ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ ហង់ជួន ណារ៉ុន បញ្ជាក់ថា សិស្ស​ថ្នាក់​ទី​ ១២ ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ ជាង​ ១១ ​ម៉ឺន​នាក់ គឺ​មិនមាន​សិស្ស​វិជ្ជមាន​កូវីដ​ ១៩ ​ទេ ហើយ​បើ​សិស្ស​មាន​កម្ដៅ​លើសពី ៣៧,៥ ​អង្សាសេ ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូវីដ​ ១៩ ​ពី​មន្ដ្រី​សុខាភិបាល ដែល​បញ្ជាក់ថា អវិជ្ជមាន​ទើប​អនុញ្ញាត​ឱ្យចូល​ប្រឡង​។

លោក​ ហង់ជួន ណារ៉ុន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរការ​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៧ ធ្នូ ២០២១ នៅ​ទីស្ដីការ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃទី​ ២០ ធ្នូ ថា ក្រសួង​បាន​រៀបចំ​ការប្រឡង​ឆ្នាំនេះ ដូច​រាល់ដង ទៅតាម​ស្ដង់ដា​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ ការរៀបចំ​បែបនេះ គឺ​ក្រសួង​មិន​ចង់ឱ្យមាន​ការរើសអើង​ថា ឆ្នាំនេះ​ការប្រឡង​ទាប​ជាង​ស្ដង់ដា​ដោយសារ​តែ​បញ្ហា​កូវីដ​ ១៩ ​នោះទេ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​យើង​ដឹង​ហើយ​ថា លទ្ធភាព​ដែលមាន​កូវីដ​ ១៩ ​នេះ គឺមាន​តិច​ណាស់ ដោយសារ​តែ​សិស្ស​ភាគច្រើន​តាម​របាយការណ៍​ដែល​យើង​បានទទួល​ប្រចាំថ្ងៃ​ពី​គណៈ​គ្រប់គ្រង​ពី​រាជធានី-ខេត្ដ​នីមួយៗ​។ ប្រសិនបើ​សិស្ស មាន​កូវីដ​ ១៩ គឺ​គាត់​នឹង​ទទួលបាន​នូវ​ការព្យាបាល ហើយ​មកទល់​ពេលនេះ​យើង​មិនទាន់​ទទួល​ព័ត៌មាន​ថា សិស្ស​ថ្នាក់​ទី​ ១២ មាន​កូវីដ​ ១៩ ​ទេ​»​។

លោក​បញ្ជាក់ថា បេក្ខជន​ទាំងអស់​ត្រូវ​មក​ទទួល​ការវាស់ស្ទង់​កម្ដៅ ពិនិត្យ​សុខភាព និង​ទទួល​ស្ទីកឃ័រ​កម្ដៅ​ធម្មតា នៅតាម​មណ្ឌល​សំណេរ​នីមួយៗ​នៅមុន​ថ្ងៃ​ប្រឡង​ ១ ​ថ្ងៃ​ (​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ​ ២០២១) និង​ត្រូវ​ពាក់​ម៉ាស់​ជាប់​ជាប្រចាំ​នៅក្នុង​មណ្ឌល​ប្រឡង​។ ចំពោះ​បេក្ខជន​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ​ ១៩ និង​ស្ថិតក្នុង​អំឡុងពេល​ចត្តាឡីស័ក​ត្រូវ​ធ្វើ​ស្វ័យ​ប្រកាស​យ៉ាងតិច​ ១ ​ថ្ងៃមុន​ដំណើរការ​សំណេរ​។

រីឯ​បេក្ខជន​ដែលមាន​កម្ដៅ​លើសពី ៣៧,៥ ​អង្សាសេ ឬ​មាន​រោគសញ្ញា​ផ្សេងៗ ដូចជា ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម ត្រូវធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩ នៅ​ទីតាំង​សុខាភិបាល​ដែល​កំណត់ដោយ​អាជ្ញាធរ​ដែនដី​រាជធានី-ខេត្ត និង​ត្រូវយក​លិខិតបញ្ជាក់​លទ្ធផល​អវិជ្ជមាន​កូវីដ​ ១៩ ពី​ភ្នាក់ងារ​សុខាភិបាល​មក​បង្ហាញ​នៅ​មណ្ឌល​ប្រឡង​វិញ ដើម្បី​ទទួល​ការអនុញ្ញាត​ឱ្យចូល​ប្រឡង​។

លោក​ ហង់ជួន ណារ៉ុន បញ្ជាក់ថា​ក្រសួង​បាន​ផ្ដល់ឱកាស​ចាប់តាំងពី​បិទសាលារៀន​មក​បាន​ជំរុញ​គ្រូ​ក្នុង​ការបង្រៀន​ដោយ​ផ្ដោតលើ​ការយកចិត្ដ​ទុកដាក់​ចំពោះ​សិស្ស​ថ្នាក់​ទី​ ៩ និង​ទី​ ១២ ហើយ​រៀបចំ​ជា​មេរៀន​សង្ខេប​ឱ្យ​សិស្ស​លើ​មុខវិជ្ជា​សំខាន់ៗ​សម្រាប់​ការប្រឡង​។

លោក​បន្តថា នៅពេលដែល​ក្រសួង​បើក​ដំណើរការ​សាលារៀន​ឡើងវិញ ក្រសួង​ក៏​តម្រូវឱ្យ​គណៈ​គ្រប់គ្រង​ធ្វើការ​វាយតម្លៃ​សមត្ថភាព​សិស្ស ហើយ​បង្រៀន​ផ្ដោតទៅលើ​ចំណុច​ណា​ដែល​សិស្ស​ខ្សោយ ដែល​សិស្ស​ទាមទារ​ត្រូវ​ពង្រឹង​ឡើងវិញ​។ ទាំងនេះ ក្រសួង​បានផ្ដល់​ឱកាស​ឱ្យ​សិស្ស​បាន​រៀន​គ្រប់គ្រាន់ ហើយ​គណៈ​គ្រប់គ្រង​ក៏ត្រូវ​វាយតម្លៃ​ជាប្រចាំ​នូវ​សមត្ថភាព​សិស្ស ក្នុង​ការវាស់​ស្ទង់​សមត្ថភាព​សិស្ស ដើម្បីឱ្យ​ការប្រឡង​នេះ​ដំណើរការ​ទៅបាន​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ក្រសួង​ត្រូវ​ធានាថា ការប្រឡង​នេះ គឺ​មិន​ខុសពី​រាល់ដង​ទេ គឺ​យើង​ចង់បាន​កុំឱ្យ​សិស្ស កុំឱ្យ​គាត់​មាន​ការរើសអើង​។ ដូច្នេះ​ខ្ញុំ​យល់ឃើញ​ថា ការរៀបចំ​ការប្រឡង​នេះ គឺ​រៀបចំ​យ៉ាងណា​កុំឱ្យ​ថា​សិស្ស​ទទួល​នូវ​ទោសទណ្ឌ​ផង យើង​ផ្ដល់ឱកាស​ឱ្យ​គាត់​បាន​រៀន​ឱ្យបាន​គ្រប់គ្រាន់​ផង ហើយក៏​ទទួលបាន​សញ្ញាបត្រ​មួយ​ដូច​គេ​ដូច​ឯង​ដែរ​»​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ កាលបរិច្ឆេទ​សំខាន់ៗ​នៃ​ការប្រឡង​ឆ្នាំនេះ រួមមាន សម្រាប់​ដំណើរការ​សំណេរ នឹង​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​ ២ ​ថ្ងៃ គឺ​ថ្ងៃទី​ ២៧-២៨ ខែធ្នូ ឆ្នាំ​ ២០២១​។ ដំណើរការ​កំណែ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ៣០-៣១ ខែធ្នូ ឆ្នាំ​ ២០២១ ដល់​ថ្ងៃទី​ ៥ ខែមករា ឆ្នាំ​ ២០២២​។ ចំណែក ដំណើរការ​ស្រង់បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី​ ១៦ ខែមករា ឆ្នាំ​ ២០២២​។

ក្នុង​ឆ្នាំ​សិក្សា​ ២០២០-២០២១ បេក្ខជន​បាន​ចុះឈ្មោះ​ប្រឡង​សរុប​ ១១៤ ១៨៣ ​នាក់ ស្រី​ ៦០ ៣៩៧ ​នាក់​។ បេក្ខជន​ត្រូវបាន​រៀបចំ​ចំនួន​ ២៥ ​នាក់ ក្នុង​ ១ ​បន្ទប់ លើកលែងតែ​បន្ទប់​ចុងក្រោយ និង​បន្ទប់ ដែលមាន​បេក្ខជន​មកពី​វិទ្យាល័យ​អប់រំ​ពិសេស​។ ចំណែក​មណ្ឌល​សំណេរ​មាន​ចំនួន​សរុប ២០៤ ​មណ្ឌល ត្រូវជា​ ៤ ៦១៦​ បន្ទប់​។ មណ្ឌល​កំណែ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មាន​ចំនួន​ ១០ ​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ​។

ក្រសួង​កំណត់​យក​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​​ ២០២២ ពេល​រសៀល សម្រាប់​ប្រកាស​លទ្ធផល​ប្រឡង​នៅ​រាជធានី-ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២២ សម្រាប់​ខេត្ត​ផ្សេងៗ​។

ក្រសួង​បញ្ជាក់ថា គណៈមេប្រយោគ និង​គណៈកម្មការ​នានា​ដែល​ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​មាន​ចំនួន​ ៣១ ៤៣២ ​នាក់​។ ក្រសួង​បាន​ពង្រឹង​កិច្ចសហការ​យ៉ាង​ស្អិតល្មួត​ជាមួយ​ក្រសួង-ស្ថាប័ន​ចំនួន​ ៧ រួមមាន ក្រសួងមហាផ្ទៃ ក្រសួង​សុខាភិបាល កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស អង្គភាព​ប្រឆាំង​អំពើពុករលួយ សហព័ន្ធ​សហភាព​យុវជន​កម្ពុជា អគ្គិសនី​កម្ពុជា និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​។

ក្រសួង​នឹង​រៀបចំ​ការបិទបញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​នៅតាម​រាជធានី-ខេត្ត ២ ​ដង គឺ​លើក​ទី​ ១ នៅ​ថ្ងៃទី​ ២០ ខែធ្នូ​ដើម្បីឱ្យ​បេក្ខជន​បាន​ពិនិត្យ​ និង​រកមើល​មណ្ឌល​ប្រឡង ត្រូវ​នឹង​អក្ខរក្រម​នៃ​ឈ្មោះ​របស់ខ្លួន​។ លើក​ទី​ ២ នៅ​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ​ ២០២១ ដើម្បី​ពិនិត្យមើល​ និង​បញ្ជាក់​ម្ដងទៀត​អំពី​មណ្ឌល​ប្រឡង​លេខ​បន្ទប់ និង​លេខ​តុ ព្រមទាំង​វាស់កម្ដៅ​សីតុណ្ហភាព​របស់​បេក្ខជន​។

ក្រសួង​អប់រំ​បាន​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់ ត្រូវគោរព​បទប្បញ្ញត្តិ​នៃ​ការប្រឡង​ឱ្យបាន​ល្អប្រសើរ ជាពិសេស​មិនត្រូវ​លាក់ទុក​ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ចូលក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជាដាច់ខាត​។ ក្នុងករណី​រកឃើញថា បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទប្បញ្ញត្តិ និង​កម្រិត​វិន័យ បេក្ខជន​នឹងត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​៕

វីដេអូ៖