយល់​គ្នា​ទៅវិញ​ទៅមក​ក្នុង​គ្រប់​កាលៈទេសៈ​៕