ព្រះសីហនុៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​ ២០ ធ្នូ កំពុង​សាកសួរ​បុរស-ស្ត្រី​ជនជាតិ​ចិន-វៀតណាម ២ ​នាក់ ពាក់ព័ន្ធ​នឹង​ការបាញ់សម្លាប់​បុរស​ជនជាតិ​ចិន​ម្នាក់ នៅ​ថ្ងៃទី​ ៤ ធ្នូ ឆ្នាំ​ ២០២១ នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង-ខេត្ត​ព្រះសីហនុ ក្រោយពី​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១៩ ធ្នូ នៅ​បុរី​ប៉េងហួត​បឹងស្នោ ភូមិ​បឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

លោក​ ណុប បញ្ញា ស្នងការរង​ទទួល​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ប្រាប់​នៅ​រសៀល​ថ្ងៃទី​ ២០ ខែធ្នូ ថា បុរស​ជនជាតិ​ចិន ដែល​ត្រូវបាន​ចាប់ខ្លួន​ឈ្មោះ LI HONGBO ហៅ ប៉ូប៉ូ និង​ឈ្មោះ មី ពៅ ភេទ​ស្រី ជា​ជនជាតិ​វៀតណាម​។ ចំណែក​ជនរងគ្រោះ ឈ្មោះ JIKE MUNAI ភេទ​ប្រុស ជនជាតិ​ចិន​ដូចគ្នា​។ ក្រុម​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​នគរបាល ខេត្ត​ព្រះសីហនុ​ស្រាវជ្រាវ​ចាប់បាន​នៅ​បុរី​ប៉េងហួត​បឹងស្នោ ភូមិ​បឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ១៩ ធ្នូ​។

លោក​បញ្ជាក់ថា​៖ «​នៅថ្ងៃនេះ​ (​ថ្ងៃទី​ ២០ ធ្នូ​) ​មន្ត្រី​ជំនាញ​កំពុង​អនុវត្ត​នីតិវិធី​ស៊ើបសួរ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​ ២ ​នាក់​នេះ​។ ចំពោះ​មូលហេតុ​នៃ​ការបាញ់​សម្លាប់​ជនរងគ្រោះ គឺ​យើង​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​»​។

បើតាម​កំណត់ហេតុ​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ ដែល​បាន​ចុះផ្សាយ​ក្នុង​ផេក​នៃ​គេហទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃទី​ ២០ ធ្នូ ឆ្នាំ​ ២០២១ បាន​បង្ហាញថា អំពើ​ឃាតកម្ម​បាញ់សម្លាប់​បុរស​ជនជាតិ​ចិន​ម្នាក់​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១ និង​ ៣០ ​នាទី​រសៀល​ថ្ងៃទី​ ៤ ធ្នូ ឆ្នាំ ២០២១ នៅ​ចំណុច​ផ្ទះល្វែង​មួយ​ក្នុង​បុរី BLUE SKY ផ្ទះ​លេខ A252 ជាន់​ផ្ទាល់​ដី ស្ថិត​ក្នុង​ក្រុម​ទី​ ២២ ភូមិ​ ៥ សង្កាត់​លេខ ៤ ក្រុង-ខេត្ត ព្រះសីហនុ​។

កំណត់ហេតុ​ដដែល​បាន​បន្តថា ភ្លាមៗ​ក្នុង​ថ្ងៃទី​ ៤ ខែធ្នូ ដដែល​នោះ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រួចមក កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក​ ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ចុះទៅ​ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ​។ នៅក្នុង​ផ្ទះកើតហេតុ​នោះ សមត្ថកិច្ច​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ និង​នគរបាល​ជំនាញ​ខេត្ត​ព្រះសីហនុ​បាន​រកឃើញ​សាកសព​បុរស​ជនជាតិ​ចិន​ម្នាក់​ដេកស្លាប់​នៅក្បែរ​សាឡុង​ពូក​មួយ​។ ជនរងគ្រោះ​ត្រូវបាន​ក្រុម​ជនសង្ស័យ​បាញ់​ត្រូវ​ចុងភ្លៅ​ធ្លាយ​ទាំងសងខាង និង​មាន​សម្បក​គ្រាប់ ចំនួន​ ៣ ​គ្រាប់​បន្សល់ទុក​នៅក្បែរ​សាកសព​។

កំណត់ហេតុ​បាន​បញ្ជាក់ថា ក្រោយពី​ពិនិត្យ និង​មាន​ការស៊ើបអង្កេត​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​នៅ​កន្លែងកើតហេតុ កម្លាំង​សមត្ថកិច្ច​បានកំណត់​អត្តសញ្ញាណ​ថា ជនរងគ្រោះ​ស្លាប់​មានឈ្មោះ JIKE MUNAI មិនមែន​ជា​អ្នក​ជួល​ផ្ទះកើតហេតុ​នោះទេ​។ ប៉ុន្តែ​អ្នក​ដែល​ជួល​ផ្ទះកើតហេតុ​ពិតប្រាកដ មាន ឈ្មោះ មី ពៅ ភេទ​ ស្រី ជា​ជនជាតិ​វៀតណាម​មានស្រុក​កំណើត​នៅ​សង្កាត់​ឡាបានសៀក ក្រុង​បានលុង ខេត្តរតនគិរី និង​មាន​មិត្ត​ប្រុស​ម្នាក់​ជា​ជន​ជាតិចិន​។ បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​កំណត់​អត្តសញ្ញាណ​ពួកគេ​បាន​ហើយ ក៏​ស្រាវជ្រាវ​រហូត​តាម​ចាប់​ពួកគេ​បាន​នៅ​ថ្ងៃទី​ ១៩ ធ្នូ​៕