កំពង់ធំៈ នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ​ខេត្ត​កំពង់ធំ ​កសាង​សំណុំរឿង​បញ្ជូន​អតីត​សង្ឃ​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី ២១ ​ធ្នូ ​បន្ទាប់ពី​ធម្មការ​ខេត្ត​កំពង់ធំ​ ចាប់​ផ្សឹក​បាន​ ១ ថ្ងៃ ​ពាក់ព័ន្ធ​នឹង​ការរួមភេទ​ជាមួយ​ក្មេងស្រី​ម្នាក់​អាយុ​ ១៤ ឆ្នាំ នៅ​ឃុំសាលា​វិស័យ ស្រុកប្រាសាទ​បល័ង្ក ​កាលពី​ថ្ងៃ​ទី ១៩ ​ធ្នូ។

លោកស្រី​ កង កូយ ​ស្នងការរង​ទទួល​ផែន​ ការងារ​នគរបាល​ប្រឆាំង​ការេ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន ​ខេត្ត​កំពង់ធំ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃ​ទី ២១ ​ធ្នូថា ​ជនសង្ស័យ​ឈ្មោះ​លី ទ្រី ​អាយុ​ ៤៤ ឆ្នាំ។ រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ ម.ស. ​អាយុ​១៤ឆ្នាំ ​រស់នៅ​ក្នុង​ឃុំ​សាលា​វិស័យ ​ស្រុក​ប្រាសាទ​បល័ង្ក ​ខេត្ត​កំពង់​ធំ។

លោកស្រី​ថ្លែងថា​៖«ករណីនេះ ​សមត្ថកិច្ច​ជំនាញ​របស់ខ្ញុំ​បានបញ្ចប់​ការសួរចម្លើយ​ជនសង្ស័យ​ហើយ។ ខ្ញុំ​ទទួលបាន​គោល​ការណ៍​ពី​លោក​ឧត្តម​សេនីយ៍​ទោ​ស្នងការ​ខេត្ត​ ឱ្យ​បញ្ជូន​ជនសង្ស័យ ​ទៅ​សាលាដំបូង​ខេត្ត​កំពង់ធំ ​នៅ​រសៀល​ថ្ងៃនេះ​(ថ្ងៃ​ទី២១​ ធ្នូ ​ឆ្នាំ២០២១)»។

លោកស្រី​បញ្ជាក់ថា ​ក្មេងស្រី​រងគ្រោះ​មានផ្ទះ​នៅក្បែរ​វត្ត សុវណ្ណ​គិរី​សេរី​រតនា​រាម ​ហៅ​វត្ត​ខ្វាន់​ទៀង ​ហើយ​ជនសង្ស័យ​កាល​ពី​នៅ​ជា​ព្រះសង្ឃ​បាន​គង់នៅ​ក្នុង​វត្ត​នេះ​ដែរ។ ពេល​ដែល​ជនសង្ស័យ​នៅ​ជា​ព្រះសង្ឃ​បាន​មាន​ទំនាក់​ទំនង​ស្គាល់​គ្នា​ជាមួយ​ក្មេងស្រី​រង​គ្រោះ។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ទី១៩ ​ធ្នូ ​ឆ្នាំ២០២១ ​នៅ​វេលា​ម៉ោង​ប្រហែល​ជាង​៧យប់​ ជន​សង្ស័យ​បាន​នាំ​ក្មេង​រង​គ្រោះ​ទៅ​ព្រៃ​ ដែល​មាន​ចម្ងាយ​ពី​វត្ត​ ប្រមាណ​ជា​កន្លះ​គីឡូម៉ែត្រ​ ធ្វើឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ ​របស់​ក្មេង​ នាំគ្នា​ដើ​រក​ តែ​រក​មិន​ឃើញ។

លោកស្រី​បន្តថា​ លុះ​នៅវេលា​ម៉ោងជាង​៨យប់​ថ្ងៃ​ទី១៩ ​ធ្នូ ​ដដែល ​ទើប​ក្មេងស្រី​រងគ្រោះ​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ។ ពេលនោះ​ម្តាយ​នាង​ជជីក​សួរ ​ហើយ​ក្មេង​រងគ្រោះ​ប្រាប់​ម្តាយ​ថា​ នាង​ត្រូវបាន​លោកសង្ឃ​ឈ្មោះ​លី ទ្រី ​នាំទៅ​ក្នុងព្រៃ​ក្រោយ​វត្ត​ ហើយ​បាន​ចាប់​នាង​រំលោភ។ ភ្លាមៗ​នោះ​ម្តាយ​ឪពុក​របស់​ក្មេង​រងគ្រោះ​បាន​ទៅប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល ​ឃុំ​សាលា​វិស័យ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី២០ ​ធ្នូ ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​ជនសង្ស័យ​នៅក្នុង​វត្ត​តែ​ម្តង។

បើ​តាម​លោកស្រី​ស្នងការរង​ថា​៖«ជនសង្ស័យ​បាន​សារភាពថា ​គាត់​ពិតជា​បាន​ប្រព្រឹត្ត​លើ​ក្មេងស្រី​រងគ្រោះ​មែន​ តែ​ថា​ជាការ​ព្រមព្រៀង​គ្នា​ទេ។ ករណី​នេះ​មាន​ខាង​មន្ទីរ​ធម្មការ​ខេត្ត​កំពង់ធំ ​និង​ព្រះ​មេគណ​ស្រុក​ប្រាសាទ​បល័ង្ក ​ខេត្ត​កំពង់ធំ​ ជា​អ្នក​ផ្សឹក​លោក​ផ្ទាល់»៕