The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រី​អប់រំ​កំណត់​ឱ្យ​បើក​ដំណើរការ​សាលា​មត្តេយ្យ​នៅ​ថ្ងៃទី​ ១០ ​មករា ឆ្នាំ​ ២០២២

រដ្ឋមន្ត្រី​អប់រំ​កំណត់​ឱ្យ​បើក​ដំណើរការ​សាលា​មត្តេយ្យ​នៅ​ថ្ងៃទី​ ១០ ​មករា ឆ្នាំ​ ២០២២

Content image - Phnom Penh Post
សកម្មភាព​បង្រៀន​សិស្ស​ថ្នាក់​មត្តេយ្យ​នៅ​ខេត្ត​កែប​កាលពី​ឆ្នាំមុន​។ ហុង មិនា

រដ្ឋមន្ត្រី​អប់រំ​កំណត់​ឱ្យ​បើក​ដំណើរការ​សាលា​មត្តេយ្យ​នៅ​ថ្ងៃទី​ ១០ ​មករា ឆ្នាំ​ ២០២២

ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន បាន​ណែនាំ​ដល់​មន្ទីរអប់រំ រាជធានី-ខេត្ត​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា​ព្រមទាំង​អ្នកផ្តល់​សេវា​អប់រំ​កុមារ​តូច​ទាំងអស់​ត្រូវ​ចាប់ផ្តើម​បើក​ដំណើរការ គ្រឹះស្ថាន​មត្ដេយ្យ​សិក្សា និង​សេវា​អប់រំ​កុមារ​តូច​ចាប់ពី​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២២ ​ជា​ផ្លូវការ​នៅ​ទូទាំង​ប្រទេស​ និង​បញ្ចប់​វិញ​នៅ​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២២​។

តាមរយៈ​សេចក្ដី​ណែនាំ​របស់​លោក ហង់ជួន ណារ៉ុន នៅ​ថ្ងៃទី​ ២០ ធ្នូ លើកឡើង​ថា ឆ្នាំ​សិក្សា​ថ្មី​ ២០២១-២០២២ ​នេះ ដំណើរការ​នៃ​ការអប់រំ​កុមារ​តូច​នៅតែ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ផ្នែក​ទាំង​ ៥ ​គឺ សុខភាព​រាងកាយ ភាសា បញ្ញា និង​ការគិត សង្គម​ និង​អារម្មណ៍ និង​ការអភិវឌ្ឍ​សីលធម៌ និង​វប្បធម៌​ដោយ​ផ្អែកលើ​មុខវិជ្ជា ចិត្ត​ចលភាព វិទ្យាសាស្ត្រ សិក្សាសង្គម បុរេគណិត​ និង​ភាសា​ខ្មែរ​។

លោក​បន្តថា ដើម្បី​សម្រេចបាន​លទ្ធផល​សិក្សា​របស់​កុមារ​ស្របតាម​គោលបំណង​នៃ​កម្មវិធីសិក្សា​លម្អិត​សម្រាប់​មត្តេយ្យ​សិក្សា​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​ចំណុច​ដៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​ ២០១៩-២០២៣ គោលដៅ​អភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០ គឺ «​ត្រឹម​ឆ្នាំ​ ២០៣០ ធានាថា កុមារី និង​កុមារា​ទាំងអស់​ទទួល​បាន​ការអប់រំ​កម្រិត​មត្តេយ្យ​សិក្សាការ​ថែរក្សា ការអភិវឌ្ឍ​កុមារ​តូច ប្រកប​ដោយ​គុណភាព​។ ដូច្នេះ​ពួកគេ​ត្រៀមខ្លួន​ជាស្រេច សម្រាប់​ការអប់រំ​កម្រិត​បឋមសិក្សា​»​។

ក្រសួង​អប់រំ​បាន​ណែនាំ​ដល់​គ្រប់​មន្ទីរអប់រំ​រាជធានី ខេត្ត ការិយាល័យ អប់រំ​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ រដ្ឋបាល​ឃុំ សង្កាត់ និង​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា​ព្រមទាំង​អ្នកផ្តល់​សេវា​អប់រំ​កុមារ​តូច​ទាំងអស់​នូវ​កិច្ចការ​សម្រាប់​អនុវត្ត​ឆ្នាំ​សិក្សា​ ២០២១-២០២២ នេះ​គឺ​ទី​ ១ ​ចំពោះ​ការប្រព្រឹត្តទៅ​នៃ​ឆ្នាំ​សិក្សា ឆ្នាំ​សិក្សា​ថ្មី​ ២០២១-២០២២ ​ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១០ ខែមករា ឆ្នាំ​ ២០២២ ​និង​បញ្ចប់​វិញ​នៅ​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២២​។

កាលបរិច្ឆេទ​នៃ​ការបើកប​វេសនកាល​ត្រូវបាន​កំណត់​យក​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២២ ជា​កាលបរិច្ឆេទ សម្រាប់​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ ២០២១-២០២២​។ ចំណែក​ការប្រព្រឹត្ត​ទៅ​នៃ​វិស្សមកាល​សម្រាប់​កាលបរិច្ឆេទ​វិស្សមកាល​តូច គឺ​ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី​ ១៩ ខែមេសា ឆ្នាំ​ ២០២២​។ កាលបរិច្ឆេទ​មហាវិស្សមកាល​ចាប់ពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២២​។

បើតាម​សេចក្ដី​ណែនាំ​ទាក់ទង​នឹង​ការរៀបចំ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​នេះ គណៈ​គ្រប់គ្រង​គ្រប់​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា​សាធារណៈ មត្តេយ្យ​សិក្សា​សហគមន៍ និង​អ្នកផ្តល់​សេវា​អប់រំ​កុមារ​តូច​ទាំងអស់ ត្រូវ​ពិនិត្យ​លទ្ធភាព​ក្នុង​ការរៀបចំ​ប្រារព្ធ​ពិធី​បើក​ជា​ទ្រង់ទ្រាយ​ធំ មធ្យម ឬ​តូច​តាម​ជាក់ស្ដែង ដោយ​កំណត់​ជ្រើសរើស​ទីតាំង​ប្រមូលផ្តុំ​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា​សាធារណៈ មត្តេយ្យ​សិក្សា​សហគមន៍ និង​ទីកន្លែង​ផ្តល់​សេវា​អប់រំ​កុមារ​តូច​ទាំងអស់ ក្នុង​រដ្ឋបាល​មូលដ្ឋាន​ឃុំ​សង្កាត់​នីមួយៗ សម្រាប់​រៀបចំ​ប្រារព្ធ​ពិធី​បើក​ជា​និមិត្តរូប​។

ការរៀបចំ​ប្រារព្ធ​ពិធី​គ្រប់​រូបភាព ត្រូវគោរព​តាម​ស្តង់ដា​អនាម័យ និង​រក្សា​នូវ​គម្លាត​សង្គម​ព្រមទាំង​គោរព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ (SOP)​។ ចំពោះ​ថ្នាក់​មត្តេយ្យ​សិក្សារដ្ឋ និង​មត្តេយ្យ​សិក្សា​សហគមន៍​ដែលមាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​ និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ណា​ត្រូវ​ចូលរួម​ពិធី​បើក​បវេសនកាល​ជាមួយ​គ្រឹះស្ថានសិក្សា​សាធារណៈ​នោះ​។

ក្រសួង​ណែនាំ​ចំពោះ​ការប្រព្រឹត្តទៅ​នៃ​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា និង​កន្លែង​ផ្តល់​សេវា​អប់រំ​កុមារ​តូច ដោយ​ក្នុងពេល​ប្រព្រឹត្តទៅ​នៃ​ដំណើរការ​ឆ្នាំ​សិក្សា គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា និង​អ្នកផ្តល់​សេវា​អប់រំ​កុមារ​តូច​គ្មាន​សិទ្ធិ​បិទ​គ្រឹះស្ថានសិក្សា​ និង​កន្លែង​ផ្តល់​សេវា​អប់រំ​កុមារ​តូច​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ​នោះ​ទេ ទោះបី​ក្នុង​ប្រការ​ណាក៏ដោយ​។

ប៉ុន្ដែ​ក្នុង​ករណី​ប្រធាន​សក្ដិ​ដូចជា ការឆ្លង​ជំងឺ​កូវីដ​ ១៩ ទឹកជំនន់ ខ្យល់ព្យុះ ជាដើម នាយក នាយិកា​សាលារៀន ត្រូវធ្វើ​របាយការណ៍​បន្ទាន់​ជូន​ក្រសួង​អប់រំ ដោយ​មាន​ការឯកភាព​ពី​ការិយាល័យ​អប់រំ​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ និង​មន្ទីរអប់រំ​រាជធានី ខេត្ត ដើម្បី​សុំ​ការអនុញ្ញាត​ផ្អាក​ដំណើរការ​សិក្សា​ជា​បណ្ដោះអាសន្ន តាម​សេចក្ដី​ណែនាំ​លេខ ២៧ ចុះ​ថ្ងៃទី​ ១៨ ខែកញ្ញា ឆ្នាំ​ ២០១២ ស្តីពី​ការអប់រំ​ក្នុង​កម្មវិធី​សង្គ្រោះ​បន្ទាន់​ដោយ​ផ្តោតលើ​ការរៀបចំ​ទីកន្លែង​ថ្នាក់​រៀនមាន​សុវត្ថិភាព​ក្នុង​ពេល​មាន​ទឹកជំនន់ និង​សេចក្តី​ណែនាំ​លេខ ៦០ ​ចុះ​ថ្ងៃទី​ ២១ ខែតុលា ឆ្នាំ​ ២០២១​។

លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរអប់រំ រាជធានី​ភ្នំពេញ​បានឱ្យ​ដឹងថា ការងារ​លើ​ការរៀបចំ​បើកប​វេនកាល គ្រឹះស្ថាន​មត្ដេយ្យ​សិក្សា​ និង​សេវា​អប់រំ​កុមារ​តូច​ចាប់ពី​ថ្ងៃទី​ ១០ ​ខែ​មករា ឆ្នាំ​ ២០២២ ខាងមុខ គឺ​មន្ទីរអប់រំ បានរៀបចំ​រួចរាល់​ហើយ ជាមួយ​ភាគី​ពាក់ព័ន្ធ ក្នុងការ​ត្រៀមខ្លួន​បើក​ដំណើរការ​ឡើង​វិញ​នេះ​។

លោក​បាន​ថ្លែងថា​៖ «​អ្វីដែល​យើង​បាន​ប្រជុំ​ណែនាំ​គឺ​យើង​បាន​អនុវត្ដ​តាម​គោល​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល​»​។

លោក គង់ សំនៀង អគ្គនាយករង​នៃ Westline Education Group បាន​ឱ្យ​ដឹងថា សាលារៀន​វេសឡាញ​បង្រៀន​សិស្ស​ចាប់ពី​ថ្នាក់​មត្ដេយ្យ​ដល់​ថ្នាក់​ទី​ ១២ ​ក្នុង​នោះ​មាន​ភ្នំពេញ​ចំនួន ១១ ​ទីតាំង និង​ខេត្ដ​បាត់ដំបង ១ ​ទីតាំង​។ ការសម្រេច​ឱ្យ​បើក​ដំណើការ​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា និង​សេវា​អប់រំ​កុមារ​តូច​នេះ គឺជា​ជម្រើស​ល្អ​បំផុត ដើម្បី​ធ្វើយ៉ាងណា​ផ្ដល់​ការអប់រំ ការសិក្សា​ដល់​សិស្ស ពិសេស​កុមារ​តូច​នេះ​។

លោក​ថ្លែងថា​៖ «​នៅក្នុង​សាលារៀន​គឺ​យើង​បន្ត​អនុវត្ដ​វិធាន​ប្រតិបត្តិ​ស្តង់ដា​ (SOP) ​របស់​ក្រសួង និង​ការត្រួតពិនិត្យ​មើល​កម្ដៅ​របស់​សិស្ស​។ រយៈកាល​កន្លងមកនេះ គឺ​យើង​មាន​បញ្ហា​ប្រឈម​ដែរ ទាក់ទង​នឹង​កូវីដ​ ១៩ ​នេះ ប៉ុន្ដែ​យើង​អាច​គ្រប់គ្រង​បាន​។ បើ​សិស្ស​មាន​បញ្ហា ឆ្លង​កូវីដ​ ១៩ គឺ​យើង​ផ្អាក​ថ្នាក់រៀន​នោះ​ ១-២ ​សប្ដាហ៍ ហើយ​ដក​សិស្ស​ ១ ​នាក់​នោះ​ឱ្យ​គាត់​ព្យាបាល​ទៅ​ហើយ​យើង​ដំណើការ​សាលារៀន​វិញ​ធម្មតា​»​។

លោក សំនៀង បាន​ឱ្យ​ដឹងថា ឪពុកម្ដាយ និង​អាណាព្យាបាល​សិស្ស គឺ​សាទរ​ចំពោះ​ការអនុញ្ញាត​ឱ្យ​បើក​ដំណើការ​សាលារៀន​ឡើងវិញ​នេះ ព្រោះ​អាច​ផ្ដល់​ការអប់រំ​ដល់​សិស្ស​បាន​ពេញលេញ កាត់បន្ថយ​បញ្ហា​ការរៀន​តាម​អនឡាញ​របស់​សិស្ស​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍