កណ្ដាលៈ តុលាការខេត្ត​កណ្ដាល​នៅ​ល្ងាច​ថ្ងៃទី ​២១ ខែ ធ្នូ ឆ្នាំ ​២០២១ បានសម្រេច​ចោទប្រកាន់អ្នកបើកបរ​រថយន្ត និងអ្នករួមដំណើរ​ម្នាក់ទៀត ពីបទ ​«​អំពើ​ឃាតកម្ម​» បន្ទាប់ពី​ពួកគេ​បាន​បើក​រថយន្តបុក​រះ​ម៉ូតូ​ ៤ ​គ្រឿង លើ​កំណាត់​ផ្លូវ​លេខ ​១១០ ក្នុងភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​កាលពី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃ​ថ្ងៃទី ​១៩ ខែ ធ្នូ ឆ្នាំ ​២០២១ ដែល​យ៉ាងហោចណាស់​មាន​ជនរងគ្រោះ​ ៦ ​នាក់​ស្លាប់ និង ២ ​នាក់​ទៀត​រងរបួស​ធ្ងន់​។​

លោក ជួន សុ​បញ្ញា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្រោយពី​ធ្វើការ​សាកសួរ​អស់​រយៈពេល​ជាច្រើន​ម៉ោង នា​រសៀល​ថ្ងៃទី​ ២១ ខែធ្នូ​នេះ តំណាង​អយ្យការ​អម​សាលាដំបូង បានសម្រេច​ចោទប្រកាន់ ជនសង្ស័យ​ឈ្មោះ លី ចំណាន អាយុ​ ៣១ ​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត មា​នទី​នៅក្នុង​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ ណ​ម ប៊ុន​ថា​ន់ អាយុ​ ២២ ​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ពីបទ «​អំពើ​ឃាតកម្ម​»​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេលនេះ សំណុំរឿង​ជនសង្ស័យ​ទាំង ​២ បាន​បញ្ជូនទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ បន្ត​នីតិវិធី ប៉ុន្តែ​ការសម្រេច​ឃុំខ្លួន​ឬ​យ៉ាងណា​នោះ ខ្ញុំ​នៅ​មិនទាន់​បានដឹង​នៅឡើយ​ទេ​»​។​

ជុំវិញ​ករណីនេះ លោក សូ សារិន ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​ខេត្តកណ្ដាល មិនអាច​ទាក់ទង​ស្នើសុំ អធិប្បាយ​បានទេ​។​

ប៉ុន្តែ លោក ព្រំ សំណាង អធិការ​ស្រុក​កៀនស្វាយ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា តុលាការ​បានសម្រេច ឲ្យ​នាំ​ជនសង្ស័យ​ទាំង ​២ យកទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្ដាល ​ហើយ​នៅ​ល្ងាច​ថ្ងៃទី ​២១ ខែធ្នូ​នេះ ដោយ​ចោទប្រកាន់​ពីបទ ​«​អំពើ​ឃាតកម្ម តាម​មាត្រ ​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​»​។​ យោងតាម​បទ​ចោទ​និង​មាត្រា​ខាងលើនេះ ជនសង្ស័យ​ទាំង ​២ នឹង​ប្រឈម​ការផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី​ ១០ ​ឆ្នាំ ទៅ​ ១៥ ​ឆ្នាំ​។​

បើតាម​លោក សំណាង នៅក្នុង​ដំណាក់កាល​ស៊ើបសួរ​ដោយ​មន្ត្រីនគរបាល​ជំនាញ ជនសង្ស័យ​ទាំង ​២ សារភាពថា មុនពេល​កើតហេតុ គ្រោះថ្នាក់​ចរាចរណ៍ ពួកគេ​ត្រូវបាន​ក្រុម​ជនរងគ្រោះ ព្រួត​គ្នា​កាប់​ប្រហារ ដោយ​កាំបិត​និង​ដាវ​កែច្នៃ នៅក្នុង​ពិធីជប់លាង​មួយ​បណ្ដាល​ឲ្យ​រងរបួស​ដៃ​ស្រាល​។ ក្រោយ​ត្រូវរបួស​ពួកគេ​ទាំង ​២ បាននាំគ្នា​រត់ឡើង​ជិះ​រថយន្ត​ទៅ​ព្យាបាល​របួស​។ បន្ទាប់ពី​ត្រឡប់​មកពី​ព្យាបាល​របួស​វិញ ពួកគេ​ក៏​ជួប​ក្រុម​ជនរងគ្រោះ​ទាំងនោះ ជិះ​ម៉ូតូ​ប្រជែង​គ្នា​ពេញ​ផ្លូវ ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​។ ដោយសារតែ​យប់​ជ្រៅ​ស្ងាត់ ពួកគេ​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​បុក​ជនរងគ្រោះ​ទាំងនោះ​តែម្ដងទៅ​។

លោក ​សំណាង បាន​បញ្ជាក់ថា​៖ «​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​យើង​បាន​រកឃើញ​វត្ថុតាង ដាវ​កែច្នៃ​ចំនួន​ ៣​ ដើម និង កាំបិត​មួយ​ដើម ដែលជា​របស់​ក្រុម​ជនរងគ្រោះ​។ ករណីនេះ សមត្ថកិច្ច​យើង​នឹង​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត​»៕

វីដេអូ៖