ភ្នំពេញៈ អំពើ​ប្លន់​កាលពី​ថ្ងៃទី​ ១៩ ខែធ្នូ ឆ្នាំ​ ២០២១ ​នៅផ្ទះ​អ្នកជំនួញ​លក់ឡេ​ម្នាក់​ស្ថិតនៅក្នុង​បុរី​មូនថោន​ក្នុងភូមិ​ចំបក់ សង្កាត់​ចោមចៅ​ទី​ ១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​ថា ជនរងគ្រោះ​បាន​បាត់បង់​ខ្សែក ពេជ្រ​ចំនួន​ ៣ ​ខ្សែ ចំណែកឯ​ប្រាក់​ដុល្លារ​មិន​បាត់បង់​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

ការបញ្ជាក់​របស់​មន្ត្រី​នគរបាល​ជំនាញ​នេះ គឺ​បន្ទាប់ពី​មាន​ការចុះផ្សាយ​ព្រោងព្រាត​ថា ក្រុមចោរ​បាន​សម្រុកចូល​ប្លន់​ផ្ទះ​អ្នកជំនួញ​លក់ឡេ​ម្នាក់ យក​អស់ប្រាក់​ជាង​ ៩ ​លាន​ដុល្លារ​។

លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​នៅ​ថ្ងៃទី​ ២០ ធ្នូ ឆ្នាំ​ ២០២១​ថា ករណី​ចោរប្លន់​ផ្ទះ​អ្នកស្រី អ៊ាន សៀវម៉ី ដែល​ស្ថិតនៅ​ភូមិ​ចំបក់ សង្កាត់​ចោមចៅ​ទី​ ១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​ ១៩ ធ្នូ នោះ គឺ​ជនរងគ្រោះ​គ្រាន់តែ​បាត់បង់​អស់​ខ្សែកពេជ្រ តែ​ ៣ ​ខ្សែ និង​គ្រឿងអលង្ការ​មួយចំនួនទៀត​ប៉ុណ្ណោះ​។ រីឯ​ប្រាក់​ដុល្លារ​ ឬ​ប្រាក់រៀល​មិនបាន​បាត់បង់​ក្នុង​ហេតុការណ៍​ប្លន់​នោះទេ​។

លោក​បញ្ជាក់ថា ទាក់ទង​នឹង​អំពើ​ប្លន់​នេះ​លោក​បានធ្វើការ​បកស្រាយ​បំភ្លឺ​កាលពី​ថ្ងៃទី​ ១៩ ធ្នូ ហើយ​តាមរយៈ​ផេច​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី-ភ្នំពេញ ក៏ដូចជា​តាម​បណ្តា​សារព័ត៌មាន​មួយចំនួន​ហើយ​ដែរ ទាក់ទង​នឹង​ការបាត់បង់​ទ្រព្យសម្បត្តិ​។ ចំពោះ​ការងារ​ជំនាញ​ទាក់ទង​នឹង​ករណីនេះ សមត្ថកិច្ច​ជំនាញ​កំពុងតែ​សហការគ្នា​យ៉ាង​ដិតដល់​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាមរក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​។

លោក​ថ្លែងថា​៖ «​ទាក់ទង​នឹង​ការបាត់​ទ្រព្យសម្បត្តិ បន្ទាប់ពី​យើង​ធ្វើការ​ស្រាវជ្រាវ​មក​បាន​បញ្ជាក់ថា មិនមាន​ការបាត់បង់​លុយ​ទេ ក្នុងករណី​ហ្នឹង​។ តែមាន​បាត់បង់​ខ្សែក​ពេជ្រ ចំនួន​ ៣ ​ខ្សែ ហើយ​ និង​គ្រឿង​អី​កំប៉ិកកំប៉ុក​មួយចំនួន​ទៀត​អីចឹង​ទៅ​»​។

លោក ជា សុវណ្ណ អធិការរង​ខណ្ឌ​ពោធិ៍សែនជ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ធ្នូ តាម​សម្តី​ជនរងគ្រោះ​ដែលជា​ម្ចាស់​ផ្ទះកើតហេតុ​ថា អំពើ​ប្លន់​ប្រដាប់​អាវុធ កាលពី​ថ្ងៃទី​ ១៩ ធ្នូ ឆ្នាំ ២០២១ ​គឺ​បាន​កើតឡើង​នៅវេលា​ប្រហែល​ជាង​ ១០ ​ព្រឹក​។ ក្រុម​ជនសង្ស័យ​បាន​ភ្ជង់​កាំភ្លើង​បណ្តើរ​ម្ចាស់ផ្ទះ ឱ្យទៅ​បើក​សោ​ទូដែក​ហើយ​ក្រុមចោរ​បាន​ប្រមូលយក​ខ្សែក​ពេជ្រ ចំនួន​ ៣ ​ខ្សែ និង​គ្រឿងអលង្ការ​មួយចំនួនទៀត​។

លោក​ប្រាប់ថា​៖ «​ម្ចាស់ផ្ទះ​គាត់​អត់​មាន​បាត់​លុយ​អី​ទេ ហើយ​រឿងនេះ សមត្ថកិច្ច​នគរបាល​ខណ្ឌ​របស់​យើង​កំពុង​សហការ​ជាមួយ​នគរបាល​ជំនាញ​បន្ត​ធ្វើ​ការងារ​នេះ​ទៀត​»​។

បើតាម​មន្ត្រីនគរបាល​ប៉ុស្តិ៍​សង្កាត់​ចោមចៅ​ទី​ ១ ដែលជា​មូលដ្ឋាន​ទីតាំង​កើតហេតុ ហើយ​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​នៅ​ថ្ងៃទី​ ២០ ធ្នូ ថា ករណីនេះ​គ្មាន​នរណា ឬ​សូម្បីតែ​ម្ចាស់ផ្ទះ ដែលជា​ជនរងគ្រោះ​ផ្ទាល់​ក៏​មិនអាច​កំណត់​ចំនួន​ជនសង្ស័យ​បាន​ច្បាស់​ដែរ ព្រោះ​ពេលនោះ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ភ័យ​ស្លន់ស្លោ​ព្រោះ​ជនសង្ស័យ​មាន​អាវុធ​។ ប៉ុន្តែ​បើតាម​សម្តី​ជនរងគ្រោះ​ថា ពួកចោរ​អាច​មាន​គ្នា​ពី​ ៤ ​ទៅ​ ៥ ​នាក់ «​ទាំង​គេ​ទាំង​យើង ពេល​ភ័យ​គ្មាន​គិត​អ្វី​ឃើញ​ទេ គាត់​អរ កុំ​ឱ្យ​តែ​ចោរ​បាញ់​សម្លាប់​ទៅជា​ការល្អ​ហើយ​»៕

វីដេអូ៖