ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ជាថ្មី​ដល់​គណៈបញ្ជាការ​ឯកភាព​រាជធានី-ខេត្ត​ត្រូវ​ចូលរួម​ដោះស្រាយ និង​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន កុំឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​នាំចេញ​គ្រឿងញៀន ដែល​នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេសមួយ​នេះ និង​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គមជាតិ​ទាំងមូល​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​មណ្ឌល​ទទួល​ពលករ​កំរៀង ស្ថិតនៅ​ភូមិ​បឹងរាំង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង នា​ថ្ងៃទី​ ២០ ខែធ្នូ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា បញ្ហា​គ្រឿងញៀន​ជា​រឿង​មួយ​ដែល​គួរឱ្យ​ព្រួយបារម្ភ ហើយ​មិនត្រូវ​មើលរំលង​ឡើយ​។ និន្នាការ​នៃ​ការចរាចរ​គ្រឿងញៀន​នៅលើ​ពិភពលោក​ក៏ដូចជា​ក្នុង​តំបន់ អនុតំបន់ មិនមាន​ការថមថយ​ទេ ជាពិសេស​គ្រឿងញឿន សំយោគ ជា​ប្រភេទ​សារធាតុញៀន​ផ្សំ​ឡើង​ដោយសារ​ធាតុគីមី​ផ្សេងៗ​យក​មក​បូក​បញ្ចូល​គ្នា ហើយ​ពិបាក​ណាស់​ក្នុង​ការត្រួតពិនិត្យ​។

លោក​ថ្លែងថា​៖ «​ពិបាក​ត្រង់​ថា គ្រឿងញៀន​យកមក​ម្តង​ (​នាំចូល​) ​សារធាតុ​នេះ បាន​ ៥ ​មុខ ថា​យកមក​ផលិត​ជី ផលិត​អី​ផ្សេង​ តែ​ទីបំផុត​យកមក​ផ្គុំ​គ្នា​ទៅជា​សារធាតុ​ញៀន​។ ដូច​យើង​ចាប់បាន​ ២ ​តោន​ជាង​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នេះ​ជា​បញ្ហា​។ អ៊ីចឹង​មូលដ្ឋាន​យើង​ត្រូវ​ដោះស្រាយ​។ ទោះបី​ផលិត​ហើយ​ដឹក​ចេញ​ក៏ត្រូវ​ពិនិត្យ​ដែរ​។ យើង​មិនត្រូវ​បណ្តែតបណ្តោយ​អនុញ្ញាត​ទេ ព្រោះ​វា​ខុសច្បាប់​អន្តរជាតិ ហើយ​វា​ធ្វើឱ្យ​មុខមាត់​កម្ពុជា​វា​ខូច​»​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​គេ​ថា​គ្រឿងញៀន​ចេញ​មកពីណា ចេញ​មកពី​កម្ពុជា​។ ពីមុន​គេ​ថា កម្ពុជា​គ្រាន់​ជា​កន្លែង​ឆ្លងកាត់​។ តែ​ឥឡូវ​មិនមែន​កន្លែង​ឆ្លងកាត់ ថែម​ទាំង​ផលិត​ផង ហើយ​បើ​ចែកចាយ​ក្នុងប្រទេស​ក៏​កាន់តែ​គ្រោះថ្នាក់ យក​ចេញទៅ​ក្រៅ​ក៏​អត់​ល្អ​»​។

បើ​កម្ពុជា​មិន​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ទាន់ពេលវេលា នឹង​នាំឱ្យមាន​បញ្ហា​ដល់​សង្គមជាតិ ដូច​បណ្តា​ប្រទេស​ជិតខាង​ដែល​ធ្លាប់​ឆ្លងកាត់​បញ្ហា​នេះ​។ ព្រោះនេះ​ជា​បញ្ហា​ធំ​សម្រាប់​ជាតិ បើសិនជា​ដោះស្រាយ​មិន​បាន​ទេ ស្ថានការណ៍​វា​ជ្រុល ដូច​បទពិសោធ​នៅ​ប្រទេស​ថៃ បង្ក្រាប​សម្លាប់​អស់​ខ្ទង់​ជាង ២ ​ពាន់​នាក់ ប៉ះ​ខ្នង​តូចធំ​។ បើ​នៅ​ហ្វីលីពីន​បង្ក្រាប​សម្លាប់​ខ្ទង់​ ៥ ​ពាន់​នាក់ ដែល​បណ្តា​ប្រទេស​មួយចំនួន​ថ្កោលទោស ប៉ុន្តែ​វា​គ្មាន​ជម្រើស​។ ទោះយ៉ាងណា លោក​ថា មិន​គាំទ្រ​ការសម្លាប់​នោះទេ​។ ប៉ុន្តែ​ចង់​បញ្ជាក់ថា កុំ​ទុក​ឱ្យ​ស្ថានការណ៍​វា​ទៅជា​បែប​ហ្នឹង តែ​ធ្ងន់​ហើយ បាន​ស្រែក​អត់​បានទេ ត្រូវ​ដោះស្រាយ​ពី​ឥឡូវ​។ នេះ​ជា​ការអធិប្បាយ​របស់​លោក​ ស ខេង​។

លោក​ថ្លែងថា​៖ «​ម្យ៉ាង រដ្ឋ​យើង​ត្រូវ​ចិញ្ចឹម​អ្នក​ជាប់ឃុំ ព្រោះ​អ្នក​រកស៊ី​គ្រឿងញៀន ជួន​អី​អ្នកខ្លះ​មិន​ជក់​ខ្លួនឯង​ទេ​។ ប៉ុន្តែ​អ្នករកស៊ី​តូចតាច ជក់​ផង រកស៊ី​ផង បើ​អ្នកធំៗ​មែនទែន​មិនសូវ​ជក់​ទេ​។ អ៊ីចឹង​ទេ អនាគត ខូច​ប៉ះពាល់​គ្រួសារ និង​បុគ្គល​ផង និង​សម្រាប់​សង្គម គឺ​ធ្ងន់ធ្ងរ​។ ខ្ញុំ​មាន​ការបារម្ភ បើសិន​យើង​មិន​រួមគ្នា មិន​គាំទ្រ​គ្នា ក្នុង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទេ​អត់​បាន​ទេ ត្រូវតែ​ឯកភាព​គ្នា​»​។

លោក ស ខេង បាន​បង្ហើប​ឱ្យដឹងថា អ្នក​ជាប់ឃុំ​នៅ​ទូទាំង​កម្ពុជា​ទាំងអស់​មាន ៣៨ ០០០ ​នាក់​ក្នុង​នោះ ៥១ ភាគរយ គឺជា​អ្នកទោស​គ្រឿងញៀន ដោយសារ​គ្រឿងញៀន​។

អភិបាលខេត្ត​កំពង់ស្ពឺ​លោក​ វ៉ី សំណាង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចំពោះ​ការងារ​បង្ក្រាប​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់ខ្លួន គឺ​តែងតែ​ធ្វើ​រៀងរាល់ថ្ងៃ មិនដែល​ធ្វេសប្រហែស​ឡើយ​។ ទោះបី​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ខិតខំ​ស្វះស្វែង​ទប់ស្កាត់​ការចរាចរ និង​សេព​គ្រឿងញៀន​ក្តី ប៉ុន្តែ​ករណីនេះ​នៅតែ​មាន​ដោយសារ​មនុស្ស​មួយចំនួន​មាន​ឆន្ទៈ​ប្រព្រឹត្ត​។

លោក​ថ្លែងថា​៖ «​បទល្មើស​ទាំងអស់​មនុស្ស​មាន​ឆន្ទៈ​ប្រព្រឹត្ត សូម្បីតែ​ប្រឡាយ​មួយ​មាន​ដាយ​ត្រី​នៅលើ​កណ្តាល នៅ​ខាងក្រោម សួរថា​អ្នក​នៅក្រោម​ចាប់បាន​ត្រី​អត់ គឺ​នៅតែ​ចាប់បាន​។ ចុះ​ទម្រាំ មនុស្ស​ដែលមាន​ឆន្ទៈ​អាក្រក់​។ អ៊ីចឹង​បាន​យើង​បង្កើត​ទាហាន ប៉ូលិស និង​ប៉េអឹម ទុក​បង្ក្រាប​បទល្មើស​»​។

ការបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ក្នុង​ទឹកដី​របស់ខ្លួន​ជាង ២ ​តោន កន្លងមកនេះ គឺ​សមត្ថកិច្ច​បាន​តាមដាន​រយៈពេល​ ២ ​ខែ​មកហើយ​។ ដើម្បី​ច្បាម​យក​មេខ្លោង​ពិតប្រាកដ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ពេលវេលា និង​យន្តការ​យ៉ាងច្រើន ដើម្បី​ឈានទៅដល់​ការបង្ក្រាប​បាន​ទ្រង់ទ្រាយ​ធំ​បែបនេះ ដោយ​មិន​មាន​ការធ្វេសប្រហែស​។ កម្លាំង​សមត្ថកិច្ច​ទប់ស្កាត់​មិនឱ្យ​នាំចេញ​បានទេ​។ នេះ​ជា​ការបញ្ជាក់​របស់លោក​ វ៉ី សំណាង​។

ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា លោក​ មាស សុវណ្ណ សាទរ​ចំពោះ​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​បាន​បង្ក្រាប​ជនល្មើស និង​ដកហូត​សារធាតុ​ញៀន​ធ្វើ​ជា​វត្ថុតាង និង​ដុត​កម្ទេចចោល​។ លោក​ក៏បាន​ជំរុញ​សមត្ថកិច្ច​អនុត្ត​ឱ្យ​ម៉ឺងម៉ាត់​ទៅលើ​ជនល្មើស​តាមផ្លូវ​ច្បាប់ និង​ស្រាវជ្រាវ​រក​មេឧក្រិដ្ឋជន​គ្រឿងញៀន ដែលជា​មុខសញ្ញា​ធំ​ដើមចម​នៃ​បញ្ហា​នេះ​។

លោក​និយាយថា​៖ «​សារធាតុញៀន​យើង​ចាប់បាន​ហើយ​ទុកជា​ភ័ស្តុតាង សំខាន់​គឺ​មនុស្ស​។ មានន័យថា មនុស្ស​ដែល​ចាប់បាន​នោះ​ចំ​ទិសដៅ​អត់​?​។ ម្នាក់​នោះ​ជា​ឧក្រិដ្ឋជន​គ្រឿងញៀន​មែនដែរ ឬ​អត់​? ​ព្រោះ​ចាប់​ភាគច្រើន​បានតែ​អ្នកបម្រើ​ឱ្យគេ ជា​ដៃជើង​គេ តែបើ​យើង​ចាប់បាន​អ្នក​នៅ​ពីក្រោយ​តែម្តង គឺជា​ [​រឿង​ល្អ​] ​កាន់តែខ្លាំង​»​។

កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃទី​ ១២ ខែធ្នូ ឆ្នាំ​ ២០២១ ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​ចំនួន​ ៤ រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង បាន​បង្ក្រាប​ករណី​គ្រឿង​ញៀនលក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​រឹបអូស​វត្ថុតាង​គ្រឿងញៀន​ប្រភេទ Ketamine បាន​ចំនួន​ជាង​ ២ ​តោន និង​សារធាតុគីមី​ផ្សំ​ជាង​ ៨៤ ​តោន ព្រមទាំង​អាវុធខ្លី​ K54 ១ ​ដើម ម៉ាស៊ីន​កែច្នៃ​ផលិត​គ្រឿងញៀន ខ្នាត​ធំ​ចំនួន​ ២០ ​គ្រឿង និង​មធ្យោបាយ​ដឹកជញ្ជូន​មួយចំនួនទៀត​។

របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឱ្យ​ដឹងថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទូទាំង​ប្រទេស សម្រាប់​ថ្ងៃទី​ ១៩ ខែធ្នូ ឆ្នាំ​ ២០២១ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ ២៥ ​ករណី ក្នុងនោះ​ករណី​ប្រើប្រាស់​ ១០ ​ករណី និង​ជួញដូរ​ ១៥ ​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ ៥១ ​នាក់​។

របាយការណ៍​ឱ្យដឹងថា លទ្ធផល​អនុវត្ត​ច្បាប់​ពីថ្ងៃ​ទី​ ១ ខែមករា ដល់​ថ្ងៃទី​ ១៩ ខែធ្នូ ឆ្នាំ​ ២០២១ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ចំនួន​ ៦ ០៣៣ ​ករណី ឃាត់​មនុស្ស ១៣ ២៧១ ​នាក់ (​ស្រី​ ៧៧៧ ​នាក់​)៕